អាឡឺម៉ង់បន្តបំប៉នសម្ថភាពការងារអភិរក្សថ្មដល់មន្រ្តីជំនាញអាជ្ញាធរជាតិអប្សរា

0
13268

ប្រទេសអាឡឺម៉ង់តាមរយៈស្ថាប័នGIZ បានបន្តជួយបណ្តុះបណ្តាលមន្ត្រីជំនាញរបស់អាជ្ញាធរជាតិអប្សរាលើការងារអភិរក្សថ្មថែមទៀតក្នុងឆ្នាំនេះ។ វគ្គបណ្តុះបណ្តាលថ្មី ដែលទើបបើកកម្មវិធីនៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ គឺវគ្គបណ្តុះបណ្តាល ស្តីអំពី Laboratory and Science in Applied Conservation។

វគ្គនេះ រៀបចំឡើងដោយអញ្ជើញមន្ត្រីជំនាញ១១រូប ដែលធ្លាប់ទទួលបានការបណ្តុះបណ្តាលជាច្រើនឆ្នាំមកហើយ ដើម្បីបំប៉នការយល់ដឹងថែមទៀត កាន់តែស៊ីជម្រៅអំពីរចនាសម្ពន្ធថ្ម ការតាមដានពីបម្រែបម្រួលរបស់ថ្ម របៀបប្រើប្រាស់ថ្ម របៀបប្រើប្រាស់ថ្នាំ និងសម្ភារៈផ្សេងៗទៅតាមបទដ្ឋានការអភិរក្ស និងការសិក្សារូបវន្តរបស់ថ្មតាមបែបពិសោធន៍វិទ្យាសាស្រ្ត ដោយមានការអនុវត្តទ្រឹស្តីនៅក្នុងមន្ទីរពិសោធន៍ផ្ទាល់តែម្តង។

អ្នកស្រីបណ្ឌិត Grifi Federica ដែលជាគ្រូឧទ្ទេសនៃវគ្គបណ្តុះបណ្តាលនះ លើកឡើងថាប្រធានបទសំខាន់នៃវគ្គបណ្តុះបណ្តាលនេះគឺនៅត្រង់ថា “វាមានគម្លាតគ្នារវាងទ្រឹស្តីវិទ្យាសាស្ត្រ និងការអនុវត្តជាក់ស្តែងលើការងារអភិរក្សថ្ម។ ខ្ញុំចង់ឱ្យអ្នកអភិរក្សយើងបំពេញនូវគម្លាតនេះ ដោយផ្សារភ្ជាប់នូវទ្រឹស្តីវិទ្យាសាស្ត្រជាមួយនឹងការអនុវត្តជាក់ស្តែង។ យើងនឹងបកស្រាយទ្រឹស្តីវិភាគបែបវិទ្យាសាស្ត្រចូលទៅក្នុងការងារជាក់ស្តែងនៅការដ្ឋាន។ ម្យ៉ាងទៀត យើងឃើញថា ទ្រឹស្តីភាគច្រើនមានលក្ខណៈជាវិទ្យាសាស្ត្រ ដែលធ្វើឱ្យអ្នកអភិរក្សពិបាកយល់។ ខ្ញុំនឹងយកទ្រឹស្តីនេះមកបកស្រាយដោយភាសាសាមញ្ញសម្រាប់ក្រុមអ្នកអភិរក្សយើងងាយយល់ ងាយស្តាប់បាន”។

ឯកឧត្តម ហង់ ពៅ អគ្គនាយករងនិងជាតំណាងឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរាមានប្រសាសន៍ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលថា នេះមិនមែនជាលើកទីមួយទេដែល GIZ បានបើកវគ្គបណ្តុះបណ្តាលដល់អ្នកជំនាញខ្មែរ ប៉ុន្តែក្នុងករណីនេះមានរយៈពេលវែង និងសិក្សានៅមន្ទីរពិសោធន៍ផ្ទាល់ ដោយវិភាគលម្អិតលើសមាសធាតុថ្មតាមបែបវិទ្យាសាស្រ្ត។ ឯកឧត្តមបន្ថែមថា នេះជាវគ្គបណ្តុះបណ្តាលកម្រិតខ្ពស់មួយ ដែលអ្នកចូលរួមភាគច្រើនគឺសុទ្ធតែធ្លាប់ឆ្លងកាត់វគ្គបណ្តុះបណ្តាល និងមានជំនាញក្នុងការដ្ឋានស្រាប់ហើយ។ តែវគ្គនេះ នឹងជួយលម្អិតដល់ពួកគាត់រវាងទ្រឹស្តីវិទ្យាសាស្ត្រនិងការដែលគាត់អនុវត្តជាក់ស្តែងនៅការដ្ឋាន។

គួររំឭកផងដែរថាតាំងពីឆ្នាំ២០០៦ ស្ថាប័ន GIZ បានសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរាលើការបណ្តុះបណ្តាលអ្នកជំនាញលើការជួសជុលថ្ម។ នៅឆ្នាំ២០០៧ អាជ្ញាធរជាតិអប្សរាក៏បានបង្កើតអង្គភាពអភិរក្សថ្មឡើង (Stone Conservation Unit – SCU) ដើម្បីជួសជុលថ្មនៅតាមប្រាសាទ និងរចនាសម្ពន្ធផ្សេងៗ។ បច្ចុប្បន្នក្រុមការងារនេះបានទទួលបន្ទុកជួសជុលចម្លាក់ប្រាសាទ និងព្យាបាលថ្មនៅតាមប្រាសាទមួយចំនួនដូចជា ចម្លាក់តោនៅប្រាសាទក្រវ៉ាន់ ចម្លាក់តោនិងពុទ្ធបដិមានៅប្រាសាទប្រែរូប និងចម្លាក់មួយចំនួនទៀតនៅប្រាសាទបន្ទាយសំរ៉ែជាដើម៕

Facebook Comments
Loading...