ភ្នំពេញ ៖ កីឡាករជើងខ្លាំងកម្ពុជា២រូបគឺរឿង សោភ័ណ្ឌ អ្នកប្រដាល់ដៃភ្លើង ជើងរន្ទះមកពីក្លិបម្កុដរាជសីហ៍ ជួបកីឡាករថៃហ្វៃប៉ា ប៉េឡេប៊ុរីរ៉ាំ ខណៈកីឡាករហ៊ីម សេរី អ្នកប្រដាល់ជើងខ្លាំងទម្ងន់ស្រាលរបស់ក្លិបតាព្រហ្មមានជ័យ ជួបកីឡាករភិតអេក ប៉.ឆាឡាត មកសងសឹក និងដណ្តើមប្រាក់លាន នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅរ៍ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
កីឡាកររឿង សោភ័ណ្ឌ ត្រូវជួបជាមួយកីឡាករថៃហ្វៃប៉ា ប៉េឡេប៊ុរីរ៉ាំ ក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម អ្នកទាំងពីរធ្លាប់ជួបគ្នាម្តងហើយដោយកីឡាកររឿង សោភ័ណ្ឌ ជាអ្នកឈ្នះ ហើយនេះក៍ជាការសងសឹកគ្នាផងដែរ។ កន្លងមកគេធ្វើបានល្អទាំងការប្រកួតថ្នាក់ជាតិនិងអន្តរជាតិ ហើយក៍ធ្លាប់ឈ្នះខ្សែក្រវាត់ និងពានក្នុងស្រុកជាច្រើនទៀតផង។
រឿង សោភ័ណ្ឌ គេជាអ្នកប្រដាល់លេងស្នៀតកណ្តាប់ដៃ និងកែង រីឯស្នៀតជើងទាត់ និងជង្គង់របស់គេ ក៍ល្អហើយខ្លាំងផងដែរ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី រឿង សោភ័ណ្ឌ ក៏មានចំណុចខ្សោយខ្លះដែរ គឺត្រង់គេមានកម្ពស់រាងទាបបន្តិច ដៃខ្លីជើងខ្លីវាយមិនសូវដល់គូប្រកួត ហើយបើដៃគូម្ខាងគេមានកម្ពស់ខ្ពស់ជាងនោះច្បាស់ជាយ៉ាប់របស់គេមិនខាន តែគេមានកម្លាំងពលំពេញ៥ទឹកមិនពិបាកឡើយ។ ចាំមើលរឿង សោភ័ណ្ឌ ក្នុងការជួបជាមួយកីឡាករថៃហ្វៃប៉ា ប៉េឡេប៊ុរីរ៉ាំ មកសងសឹកនេះអាចយកឈ្នះបានទៀតដែរឬយ៉ាងណា?។
ដោយឡែកកីឡាករកម្ពុជាហ៊ឹម សេរី ជួបកីឡាករថៃភិតអេក ប៉.ឆាឡាត វិញត្រូវបានអ្នកតាមដានលើកឡើងថា កីឡាករកម្ពុជាមានសង្ឃឹមឈ្នះច្រើនព្រោះកីឡាករហឹម សេរី នាពេលបច្ចប្បន្ននេះនណាក៍ទទួលស្គាល់ថា ជាកីឡាករជើងខ្លាំងវ័យក្មេង១រូប ដែលកំពុងទទួល បានការគាំទ្រយ៉ាងច្រើនកុះករ ពីអ្នកស្នេហាវិស័យកីឡាប្រដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ដើម្បីផ្ដួលគូប្រកួតរបស់ខ្លួន រួមផ្សំជាមួយកម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេផងនោះ ធ្វើឲ្យកីឡាករក្នុងស្រុក និងក្រៅស្រុកត្រូវបានចុះចាញ់ជាបន្តបន្ទាប់។
ការអះអាងបែបនេះក៍ដោយសាហ៊ឹម សេរី មួយរយៈពេលចុងក្រោយនេះ មានការរីកចំរើនជាងមុនច្រើនទាំងស្នៀតគុនទាំងកម្លាំងស៊ុហ្វ ពោលគឺគេហ្វឹកហាត់បានជាប់លាប់ ធានាបានក្នុងការប្រកួតប្រាំទឹកដោយគ្មានបញ្ហាអ្វីឡើយ។ ជាងនេះទៅទៀតនោះហ៊ឹម សេរី ជាអ្នកប្រដាល់ដែលឡើងប្រកួតកម្រចាញ់គូរប្រកួតណាស់ព្រោះរូបគេ ប្រកួតមិនចេះលាក់កម្លាំងនិងមានស្នៀតពិសេសដើម្បីផ្តួលដៃគូឲ្យសន្លប់ថែមទៀតផង ហើយមានបទពិសោធន៍និងតិចនិកក្នុងការប្រកួតច្រើន ជាមួយកីឡាករក្នុងស្រុកនិងកីឡាករបរទេសថែមទៀត។ ចាំមើលហ៊ឹម សេរី អាចយកឈ្នះលើកីឡាករថៃភិតអេក ប៉.ឆាឡាត ដូចការអះអាងរបស់អ្នកតាមដានកីឡាប្រដាល់កម្ពុជាដែរឬយ៉ាងណ?៕