អាជ្ញាធរខេត្តមណ្ឌលគិរីកំពុងប្រមូលទិន្នន័យបន្ថែមរៀបចំឯកសារព្រៀង ដើម្បីចងក្រងអំពីវប្បធម៌ របស់ជនជាតិដើម

0
5823

ខេត្តមណ្ឌលគិរី៖ អាជ្ញាធរខេត្តមណ្ឌលគិរីបាននឹងកំពុងប្រមូលទិន្នន័យបន្ថែម ដើម្បីរៀបចំឯកសារព្រៀង ចងក្រងអំពីវប្បធម៌ របស់ជនជាតិដើមភាគតិចនៅក្នុងខេត្តមណ្ឌលគិរី ធ្វើការបោះពុម្ពជាសៀវភៅចែកចាយ និងតម្កល់ទុកក្នុងបណ្ណាល័យនានាក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងអភិរក្សប្រពៃណីរបស់ខ្មែរភាគតិចឲ្យនៅគង់វង្សមិនសាបសូន្យ ដែលអាចបន្តដល់ក្មេងៗ ជំនាន់ក្រោយបានស្គាល់ និងយល់អំពីវប្បធម៌របស់ជនជាតិដើមភាគតិច ។

ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្តមណ្ឌលគិរី លោក សី ទូច បានឲ្យដឹងនៅថ្ងៃទី២៥ខែ វិច្ឆិកា ឆ្នាំ២០១៧នេះថា បច្ចុប្បន្នមន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្តមណ្ឌលគិរី បានទទួលទិន្នន័យជាច្រើនពាក់ព័ន្ធនិងវប្បធម៌របស់ជនជាតិដើមភាគតិចនៅក្នុងខេត្តមណ្ឌលគិរី តាមរយៈការចុះទៅសិក្សាស្រាវជា្រវផ្ទាល់នៅតាមមូលដ្ឋានរបស់បងប្អូនជនជាតិដើម ភាគតិច ។ហើយអ្វីដែលមន្ទីរវប្បធម៌ខេត្តមណ្ឌលគិរី បាននិងកំពុងរៀបចំឯកសារបោះពុម្ពជាសៀវភៅផ្លូវការលើកដំបូងនោះ រួមមានដាក់បញ្ចូលប្រវត្តិដើមរបស់ជនជាតិចារ៉ាយ វិធីធ្វើមេដំបែ និងរបៀបបិទស្រាពាងរបស់ជនជាតិព្នង ព្រមទាំងមុខម្ហូប ទាំង១៣មុខរបស់ជនជាតិព្នង ។

ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្តមណ្ឌលគិរីបានឲ្យដឹងទៀតថា ពាក់ព័ន្ធនិងការចងក្រងអំពីវប្បធម៌របស់ ជនជាតិដើមភាគតិចទាំងបីចំណុចខាងលើនេះ គឺមន្ទីរវប្បធម៌កាលពីពេលថ្មីៗនេះ បានរៀបចំសិក្ខាសាលាឆ្លងយោបល់ ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បះ អាជ្ញាធរខេត្តមណ្ឌលគិរី និងអ្នកពាក់ព័ន្ធរួចហើយ ដែលមានន័យថាគម្រោងនៃការបោះពុម្ពជាសៀវភៅអំពីផ្នែកខ្លះ នៃវប្បធម៌របស់ជនជាតិដើមភាគតិចនៅក្នុងខេត្តមណ្ឌលគិរី ជាលើកដំបូងនេះ គឺមានអាត្រា ជោគជ័យ៩០%ហើយ ដោយមន្ទីរវប្បធម៌និងវិចិត្រសិល្បះខេត្តមណ្ឌលគិរី កំពុងប្រមូលឯកសារបន្ថែមពីជនជាតិភាគតិច បន្តិចបន្តួចទៀតតែប៉ុណ្ណោះ នឹងអាចបោះពុម្ពជាសៀវភៅបាននៅដើមឆ្នាំ២០១៨ខាងមុខនេះ ។

លោក សី ទូច បានបញ្ជាក់ថា ផែនការបោះពុម្ពសៀវភៅវប្បធម៌ជនជាតិដើមភាគតិចក្នុងខេត្តមណ្ឌលគិរី ដែល លើកយកចំណុច០៣ដាក់បញ្ចូល រួមមាន ប្រវត្តិដើមរបស់ជនជាតិចារ៉ាយ វិធីធ្វើមេដំបែ និងរបៀបបិទស្រាពាងរបស់ ជនជាតិព្នង ព្រមទាំងមុខម្ហូបទាំង១៣មុខរបស់ជនជាតិព្នងនេះ គឺគ្រាន់តែជាជំហ៊ាន០១ក្នុងការបោះពុម្ពប៉ុណ្ណោះ ហើយ ក្រោយពេលការបោះពុម្ពសៀវភៅវប្បធម៌ជនជាតិដើមភាគតិច បានរួចរាល់ក្នុងពេលឆាប់ៗខាងមុខ មន្ទីរវប្បធម៌និងវិចិត្រ សិល្បះខេត្តមណ្ឌលគិរី នឹងពិនិត្យស្រាវជា្រវបន្តទៀតទៅលើចំណុចសំខាន់នៃវប្បធម៌របស់ជនជាតិភាគតិច ដើម្បីចងក្រង បោះពុម្ពសៀវភៅបន្ថែមទៀត ក្នុងបំណងរក្សាឲ្យបាននូវប្រពៃណីវប្បធម៌របស់ពួកគេឲ្យគង់វង្សជានិរន្តរ៍ ៕ ដោយ(មនោរម្យ)

IMG-20171125-WA0030

IMG-20171125-WA0032

IMG-20171125-WA0033

IMG-20171125-WA0034

Facebook Comments
Loading...