ភ្នំពេញ ៖ កីឡាករជើងខ្លាំងទម្ងន់មធ្យមមឿង សុខហ៊ុច អ្នកប្រដាល់ពុទ្ធសេរីវង្សពោសែនជ័យកីឡា និងកីឡាករជើងខ្លាំងមុត ខ្លឹមខ្មៅ អ្នកប្រដាល់មកពីក្លិបម្កុដរាជសីហ៍ ឡើងប្រកួតម៉ារ៉ាតុងដណ្តើមប្រាក់លាន ជាមួយកីឡាករថៃចេកនួន ឌែងយីម និងកីឡាកររុងណាផា ស.សំរ៉ូងយីម នាថ្ងៃសៅរ៍ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅលើសង្វៀនស៊ីអិនស៊ី។
ការប្រកួតប្រព្រឹត្តិទៅតាមរូបមន្តជា Marathon គឺចាញ់ហាលអាវ ឈ្នះត្រូវបន្តការប្រកួតទៀត ទាល់តែរកឃើញជើងឯកម្ចាស់ពានក្នុងពេលតែមួយ។ ការប្រកួតចែកចេញជាពីរដំណាក់កាល ដែលដំណាក់កាលទី១ប្រកួតជម្រុះ តែ៣ទឹកប៉ុណ្ណោះដោយក្នុងមួយទឹកមាន៣នាទី ដើម្បីជម្រុះចោលពីរនាក់ដែលចាញ់ ហើយពីរនាក់ដែលឈ្នះនោះ ត្រូវឡើងទៅជួបគ្នាក្នុងដំណាក់កាលទី២ ជាការប្រកួតផ្តាច់ព្រ័ត្រប្រកួតមាន៥ទឹកតែមួយទឹកវាយតែ២នាទីទេ ដើម្បី ដណ្តើមប្រាក់ម៉ារ៉ាតុងនេះតែម្តង។
គូប្រកួត ដែលអាចឲ្យអ្នកទស្សនាទុកចិត្តបាននោះ គឺកីឡាករមឿង សុខហ៊ុយ ដែលត្រូវជួបជាមួយកីឡាករជនជាតិថៃចេកនួន ឌែងយីម ក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម ដែលអ្នកទាំងពីរមិនដែលជួបគ្នាទេនៅសង្វៀននេះ។ មួយរយៈចុងក្រោយនេះមឿង សុខ ហ៊ុចត្រូវបានគេមើលឃើញថា ដើរលុកលុយរករឿងតាមបណ្តាសង្វៀនទួរទស្សន៍ជាមួយអ្នកប្រដាល់ជើងចាស់ដែលខ្លាំងៗ និងកីឡាករអន្តរជាតិជាច្រើននាក់ដែលមានលទ្ធផលគួរឲ្យសសើរ ជាមួយផ្តួលគូប្រកួតជាបន្តបន្ទាប់មកនោះ។
មឿង សុខហ៊ុច គេមានកាយសម្បទារឹងមាំ ព្រមទាំងមានស្នៀតកែង និងជង្គង់ ដែលធ្វើឲ្យគូរប្រកួតរបស់ខ្លួន ពិបាកទប់ទល់ និងជាស្នៀតសម្រាប់ផ្ដួលគូរប្រកួតដ៍អស្ចារទៀតផង។ ការវាយចេញរបស់សុខហ៊ុច ធ្ងន់ហើយរហ័ស ជាពិសេសស្នៀតជើងទាត់ និងជង្គង់ របស់គេខ្លាំងណាស់អាចបញ្ចេញបានភ្លាមៗស្របជាមួយដៃតែម្តង។ ប៉ុន្តែយ៉ាងណា មឿង សុខហ៊ុច ក៏មានចំណុចខ្សោយខ្លះដែរ គឺត្រង់វាយចេញហើយមិនសូវការពាវិញនោះទេដែលធ្វើឲ្យដៃគូប្រកួតឆាប់ដឹងពីចំណុចខ្សោយទាំងនេះ។ ចាំមើលមឿង សុខហ៊ុច អាចយកឈ្នះ កីឡាករថៃចេកនួន ឌែងយីម នេះបានឡើងទៅវគ្គផ្តាច់ព្រ័ត្រដែរឬយ៉ាងណា?។
ដោយឡែកកីឡាករមុត ខ្លឹមខ្មៅ ជួបកីឡាករថៃរុងណាផា ស.សំរ៉ូងយីម ក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេនៅលើសង្វៀននេះ គេនៅមិនទាន់ដឹងថាកីឡាករថៃម្នាក់នេះមានវិជ្ជាគុនខ្លាំងប៉ុណ្ណានោះដែរ តែបើតាមការសង្កេតកន្លងមកកីឡាករថៃភាគច្រើនគឺពួកគេ ពូកែខាងស្នៀតជើងទាត់ ជង្គង់ និងស្នៀតកាចផ្តួល មិនទាន់មានកីឡាករកម្ពុជាអាចធ្វើបានដូចពួកគេរនោះឡើយ តែកីឡាករកម្ពុជាភាគច្រើនខ្លាំងកណ្តាប់ដៃ និងកែង ដែលកីឡាករថៃក៍កម្រធ្វើបាននោះដែរ។
ចំណែកមុត ខ្លឹមខ្លៅ ការប្រកួតរបស់គេវាយរាងឆេវឆាវនិងកាចបន្តិច ហើយវាយមិនដែលយោគយល់គូប្រកួតណាឡើយ។ ទោះជាបែបនេះក្តី អ្នកវិភាគកីឡាប្រដាល់ក្នុងស្រុកមិនមាន អ្នកណាហ៊ានទោះទាយទុកមុនថាកីឡាករ មុត ខ្លឹមខ្លៅ ជាអ្នកឈ្នះឫកីឡាករថៃអមតៈ ជាអ្នកឈ្នះនោះឡើយ ព្រោះរវាងជើងខ្លាំងទាំងពីរនេះ បើនណាឈ្នះ ក៏ឈ្នះទាំងវេទនាខ្លួនដែរ។ ចាំមើលកីឡាករមុត ខ្លឹមខ្មៅ និងកីឡាករថៃរុងណាផា ស.សំរ៉ូងយីម នរណាជាអ្នកឈ្នះបានឡើងទៅវគ្គផ្តាច់ព្រ័ត្រ?៕