អាជ្ញាធរជាតិអប្សរា និងសហភាពសហព័ន្ធយុវជនកម្ពុជាជួបពិភាក្សាអំពីការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំថ្មីនៅរមណីយដ្ឋានអង្គរ

0
10521

ព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨នេះ អាជ្ញាធរជាតិអប្សរា និងសហភាពសហព័ន្ធយុវជនកម្ពុជាបានជួបពិភាក្សាគ្នាអំពីដំណើរការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត្រឆ្នាំថ្មី ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ នៅអគ្គនាយកដ្ឋាននៃអាជ្ញាធរជាតិអប្សរា

កិច្ចពិភាក្សានេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា និងឯកឧត្តម សុខ សប្បាយណា ប្រធានផ្នែកប្រតិបត្តិនៃព្រឹត្តការណ៍អង្គរសង្រ្កាន្ត តំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធកម្ពុជា(ស.ស.យ.ក) ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងារជាច្រើនរូបទៀត។

មានប្រសាសន៍ក្នុងជំនួបពិភាក្សានេះ ឯកឧត្តម សុខ សប្បាយណា បានរៀបរាប់អំពីភាពជោគជ័យជាបន្តបន្ទាប់នៃព្រឹត្តការណ៍អង្គរសង្រ្កាន្តរយៈពេល៥ឆ្នាំកន្លងមក ជាពិសេសកំណើនភ្ញៀវមកទស្សនាកម្សាន្តតាំងពីចំនួនប្រមាណជាង៧ម៉ឺននាក់នៅឆ្នាំ២០១៣ កើនរហូតដល់ជាង១លាន៦សែននាក់នៅឆ្នាំ២០១៧កន្លងទៅ។

តាមគម្រោងសម្រាប់ឆ្នាំទី៦នេះព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ អង្គរសង្ក្រាន្តនឹងកែសម្រួល និងបន្ថែមនូវកម្មវិធីថ្មីៗមួយចំនួនទៀត ដើម្បីឲ្យមានទាក់ទាញកាន់តែខ្លាំង ដូចជាកម្មវិធីបំបួសនាគ កម្មវិធីសមាធិនៅក្បែរប្រាសាទអង្គរវត្ត កម្មវិធីព្រៃប្រសិទ្ធីដើម្បីបណ្តុះការស្រឡាញ់ព្រៃឈើនិងសត្វព្រៃ និងកម្មវិធីបាញ់ព្រួញជាដើម។

ជាមួយគ្នានេះ ឯកឧត្តម សុខ សប្បាយណា ក៏បានលើកឡើងនូវសំណើចំនួន១០៤ចំណុច ពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់អាជ្ញាធរជាតិអប្សរាក្នុងការជំរុញឲ្យព្រឹត្តិការប្រព្រឹត្តទៅដោយរលូនដូចជា ការកាត់ក្រីមែកឈើបញ្ជៀសគ្រោះថ្នាក់ ការថែទាំទីធ្លាសៅបៃតងរហូតដល់កម្មវិធី និងទីតាំងរៀបចំកម្មវិធីជាដើម។

ជាការឆ្លើយតប ឯកឧត្តមសុខ សង្វារ បានបង្ហាញពីជំហរគាំទ្រទាំងស្រុងរបស់អាជ្ញាធរជាតិអប្សរាចំពោះការប្រារព្ធនូវព្រឹត្តការណ៍អង្គរសង្រ្កាន្តឆ្នាំ២០១៨ខាងមុខនេះ។ ជាក់ស្តែង អាជ្ញាធរជាតិអប្សរាបានរៀបចំក្រុមការងារអង្គរសង្ក្រាន្ត និងបានដំណើរការបណ្តើរៗខ្លះទៅហើយ។ ចំពោះសំណើដែលបានលើកឡើងមកនេះ អាជ្ញាធរជាតិអប្សរា នឹងបើកអង្គប្រជុំផ្ទៃក្នុងដើម្បីពិនិត្យសំណូមពរនីមួយៗ ដើម្បីប្រគល់ជូនមន្ត្រីជំនាញដោះស្រាយ និងឆ្លើយតបឲ្យបានទាន់ពេលវេលា។ ជាចុងក្រោយឯកឧត្តមក៏បានបង្ហាញការប្តេជ្ញាចិត្តសហការ ដើម្បីជំរុញឲ្យព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំថ្មីដំណើរការដោយរលូន និងកាន់តែជោគជ័យជាងឆ្នាំមុនៗថែមទៀត៕








Facebook Comments
Loading...