តាមរកជាងកន្លះឆ្នាំ ទើបតែបានជួបមុខអាធ្មេញ!

0
7483

ភ្នំពេញ៖ អាធ្មេញ គឺជាឈ្មោះហៅក្រៅ របស់មុខសញ្ញាចោរឆក់ ដ៏មហាសកម្មក្នុងរាជធានីភ្នំពេញ ដែលតែងតែរត់គេចខ្លួនរួច ពីការតាមប្រម៉ាញ់របស់សមត្ថកិច្ច ទើបតែត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ចាប់ខ្លួនរួមជាមួយបក្ខពួក០២នាក់ទៀត និងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧នេះ។

កន្លងមកសកម្មភាពចោរឆក់ទាំងនេះ អាវុធហត្ថរាជធានីភ្នំពេញ បានចូលរួម យកចិត្តទុកដាក់ ដុតដៃដុតជើងយ៉ាងខ្លាំង ក្នុងប្រតិបត្តិការពង្រាយកម្លាំងតាមដាន ពួនស្ទាក់ និងប្រដេញតាមបង្ក្រាប ទាំងយប់ទាំងថ្ងៃ រហូតបង្ក្រាបបានជាច្រើនករណី និងបញ្ជូនជនសង្ស័យទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ជាច្រើននាក់រួចមកហើយ។ ហើយថ្មីៗនេះគឺកាលពីយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ សូម្បីតែលោកមេបញ្ជាការកងរាជអាវុធហត្ថ រាជធានី ភ្នំពេញ គឺលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានដេញចាប់ចោឆក់ដោយផ្ទាល់ រហូតដួលរបួសដៃជើងផងដែរ។

បើទោះបីជាមានការលះបង់កម្លាំងកាយ កម្លាំងចិត្តនិង ពេលវេលា ក្នុងការល្បាតពួនស្ទាក់ទាំងយប់ទាំងថ្ងៃ របស់សមត្ថកិច្ច និងមានការប្រថុយប្រថានអាយុជីវិត ប្រឈមជាមួយគ្រោះថ្នាក់ ក្នុងការប្រដេញតាមចាប់ ក្រុមចោរឆក់ទាំងនេះយ៉ាងណាក្តី ក៏ក្នុងនោះនៅមានបក្ខពួកចោរឆក់មួយចំនួនតែងរត់គេចខ្លួនរួច ហើយនៅមិនខ្លាចរអារបង្កើនសកម្មភាពឆក់ រឹតតែប្រយ័ត្ន ជាងមុនទៀត ។

ជាក់ស្តែងអាធ្មេញ មានឈ្មោះពេញហៅថា សោម ម៉ារ៉ានិត ឬ ហៅខ្មៅ អាយុ១៧ឆ្នាំ មានមុខរបរជាបុគ្គលិកណាហ្កាវើល ស្នាក់នៅផ្ទះលេខ១១២ ផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ គឺជាបក្ខពួកម្នាក់ ដែលតែងតែរត់គេចខ្លួនរួចពីការតាមចាប់របស់សមត្ថកិច្ច ក្នុងចំណោមក្រុមចោរឆក់ជាច្រើននាក់ទៀត ដែលសមត្ថកិច្ចបានបង្ក្រាបនិងបញ្ជូនទៅតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ។ អាធ្មេញ រួមជាមួយបក្ខពួក០២នាក់ទៀត ឈ្មោះ សុខ វ៉ា ហៅ ហាក់ វណ្ណឆៃ កើតឆ្នាំ២០០១ និង ឈ្មោះ ដារ៉ា វិទូ កើតឆ្នាំ២០០៣ ត្រូវបានអាវុធហត្ថខណ្ឌដូនពេញ ឃាត់ខ្លួនបានកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង ១៩ និង១០នាទី នៅចំណុចផ្លូវ១៧៨កែងផ្លូវលេខ១៣ ក្រុម៨ ភូមិ២ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ខណៈពេលដែលពួកគេមានគ្នា៤នាក់(រត់រួចម្នាក់) កំពុងធ្វើសកម្មភាព ឆក់កាបូបជនជាតិអូស្ត្រាលី ឈ្មោះ ដាវីណា អ៊ីសាក់ ភេទស្រី អាយុ១៧ឆ្នាំ ជាសិស្សសាលា ដែលកំពុងដើរតាមផ្លូវជាមួយ មិត្តភក្តិ។ កញ្ញា Davina Issac មានការរន្ធត់និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះតែនេះគឺជាលើកទីមួយហើយសម្រាប់នាង មកកាន់ប្រទេសកម្ពុជា ស្រាប់តែជួបហេតុការចោរឆក់កាបូបយ៉ាងដូច្នេះ តែនាងក៏បានសម្តែងការថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅ ចំពោះសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលចាប់ក្រុមចោរឆក់បាន និងយកកាបូបប្រគល់ជូននាងវិញ ។

តាមការស្រាវជ្រាវនិងវិធានការជំនាញរបស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យឈ្មោះ សោម ម៉ារ៉ានិត ហៅធ្មេញ ហៅខ្មៅ បានសារភាពថា កន្លងមករូបគេរួមជាមួយបក្ខពួកតែងចេញរកស៊ី(ជិះម៉ូតូឆក់តាមផ្លូវ) ជារៀងរាល់ថ្ងៃ ដោយមុនពេលចេញរកស៊ី(ឆក់) ពួកគេជួបជុំគ្នានៅកោះពេជ្រ និងម្តុំមុខណាហ្កាឬឌ្រីមឡែនចាស់។ ហើយរយៈកាលកន្លងមកនេះ ពួកគេចេញឆក់បានប្រហែលជាង១២០ដង ដោយឆក់បានសម្រេចខ្លះ មិនបានសម្រេចខ្លះ ក្នុងនោះមានដូចជាឆក់កាបូបជនបរទេសបានប្រាក់១៤០ដុល្លារ នៅមុខវត្តឧណ្ណាឡោម ។ ឆក់កាបូប បានប្រាក់២៥០ដុល្លារ និងទូរស័ព្ទដៃ០២គ្រឿង នៅមុខសាលាព្រះស៊ីសុវត្ថិ។ ឆក់កាបូបបានប្រាក់៤០០ដុល្លារ និងទូរស័ព្ទ០១គ្រឿង នៅផ្លូវនរោត្តម កែងផ្លូវ២១៤ ។ ឆក់បានទូរស័ព្ទ០១គ្រឿង នៅផ្លូវ១៧៨កែងផ្លូវ១៣។ ឆក់កាបូបបានប្រាក់១៥ដុល្លារ និងទូរស័ព្ទ០១គ្រឿង នៅផ្លូវ១៧៨កែងផ្លូវ១៣ម្តងទៀត។ ឆក់បានទូរស័ព្ទ០១គ្រឿង នៅផ្លូវ១៧៨ កែងផ្លូវ១៣ដដែលទៀត។ ឆក់កាបូបបាន ប្រាក់ ២៥០ដុល្លា និងទូរស័ព្ទ០១គ្រឿង នៅមុខវត្តឧណ្ណាឡោម និងឆក់ជាង១០០ករណីទៀត ច្រើននៅម្តុំក្រោយសាលាព្រះស៊ីសុវត្ថិ ម្តុំមាត់ទន្លេ មុខផ្សាររាត្រី និងម្តុំផ្សារកណ្តាល។
#PhnomPenhGRK

FB_IMG_1512112966573

FB_IMG_1512112978605

FB_IMG_1512112976175

FB_IMG_1512112973997

FB_IMG_1512112972341

Facebook Comments
Loading...