សេន កុសល និង លន បញ្ញា ឡើងទៅវគ្គជម្រុះជុំទី២ នាព្រឹត្តិការណ៍ TV5 Boxing K-Cement

0
794

ភ្នំពេញ: ព្រឹត្តិការណ៍TV5Boxing Knock-Out Serie by K-Cement នាយប់ថ្ងៃទី៤សីហាបានបញ្ចប់ហើយ ជុំទី១ ។ អ្នកប្រដាល់ចំនួន៣២រូបដែលចូលរួមប្រកួតជម្រុះគឺ១៦រូបបានខ្ទាតចេញពីការប្រកួតនិង១៦រូបទៀតបានកក់កៅអីសម្រាប់ការប្រកួតជម្រុះនៅជុំទី២ ។

អ្នកប្រដាល់លន បញ្ញាក្លិបកងយោធបលខេមរភូមិន្ទបានយកឈ្នះអ្នកប្រដាល់វ័យចំណាស់នួន រ៉ាថេបក្លិបតាឯកដំបងដែកមានរិទ្ធខេត្តព្រៃវែងដោយពិន្ទុដាច់តែម្ដង។ជ័យជំនះនេះបានធ្វើឲ្យបញ្ញាមានកៅអីដើម្បីប្រកួតវគ្គជម្រុះជុំទី២បន្តទៀត ក្នុងខណៈដែលនួន រ៉ាថេបត្រូវខ្ទាតចេញពីការប្រកួតនៅជុំទី១នេះ ។សូមបញ្ជាក់ថាបញ្ញាល្អជង្គង់ និងទាត់ ឯ រ៉ាថេបកណ្ដាប់ដៃធ្ងន់តែមិនសូវមានកលល្បិចនោះឡើយ ។

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរថន ភឿតក្លិបឃ្លាំងមឿងកីឡាជួបប្រកួតជាមួយអ្នកប្រដាល់សេន កុសលរបស់ក្លិបមោងឬស្សីមរតកគុនខ្មែរ ។

ស្ថានភាពនៃការប្រកួតរវាងអ្នកប្រដាល់ទាំង២រូបនេះកុសលមានប្រៀបតិចតួចលើថន ភឿតស្ទើរតែគ្រប់ទឹកតែម្ដង ។ ដោយសារការប្រកួតមានតែ៣ទឹកនោះបន្ទាប់ពីប្រកួតចប់ទឹកទី៣សេន កុសលជាអ្នកបានទទួលជ័យជំនះ។ ថន ភឿតហាលអាវត្រឹមនេះ ឯ កុសលទទួលបានកៅអីសម្រាប់ប្រកួតជុំទី២ទៀត ។

ការប្រកួតជាមិត្តភាពរវាងកម្ពុជា-ថៃនោះអ្នកប្រដាល់កម្ពុជាអ៊ុង វីរៈក្លិបទ័ពឆ័ត្រយោង៩១១ជាមួយអ្នកប្រដាល់ថៃក្រាក់ បូឡេក(Krak Boelek)វិញនោះវីរៈបានប្រើកណ្ដាប់ដៃផ្ដួលអ្នកប្រដាល់ថៃរូបនេះនៅត្រឹមទឹកទី៣ ។

សូមបញ្ជាក់ថាកាលពីទឹកទី២កណ្ដាប់វីរៈដាល់ចំពោះក្រាក់ បូឡេកបណ្ដាលឲ្យអាជ្ញាកណ្ដាលរាប់៨ម្ដងហើយមកដល់ទឹកទី៣កណ្ដាប់ដៃដដែលធ្វើឲ្យក្រាក់ បូឡេកក្រោកលែងរួចតែម្ដង ។

សេក គឹមរូនក្លិបអង្គរមានជ័យខេរ្រសៀមរាបដែលធ្លាប់ផ្ដួលអ្នកប្រដាល់ប៊ី ចាន់ណាក្លិបមហិទ្ធិរិទ្ធលោកតាដំបងដែកនៅទឹកទី៤នោះស្រាប់តែក្នុងការប្រកួតសងសឹកលើកនេះចាន់ណាទារបំណុលបានវិញទាំងដើមទាំងការតែម្ដង ។

ចាន់ណាមានប្រៀបលើគឹមរូនតាំងពីដើមទឹកទី១មកម្ល៉េះ ។គេចាប់ផ្ដើមវាយប្រហារទាំងកំហឹងលើគឹមរូន ឯ គឹមរូនមិនសូវមានឱកាសវាយសងវិញឡើយគេបានត្រឹមតែដកថយ និង ការពារប៉ុណ្ណោះ ។ នៅចុងទឹកទី២ចាន់ណាបញ្ចេញមួយកែងចំគោលដៅបានយ៉ាងល្អធ្វើឲ្យគឹមរូនមានរបួសលើចិញ្ចើមឆ្វេងយ៉ាធំ ។

មកដល់ទឹកទី៣ឈាមបានហូររំខានយ៉ាខ្លាំងមកលើភ្នែករបស់គឹមរូនទើបគ្រូពេទ្យបញ្ឈប់មិនឲ្យប្រកួតបន្ត។របួសគឹមរូនដេរប្រហែលជាមិនតិចជាង១០ថ្នេរឡើយនេះបើតាមការអះអាងរបស់គ្រូពេទ្យ ។ចាន់ណាសងសឹកបានទាំងការទាំងដើមតែម្ដង ។

Facebook Comments
Loading...