លោកសុខ សម្បត្តិ ចូលរួមបើកការដ្ឋានស្ថាបនាផ្លូវបេតុងប្រវែង៧៨៨ម៉ែត្រទទឹង៤.៥០ម៉ែត្រ ស្ថិតក្នុងភូមិឧសភា

0
938

ភ្នំពេញ ៖ ពិធីបើកការដ្ឋានស្ថាបនា ផ្លូវបេតុងប្រវែង៧៨៨ម៉ែត្រ ទទឹង៤.៥០ម៉ែត្រ ជាគម្រោងមូលនិធិអភិវឌ្ឍសង្កាត់ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិឧសភា សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ មានការចូលរួមជាអធិបតីពីលោក សុខ សម្បត្តិ អភិបាលខណ្ឌនៃគណអភិបាលខណ្ឌព្រែកព្នៅ និងលោក ម៉ៅបូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ។

ក្នុងរបាយការណ៍ស្វាគមន៍លោក ឈួន ឆាំ ចៅសង្កាត់ពន្សាំង បា​ន​អោយដឹងថា ផ្លូវក្នុងភូមិឧសភា ដែលបើកការដ្ឋានស្ថាបនា ប្រវែង៧៨៨ម៉ែត្រ ទទឹង៤.៥០ម៉ែត្រ ដំបូងឡើយគឺជាផ្លូវដានរទេះ​ប៉ុណ្ណោះ ពេលរដូវវស្សាមកដល់ម្តងៗប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទីនេះ ជួបការលំ​បាកជាខ្លាំង ទាំងរទេះ ម៉ូតូ និងថ្មើរជើងជាដើម។ លោកចៅសង្កាត់បន្តថា លោកនិងប្រជាពលរដ្ឋទាំងអស់នៅក្នុងភូមិឧសភា ទាំង​អស់​បានប្តេជ្ញាចិត្តថា និងចូលរួមថែរក្សាក្នុងការប្រើប្រាស់ផ្លូវនេះឲ្យបានឋិតថេរ គង់វង្សយូអង្វែង​តរៀងទៅ។

ក្នុងឱកាសនោះ លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ មានប្រសាសន៍ថា  ផ្លូវមានសារៈសំខាន់បំផុត សម្រាប់ ប្រជាពលរដ្ឋ  ដែលជួយបំពេញនូវតម្រូវការក្នុងការរស់នៅប្រចាំថ្ងៃ របស់របស់បងប្អូន ក្នុងមូលដ្ឋាន។ លោកអភិបាលខណ្ឌបញ្ជាក់ថា ដោយ​សារ​ប្រទេសជាតិមានសុខសន្ដិភាពបរិបូរ បានផ្ដល់ឱកាសធ្វើឲ្យយើងពេញលេញក្នុងការអភិវឌ្ឍមូលដ្ឋាន។ ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមរដ្ឋបាលខណ្ឌ សូមសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះមគ្គុទេសភាពជាអ្នកដឹកនាំរដ្ឋប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវេងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបន្តបេសកកម្មមិនត្រឹមតែធ្វើឲ្យប្រទេសកម្ពុជា អាចរំដោះខ្លួនចេញពីសង្គ្រាមប៉ុណ្ណោះទេ ថែមទាំងកសាងបាននូវសុខសន្តភាពទូទាំងប្រទេស ថែមទាំងអាចកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងសន្ទុះមួយយ៉ាងលឿន ឆាប់រហ័សក្នុងពេលដ៍ខ្លី ជាពិសេសគឺជាការសម្រេចបាននូវការអភិវឌ្ឍន៍សង្គម ការផ្តល់សេចក្តីសុខក្សេមក្សាន្ត និងប្រជាពលរដ្ឋកម្ពុជា។

