ភ្នំពេញ ៖ រដ្ឋបាលខណ្ឌព្រែកព្នៅ តែងតែដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះជាប្រចាំរៀងរាល់យប់ មិនដែលខកខានឡើយដើម្បីពង្រឹងសុវត្ថិភាពនៅក្នុងមូលដ្ឋានជូន ប្រ ជាពលរដ្ឋ ដែលមានមន្ត្រីសាលាខណ្ឌ កម្លាំងប៉ូលិស កម្លាំងកងរាជអាវុធ កម្លាំងសណ្តា ប់ធ្នាប់ខណ្ឌចូលរួមផងដែរ ហើយពីមួយថ្ងៃទៅមួយថ្ងៃបទល្មើសឆ្លងកាត់ មិនមានអ្វីគួរឲ្យចាប់អារម្មណ៍ដូចកាលពីកន្លងមកនោះទេ។
ជាក់សែ្តង កាលពីយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ រដ្ឋបាលខណ្ឌព្រែកព្នៅ ដឹកនាំដោយលោក ស៊ឹម សុផង់ នាយករដ្ឋបាលខណ្ឌព្រែកព្នៅ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ កម្លាំងចូលរួមសរុបចំនួន៤២នាក់ ចុះត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរផ្លូវគោក និងឆែកអាវុធជាតិផ្ទុះ នៅគោលដៅមុខសាលាអនុវិទ្យាល័យព្រែកព្នៅ ផ្លូវជាតិលេខ៥ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
លោក ស៊ឹម សុផង់ បានប្រាប់ឱ្យដឹងថា បន្ទាប់ពីទទួលបានបទបញ្ជាពីលោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌខណ្ឌព្រែកព្នៅ លោកនិងមន្ត្រីសាលាខណ្ឌជាច្រើននាក់ទៀតបានដឹកនាំកម្លាំងចម្រុះសរុបចំនួន៤២នាក់ ក្នុងនោះកម្លាំងប៉ូលិសសង្កាត់-ខណ្ឌចំនួន ១៥នាក់ កម្លាំងកងរាជអាវុធហត្ថខណ្ឌចំនួន ១០នាក់ មន្ត្រីសាលាខណ្ឌចំនួន ០៧នាក់ កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ-សង្កាត់ចំនួន ១០នាក់ កាលពីយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ចាប់ពីវេលាម៉ោង២០ និង៣០នាទី រហូតវេលាម៉ោង ២១និង ៣០នាទី ទើបត្រូវបានបញ្ចប់។ ជាលទ្ធផលត្រួតពិនិត្យរថយន្តធំធន់ធ្ងន់ឆ្លងកាត់បានចំនួន ២៥គ្រឿង ក្នុងនោះបានអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការដឹកលើសទំងន់ចំនួន ៥គ្រឿង ត្រួតពិនិត្យរថយន្តតូចឆ្លងកាត់ចំនួន ២២គ្រឿងក្នុងនោះបានអប់រំណែនាំធ្វើកិច្ចសន្យាបញ្ឈប់ការដឹកសំពីងសំពោងចំនួន៧គ្រឿង រថយន្តតទ្រុងវែងខុសលក្ខណៈបច្ចេកទេសគ្មាន ត្រួតពិនិត្យម៉ូតូឆ្លងកាត់ចំនួន ៤៥គ្រឿង ត្រួតពិនិត្យអាវុធជាតិផ្ទុះឆ្លងកាត់គ្មាន។ ក្នុងនោះផងដែរធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ភេទប្រុស ជាមួយម៉ូតូមួយគ្រឿង និងគ្រឿងញៀនចំនួនៈ១០កញ្ចប់តូចហើយបានបញ្ជូនទៅអធិការនគរបាលខណ្ឌដើម្បីចាត់ការបន្តតាមនិតិវិធី។
លោកនាយករដ្ឋបាលខណ្ឌព្រែកព្នៅ ប្រាប់ឲ្យដឹងទៀតថា សកម្មភាពដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ របស់រដ្ឋបាលខណ្ឌព្រែកព្នៅ មានជារៀងរាល់យប់តែម្តង ដើម្បីត្រួតពិនិត្យបទល្មើសគ្រប់ប្រភេទ ធ្វើយ៉ាងណារក្សាឱ្យបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ៕