វង្ស ណយ ដឹកដៃធឿន ធី ឡើងសាកកណ្តាប់ដៃនិងកីឡាករថៃ

0
1690

ភ្នំពេញ ៖ កីឡាករវង្ស ណយ អ្នកប្រដាល់នៃក្លិបកុលបុត្រគុនខ្មែរ ខណ្ឌទួលគោក ដឹកដៃកីឡាករធឿន ធី អ្នកប្រដាល់របស់ក្លិបអង្គរមានជ័យខេត្តសៀមរាប ជួបជាមួយកីឡាករថៃណាំខៈបួន តូងប្រាសាទហ៊ីម និងកីឡាករថៃណាក់ប៊ិនឡេក ប៉.យុទ្ធភូមិ ដើម្បីសាកកណ្តាប់ដៃគ្នាក្នុងការប្រកួតលក្ខណៈមិត្តភាព​អន្តរជាតិ នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅរ៍ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។

កីឡាករវង្ស ណយ ត្រូវជួបជាមួយកីឡាករណាំខៈបួន តូងប្រាសាទហ៊ីម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាដែរកន្លងមកនៅសង្វៀននេះ កីឡាករថៃម្នាក់នេះមានវិជ្ជាគុនរបស់គេខ្លាំងមិនធម្មតាឡើយ ហើយស្នៀតខ្លាំងរបស់គេជើងទាត់ទាត់កាត់ និងជង្គង់ ដែលអាចវាយប្រយោលក៍បានចូលកៀកក៍បាន ហើយមានកម្លាំងស៊ុហ្វខ្លាំងទៀតផង។

ចំណែកកីឡាករវង្ស ណយ ជាកីឡាករមានប្រជាប្រីយ៍ភាពជាងគេក្នុងការប្រកួតជាមួយកីឡាករបរទេស នា​ឆ្នាំ២០១៥កន្លងមក ​កី​ឡាករបរទេសដែលមកជួបគេម្តងៗកម្រឆ្លងផុតទឹកទី៥ណាស់ ព្រោះ​ស្នៀតខ្លាំងរបស់គេគឺកែងនិងកណ្តាប់ដៃដែលអាចវាយប្រយោលក៍បានចូលគៀកក៍បាន តែ​ភាពខ្លាំងរបស់គេនេះមិនបានយូប៉ុន្មានឡើយ តាំងពីពាក់កណ្តាលឆ្នាំ២០១៦​រហូតមកដល់​បច្ចប្បន្ននេះគឺគេប្រកួតអន់​ ភាគច្រើនចាញ់កីឡាករបរទេស ហើ​យ​ការប្រកួតទៀតសោធន៍មិនបានពេញ៥ទឹកនោះទេ ដោយសារតែកម្លាំងស៊ុហ្វចុះខ្សោយ ហើយអន់ផ្នែកក្បាលពោះ ដៃគូវាយចូលតែមួយដៃពីរគឺចុកមិនអាចតតាំងបានទៀតឡើយ​។ ចាំមើលរវាងវង្ស ណយ និងកីឡាករថៃណាំខៈបួន តូងប្រាសាទហ៊ីម នរណាជាអ្នកឈ្នះ?។

ដោយឡែកកីឡាករធឿន ធី ត្រូវជួបជាមួយកីឡាករថៃណាក់ប៊ិនឡេក ប៉.យុទ្ធភូមិ ក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក ព្រោះធឿន ធី ជាកីឡាករជើងថ្មីទើបនិងឡើងកូដ ស្នៀតខ្លាំងរបស់គេគឺកណ្តាប់ដៃ និងកែង ដែលអាចវាយចេញរហ័សហើយចំគោលដៅ កីឡាករជើងថ្មី និងជើងចាស់ជាច្រើននាក់ដែលគេបានយកឈ្នះ ហើយបានឡើងមកប្រកួតលក្ខណៈមិត្តភាពអន្តរជាតិបែបនេះ។

ការប្រកួតនេះត្រូវបានអ្នកតាមដានប្រដាល់លើកឡើងថា រវាងកីឡាករធឿន ធី និងកីឡាករថៃណាក់ប៊ិនឡេក ប៉.យុទ្ធភូមិ ការឈ្នះចាញ់មានត្រឹមហាសិបភាគរយម្នាក់ប៉ុណ្ណោះ ព្រោះពួកគេមិនដែលជួបគ្នា ណាមួយកីឡាករកម្ពុជា ជាកីឡាករជើងថ្មីកម្លាំងស៊ុហ្វក៍នៅមិនទាន់ពេញដូចអ្នកប្រដាល់ដែលមានបទពិសោធន៍ជោគជាំនិងសង្វៀនដែរ។ ចាំមើលរវាង កីឡាករកម្ពុជាធឿន ធី និងកីឡាករថៃណាក់ប៊ិនឡេក ប៉.យុទ្ធភូមិ នរណាជាអ្នកឈ្នះក្នុងការប្រកួតនេះ?៕

Facebook Comments
Loading...