ជាមួយគ្នានេះផងដែរ រដ្ឋបាលខណ្ឌសូមធ្វើការវាយតម្លៃខ្ពស់ចំពោះជោគជ័យយ៉ាងធំធេងក្នុងវិស័យការទូត និងទំនាក់ទំនងអន្តរជាតិ ដែលធ្វើឲ្យកម្ពុជាទទួលបាននូវកិត្យា​នុភាពកាន់តែច្រើនថែមទៀតលើឆាកអន្តរជាតិ។ជាថ្វីម្តងទៀតក្នុងនាមរដ្ឋបាលខណ្ឌ និងសង្កាត់ខ្ញុំសូមថ្លែងអំណគុណយ៉ាងជ្រៀលជ្រៅចំពោះលោកអភិបាលនៃគណអភិបាលរាជធានីភ្នំពេញ ដែលតែងតែផ្តល់នូវទំនុកចិត្តមកលើរដ្ឋបាលខណ្ឌ សង្កាត់ ឈរលើមូលដ្ឋានកម្មវិធីនយោបាយច្បាស់លាស់ និងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាល ដែលបានរៀបចំគោលនយោបាយ វិមជ្ឈការ និងសហវិមជ្ឈការ ដើម្បីផ្តល់ភាពងាយស្រួលដល់មូលដ្ឋានផ្ទាល់ ពោលគឺការផ្តល់ភាពជាម្ចាស់ដល់មូលដ្ឋាន ភូមិ សង្កាត់ ក្នុងការអភិវឌ្ឍន៍ ដោយឈរលើមូលដ្ឋាន នៃបទដ្ឋានគតិយុទ្ធនានាក្នុងការធ្វើសេចក្តីសម្រេចចិត្តដោយខ្លួនឯង។ ជាមួយគ្នានេះដែរ ខ្ញុំសូមថ្លែងអំណគុណចំពោះមន្ត្រីបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធ មន្ត្រីបច្ចេកទេសគាំទ្រសង្កាត់ លោកចៅសង្កាត់លោកមេភូមិ និងបងប្អូនទាំងអស់នៅក្នុងមូលដ្ឋានដែលបានចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងការរៀបចំផែនការអភិវឌ្ឍន៍មូលដ្ឋាន រហូតលេចចេញជារូបរាងដែលនិងត្រូវបើកការដ្ឋាន ជាផ្លូវការនាពេលនេះ។

ជាចុងក្រោយលោក អភិបាលខណ្ឌបានណែនាំ ដល់ចៅសង្កាត់  គណៈកម្មការគ្រប់គ្រងគម្រោង ត្រូវតាមដាន ជាប់ជាប្រចាំ ចំពោះក្រុមហ៊ុនដែលទទួលក្នុងការអនុវត្តគម្រោង ត្រូវហ៊ានសរសេរនូវរាល់ចំណុចអសកម្មទាំងឡាយណារបស់ ក្រុមហ៊ុន មិនបានអនុវត្តតាមកិច្ចសន្យា ទៅក្នុងសៀវភៅតាមដានការដ្ឋាន។  ចំណែកក្រុមហ៊ុនវិញ ត្រូវខិតខំរក្សាឲ្យបាននូវក្រមសីលធ៌ម គោរពឲ្យបទដ្ឋានបច្ចេកទេស ឲ្យបានត្រឹមត្រូវ នូវកិច្ចសន្យាទទួលការដែលបានចុះហត្ថលេខារួច។ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលត្រូវដាក់ប្រព័ន្ធលូ ដាក់ទុយោទឹក ឆ្លងកាត់ផ្លូវត្រូវរួសរាន់រៀបចំដាក់ឲ្យបានមុនការចាក់បេតុង កុំចាំផ្លូវចាក់បេតុងហើយ កាត់គាស់បេតុងឡើងវិញនោះមិនល្អឡើយ ព្រោះអាចធ្វើឲ្យផ្លូវឆាប់ខូចមិនអាចប្រើប្រាស់បានយូរអង្វែង៕

Facebook Comments
Loading...