សង្កាត់សំរោង និងសង្កាត់ព្រែកព្នៅ បានបើកដំណើរការជួសជុលកែលម្អ ផ្លូវ៣ខ្សែជាគម្រោងមូលនិធិអភិវឌ្ឍសង្កាត់ឆ្នាំ២០១៨

0
2088

ភ្នំពេញ ៖ លោក សុខ សម្បត្តិ អភិបាលខណ្ឌ ព្រែកព្នៅ និងលោក ម៉ៅបូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ បានអញ្ជើញបើកការដ្ឋានស្ថាបនានូវផ្លូវ៣ខ្សែប្រវែង១៥៥៤ម៉ែត្រ ជាគម្រោងមូលនិធិអភិវឌ្ឍសង្កាត់ ឆ្នាំ២០១៨ ស្ថិតក្នុង សង្កាត់ សំរោង និងសង្កាត់ព្រែកព្នៅ នៃខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា នេះនៅភូមិសំរោងត្បូង ក្នុងសង្កាត់សំរោង ដោយមានការអញ្ជើញចូលរួមពី ។

នេះជាលើកទី២ហើយ ក្នុងឆ្នាំនេះ សម្រាប់ខណ្ឌព្រែកព្នៅ ក្នុងការ ដំណើរការ កសាងហេដ្ឋារចនា សម្ព័ន្ធ ក្នុងមូលដ្ឋានដែលជាគម្រោងមូលនិធិ អភិវឌ្ឍសង្កាត់ ឆ្នាំ២០១៨ បន្ទាប់ពីលើកទី១បានធ្វើឡើងកាលពីតុលា កន្លងទៅក្នុងសង្កាត់ពញាពន់។ លោក យិន អ៊ីម ចៅ សង្កាត់សំរោង បានឲ្យដឹងថា ផ្លូវ៣ខ្សែ ដែលបើកដំណើរការជួសជុល នាពេលនេះ ១ខ្សែស្ថិតក្នុងភូមិសំរោងត្បូង សង្កាត់សំរោង ជាផ្លូវដែលជួសជុលឈូសឆាយកិនបង្ហាប់ ដោយចាក់ខ្សាច់ភ្នំមានប្រវែង៦៤៣ម៉ែត្រ ទទឹង៥ម៉ែត្រ និង២ខ្សែទៀត ជាផ្លូវចាក់ បេតុង មានប្រវែង៩១១ម៉ែត្រ ទទឹង៤ម៉ែត្រកន្លះ  ស្ថិតក្នុងភូមិដួង និង ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ។

ក្នុងឱកាសនោះ លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ មានប្រសាសន៍ថា  ផ្លូវមានសារៈសំខាន់បំផុត សម្រាប់ ប្រជាពលរដ្ឋ  ដែលជួយបំពេញនូវតម្រូវការក្នុងការរស់នៅប្រចាំថ្ងៃ របស់របស់បងប្អូន ក្នុងមូលដ្ឋាន។លោកអភិបាលខណ្ឌបញ្ជាក់ថា ដោយសារប្រទេសជាតិមានសុខសន្ដិភាពបរិបូរ បានផ្ដល់ឱកាសធ្វើឲ្យយើង ពេញលេញក្នុងការអភិវឌ្ឍមូលដ្ឋាន។ជាក់ស្ដែងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ ទទួលបាននូវសមិទ្ធិផលជាច្រើនក្នុងនោះមានការជួសជុលកែលម្អផ្លូវជាតិលេខ៥ ផ្លូវលេខ១៥១ ផ្លូវលេខ ៤២ ស្ពានព្រែកព្នៅថ្មី ស្ពានបឹងក្រចាប់ក្នុងសង្កាត់ពន្សាំង  ផ្លូវបេតុង និង ផ្លូវក្រាលខ្សាច់ភ្នំជាច្រើនខ្សែទៀតដែលសមិទ្ធិផលទាំអនេះមានការចូលរួមពីថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ព្រមទាំងសប្បុរសជនផងដែរ។ លោកបានបន្ដថា តាមគម្រោងក្នុងឆ្នាំ២០១៨, ២០១៩ នេះ ខណ្ឌព្រែកព្នៅនឹងទទួលបានសមិទ្ធផលជាច្រើនទៀត ព្រោះគម្រោងទាំងនោះទទួលបានការឯកភាព ពីឯកឧត្តម អភិបាលរាជធានីភ្នំពេញរួចហើយ ។

លោក អភិបាលខណ្ឌបានណែនាំ ដល់ចៅសង្កាត់  គណៈកម្មការគ្រប់គ្រងគម្រោង ត្រូវតាមដាន ជាប់ជាប្រចាំ ចំពោះក្រុមហ៊ុនដែលទទួលក្នុងការអនុវត្តគម្រោង ត្រូវហ៊ានសរសេរនូវរាល់ចំណុចអសកម្មទាំងឡាយណារបស់ ក្រុមហ៊ុន មិនបានអនុវត្តតាមកិច្ចសន្យា ទៅក្នុងសៀវភៅតាមដានការដ្ឋាន។  ចំណែកក្រុមហ៊ុនវិញ ត្រូវខិតខំរក្សាឲ្យបាននូវក្រមសីលធ៌ម គោរពឲ្យបទដ្ឋានបច្ចេកទេស ឲ្យបានត្រឹមត្រូវ នូវកិច្ចសន្យាទទួលការដែលបានចុះហត្ថលេខារួច។សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលត្រូវដាក់ប្រព័ន្ធលូ ដាក់ទុយោទឹក ឆ្លងកាត់ផ្លូវត្រូវរួសរាន់រៀបចំដាក់ឲ្យបានមុនការចាក់បេតុង កុំចាំផ្លូវចាក់បេតុងហើយ កាត់គាស់បេតុងឡើងវិញនោះមិនល្អឡើយ ព្រោះអាចធ្វើឲ្យផ្លូវឆាប់ខូចមិនអាចប្រើប្រាស់បានយូរអង្វែង ៕

Facebook Comments
Loading...