ភ្នំពេញ: សមកិច្ចបានឃាត់រថយន្ដម៉ាក TUNDRA ពណ៌ស ពាក់ស្លាក់លេខ 2AP-0198 ដែលសង្ស័យបើកដេញបុកម៉ូតូប្អូនប្រុស តារាកំប្លែងនាយ ពេក មី បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរនោះ ត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកែវ ឃាត់បានហើយ នៅល្ងាចថ្ងៃទី២០ ឧសភា ២០១៨ ខណៈដែលជនសង្ស័យជាមន្ដ្រីនគរបាលចរាចរណ៍ បានរត់គេចខ្លួនបាត់ ។
រថយន្ដដែលកម្លាំងនគរបាលឃាត់បាននៅល្ងាចថ្ងៃទី២០ ខែឧសភា នៅឯគេហដ្ឋានរបស់ជនសង្ស័យ ក្នុងបុរីវិមានភ្នំពេញ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ តែម្ចាស់រថយន្ដរត់គេចខ្លួនបាត់ទៅហើយ ។
ជនល្មើសដែលបើករថយន្ដនោះមានឈ្មោះ វ៉ាល់ សុវណ្ណមករា ហៅគី អាយុ៣២ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរលក់ដូរ ស្នាក់នៅបុរីវិមានភ្នំពេញ សង្កាត់ច្រាំងចំរេះ១ ខណ្ឌរស្សីកែវ ។ គេគឺជាមន្ដ្រីនគរបាលចរាចរណ៍ ខណ្ឌឫស្សីកែវ ហើយបានផ្លាស់ទៅបម្រើការងារនៅការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប៉ុន្ដែពេលនេះកម្លាំងនគរបាលជំនាញកំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីតាមរកចាប់ខ្លួន ផងដែរ ។
រីឯជនរងគ្រោះឈ្មោះ សាលីម ហ្វាវីត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរនៅផ្ទះ ។
សូមបញ្ជាក់ថា តារាកំប្លែងនាយ ពែក មី ស្នើឲ្យសមត្ថកិច្ចខណ្ឌឫស្សីកែវ និងថ្នាក់ដឹកនាំជួយអន្តរាគមន៍រកយុត្តិធម៌ ក្រោយរថយន្ដមួយគ្រឿង បើកដេញបុកប្អូនប្រុសរបស់លោក បើករថយន្ដគេចខ្លួនបាត់ស្រមោល តាំងពីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ រយៈពេល៩ថ្ងៃ កន្លងមក នូវពុំទាន់រកឃើញជនបង្ក និងគ្មានដំណោះស្រាយសោះ ៕