ភ្នំពេញ ៖ កីឡាករព្រំ សំណាង អ្នកប្រដាល់នៃក្លិបកងពលតូចទ័ពពិសេសឆ័ត្រយោង៩១១ កៀកស្មារនិងកីឡាករសំពោងជ័យ ឌុម កែវដា អ្នកប្រដាល់របស់ក្លិបម្កុដរាជសីហ៍ ជួបកីឡាករថៃឈ្មោះរុងណាក់ឆៃ ប្រានសងហុក និងកីឡាករអ៊ឺរ៉ង់Ehsan Khorshidvand ដើម្បីសាកកណ្តាប់ដៃគ្នា នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅរ៍ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
កីឡាករព្រំ សំណាង ជួបជាមួយកីឡាករថៃរុងណាក់ឆៃ ប្រានសងហុក ក្នុងប្រភេទទម្ងន់ធ្ងន់គឺ៧៥គីឡូក្រាម រវាងអ្នកទាំងពីរមិនទាន់មានប្រភពណាបញ្ជាក់ថាពួកគេធ្លាប់ជួបគ្នាទេកន្លងមក ហើយមិនទាន់ដឹងថាកីឡាករថៃម្នាក់នេះមានវិជ្ជាគុនខ្លាំងប៉ុនណានោះដែរ តែកីឡាករថៃពួកគេខ្លាំងខាងស្នៀតជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួល។
ចំណែកព្រំ សំណាង គេជាកីឡាករដែលមានស្នៀតប្រយុត្តិល្អ គឺពេលវាយសំណាងគ្រាន់តែលើកជើងធាក់ ក៏គូប្រកួតពិបាកទប់ដែរពិសេសស្នៀតដាល់ត្រង់ៗ និងស្នៀតកែងវាយទៅលើ គូប្រកួតដែលប្រកបដោយគ្រោះថ្នាក់បំផុត។ ការប្រកួតកន្លងមកបើទោះបីព្រំ សំណាង ការដាល់របស់គេមិនអស្ចារ្យក៏ពិតមែន ប៉ុន្តែព្រំ សំណាងមានកាយសម្បទាល្អ ខ្ពស់ ដៃជើងវែង ដែលជាការអំណោយផលដល់ការប្រកួតណាស់។ ការប្រកួតនេះត្រូវបានអ្នកតាមដានប្រដាល់អះអាងថា កីឡាករព្រំ សំណាង មានភាករយឈ្នះច្រើនជាកីឡាករថៃរុងណាក់ឆៃ ប្រានសងហុក ព្រោះគីឡូធ្ងន់កីឡាករថៃមិនសូវសម្បូរជើងខ្លាំងប៉ុន្មានទេ។ ចាំមើលព្រំ សំណាង ជាអ្នកឈ្នះឬកីឡាករថៃរុងណាក់ឆៃ ប្រានសងហុក?។
ដោយឡែកកីឡាករមុខស្រស់ ឌុម កែវដា ត្រូវជួបប្រកួតជាមួយកីឡាករអ៊ឺរ៉ង់Ehsan Khorshidvandក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម អ្នកទាំងពីរក៍មិនដែលជួបគ្នាដែរ។ កីឡាករជើងខ្លាំងវ័យក្មេង ឌុម កែវដា បច្ចុប្បន្នកំពុងទទួល បានការគាំទ្រយ៉ាងច្រើនកុះករ ពីអ្នកស្នេហាវិស័យកីឡាប្រដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ជាពិសេសរូបគេចូលចិត្តប្រើស្នៀតកណ្តាប់ដៃនិងកែង ដើម្បីផ្ដួលគូប្រកួតរបស់ខ្លួន រួមផ្សំជាមួយកម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេផងនោះ ធ្វើឲ្យកីឡាករក្នុងស្រុក និងក្រៅស្រុកត្រូវបានចុះចាញ់ជាបន្តបន្ទាប់។
ក្នុងការប្រកួតនេះក៍ត្រូវបានអ្នកវិភាគប្រដាល់អះអាងថា ឌុម កែវដា ប្រាកដជាឈ្នះជាក់ជាមិនខាន ព្រោះកីឡាករអ៊ឺរ៉ង់ដែលហាត់នៅប្រទេសថៃមិនជាខ្លាំងដូចកីឡាករម្ចាស់ប្រទេសគេនោះទេ ហើយណាមួយកីឡាករឌុម កែវដា គេកំពុងតែវាយឡើងគូប្រកួតល្មមៗមិនអាចទប់ជាមួយគេបាន៥ទឹកនោះទេ។ ចាំមើលកីឡាករឌុម កែវដា អាចយកឈ្នះលើកីឡាករថៃកីឡាករអ៊ឺរ៉ង់Ehsan Khorshidvand បានដែរឫយ៉ាងណា?៕