សំបុកកន្ធាយក្បាលកង្កែប រកឃើញដំបូងសម្រាប់រដូវកាលពងកូនឆ្នាំនេះនៅទន្លេមេគង្គ

0
15954

ខេត្តក្រចេះ (ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧) – សំបុកពងកូនសត្វកន្ធាយក្បាល កង្កែបចំនួន០១សំបុក ត្រូវបានក្រុម អ្នកអភិរក្សនៃរដ្ឋបាលជលផល អង្គការសមាគមអភិរក្សសត្វព្រៃ និងប្រជាសហគមន៍ រកឃើញជាលើកដំបូង នៅក្នុងរដូវកាលពងកូនឆ្នាំនេះនៅឆ្នេរខ្សាច់ដងទន្លេមេគង្គចន្លោះខេត្តក្រចេះ និងស្ទឹងត្រែងដែលជាទីកន្លែងពងកូនតែមួយគត់នៅក្នុងប្រទេសកម្ពុជា។ សំបុកកន្ធាយក្បាលកង្កែបនេះ ត្រូវបានប្រជាសហគមន៍ការពារ រហូតដល់ ពងកន្ធាយទាំងអស់នោះញាស់ ហើយកូនកន្ធាយនឹង ត្រូវលែងឲ្យទៅរសនៅក្នុងទន្លេវិញ។

FB_IMG_1513668588135

#សត្វកន្ធាយក្បាលកង្កែប (ឬរមិច) ស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទរងគ្រោះជិតផុតនៅលើសាកលលោក។ ពួកវាត្រូវបាន គេគិតថាផុតពូជពីកម្ពុជាទៅហើយ រហូតដល់ឆ្នាំ២០០៧ពួកវាត្រូវបានគេ រកឃើញម្តងទៀតនៅក្នុងបរិវេណ៤៨គីឡូម៉ែត្រនៅដងទន្លេមេគង្គចន្លោះខេត្តក្រចេះ និងស្ទឹងត្រែង។ គម្រោង អភិរក្សសត្វកន្ធាយក្បាលកង្កែបនៅ ដងទន្លេមេគង្គ កន្លងមកអនុវត្តដោយអង្គការអភិរក្សអន្តរជាតិ ហើយបាន ផ្ទេរមកឲ្យអង្គការWCS សហការជាមួយរដ្ឋបាលជលផល និងសម្ព័ន្ធដើម្បី ការរស់រានប្រភេទសត្វអណ្តើក។ កម្មវិធីការពារសំបុកលើកទឹកចិត្តឲ្យប្រជា សហគមន៍រស់នៅខេត្តក្រចេះ និងស្ទឹងត្រែង ចូលរួមការពារសត្វកន្ធាយ ក្បាលកង្កែប ដោយបានជ្រើសរើសអតីតអ្នកប្រមូលពង និងមេពូជកន្ធាយ ក្បាលកង្កែបឲ្យមកធ្វើការងារជាបុគ្គលិករបស់គម្រោងដើម្បីស្វែងរក និងការពារសំបុកសត្វកន្ធាយក្បាលកង្កែប ជំនួសឲ្យការប្រមូលយកពង និងមេពូជយកទៅហូប និងលក់។ រហូតមកដល់ពេលនេះ សំបុកពងចំនួន ៣៧៨ត្រូវបានការពារ ហើយជាលទ្ធផលទទួលបានកូនញាស់ចំនួន ៨៥២៨កូន។

លោក សោម ស៊ីថា ទីប្រឹក្សាបច្ចេកទេសគម្រោងអភិរក្សសត្វអណ្តើក បាននិយាយថា៖ “ចាប់ពីឥឡូវនេះ រហូតដល់ខែមិថុនា គឺជាកំឡុងពេល សត្វកន្ធាយក្បាលកង្កែបពងកូន។ នេះគឺជាសំបុកទី០១ដែលយើងបាន រកឃើញនៅក្នុងឆ្នាំនេះ។ យើងនឹងធ្វើការរួមគ្នាជាមួយរដ្ឋបាលជលផល និងប្រជាសហគមន៍ដើម្បីស្វែងរកសំបុកបន្ថែមទៀតនៅតាមដងទន្លេមេគង្គដើម្បីការពារពួកវាពីការប្រមូលយកពងកូនជាដើម។”

លោក សោម ស៊ីថា បានបន្តថា៖ “កន្ធាយក្បាលកង្កែប គឺជាប្រភេទដ៏កម្រ ដែលអាចនឹងផុតពូជនៅក្នុងពេលអនាគត ប្រសិនបើយើងមិនមានវិធាន អភិរក្សពួកវាឲ្យបានសមស្របទេនោះ។ ពួកវាមិនមានច្រើនក្បាលទេ ដែលរស់នៅក្នុងធម្មជាតិ។ ប្រជាពលរដ្ឋគ្រប់រូបអាចចូលរួមការពារ ប្រភេទសត្វដ៏កម្រមួយនេះបាន ដោយបញ្ឈប់ការទិញ ឬក៏បរិភោគសាច់ ឬពងរបស់វា។”

ការងារអភិរក្សកន្ធាយក្បាលកង្កែបទទួលបានការគាំទ្រពីម្ចាស់ជំនួយដូចជា Critical Ecosystem Partnership Fund (CEPF) អង្គការអភិរក្ស អន្តរជាតិ និងសម្ព័ន្ធដើម្បីការរស់រានប្រភេទសត្វអណ្តើក។

FB_IMG_1513668586550

FB_IMG_1513668591373

 

Facebook Comments
Loading...