នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០២នាក់ ទៅតុលាការ ដែលជាប់ពាក់ព័ន្ធករណី រក្សាទុកឧបករណ៍សំរាប់ លួចកាច់ ក ម៉ូតូ។ ជនសង្ស័យទាំង ០២នាក់ នេះមាន៖
១/ ឈ្មោះ សុខ ម៉ៅ ភេទប្រុស អាយុ ១៨ឆ្នាំ , ២/ ឈ្មោះ សុខ ស៊ីដាន ភេទប្រុស អាយុ ៤៧ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ឃាត់ខ្លួនបាន កាលពីវេលាម៉ោង០២:០០នាទី ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវលេខ៨៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ ខណៈពេលដែលសមត្ថកិច្ចអាវុធហត្ថកំពុងល្បាត ឃើញពួកគេទាំង ០២នាក់ កំពុងឈប់ម៉ូតូ និងឃើញសភាពគួរឲ្យសង្ស័យ ហើយបានសួរនាំ និងធ្វើការឆែកឆេរ ក៏ឃើញមានសម្ភារៈ សំរាប់កាច់ ក ម៉ូតូ ភ្លាមនោះសមត្ថកិច្ចអាវុធហត្ថ បានធ្វើការឃាត់ខ្លួនពួកគេទាំង ០២នាក់ មកទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ តែម្តង។
ក្រោយពេលឃាត់ខ្លួនបាន ពួកគេទាំង ០២នាក់ បានសារភាពប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងថា មុនកើតហេតុ ឈ្មោះ សុខ ម៉ៅ បានជិះម៉ូតូ ០១គ្រឿងម៉ាក ស៊ុយស៊ុយគីស្តេប ពណ៍ខ្មៅលាយក្រហម ស្លាកលេខ ភ្នំពេញ 1J-2487 ចេញពីផ្ទះនៅម្តុំផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ឆ្ពោះទៅផ្សារសូរិយ៉ាម៉ល ក្នុងគោលបំណងដើររកលួចកាច់ ក ម៉ូតូ ប៉ុន្តែមិនទាន់បានធ្វើសកម្មភាពនោះទេ ហើយឈ្មោះ សុខ ម៉ៅ បានជិះបន្តទៅម្តុំវត្តឧណ្ណាលោមទៀត ហើយបានជួបឈ្មោះ ជ្រុយ ដែលជាអ្នកស្គាល់គ្នា បានសុំជិះម៉ូតូជាមួយដែរ ដើម្បីត្រលប់ទៅផ្ទះវិញ នៅម្តុំផ្សារតូច។ លុះពេលជិះដល់ចំណុចកើតហេតុ ខាងលើ រូបគេទាំង ០២នាក់ បានឃើញស្រ្តី ០១នាក់ កំពុងវាយកញ្ចក់រថយន្ត ហើយពួកគេ បានឈប់ម៉ូតូមើល ភ្លាមនោះ ស្រាប់តែមានសមត្ថកិច្ចអាវុធហត្ថចុះមកដល់កន្លែងកើតហេតុ និងបានសួរនាំ មកលើរូបគេទាំង ០២នាក់ តែដោយមានសភាពគួរឲ្យសង្ស័យទៅលើរូបគេ ទើបសមត្ថកិច្ចអាវុធហត្ថបានធ្វើការឆែកឆេរ ក៏ឃើញប្រដាប់កាច់ ក ម៉ូតូរាងអក្សរ អ៊ី និងមានសម្ភារៈសំរាប់ឆ្កិះសោរម៉ូតូ ផ្សេងទៀត ដោយឃើញមានសម្ភារៈទាំងនេះ សមត្ថកិច្ចអាវុធហត្ថ បានឃាត់រូបគេទាំង ០២នាក់ តែម្តង។ ឈ្មោះ សុខ ម៉ៅ បានប្រាប់ឲ្យដឹងទៀតថា រូបគេធ្លាប់ប្រើប្រាស់គ្រឿងញៀន រយៈពេលកន្លះខែមកហើយ គ្រឿងញៀនដែលរូបទិញយកមកប្រើប្រាស់ នៅម្តុំផ្លូវរថភ្លើង រោងចក្រឆ្នាំង ខណ្ឌទួកគោក ដោយមួយកញ្ចប់តម្លៃ ០២ម៉ឺនរៀល។
#PhnomPenhGRK