លោក សុខ សម្បត្តិ ណែនាំឲ្យជ្ញាធរ កម្លាំងប៉ូលិស និងកងរាជអាវុ​ធ​ហត្ថ ត្រូវការពាររក្សាសន្តិសុខសណ្តាប់ធ្នាប់ របៀបរាបរយសាធារណៈឲ្យបានល្អប្រសើរ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ

0
335

ភ្នំពេញ ៖  លើកឡើងក្នុងប្រជុំសាមញ្ញលើកទី៥៨ អាណត្ដិទី៣ របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង កាលពីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ លោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកងបានមានប្រសាសន៍ថា យើងជាអាជ្ញាធរថ្នាក់ខណ្ឌ សង្កាត់ ត្រូវការពាររក្សាសន្តិសុខសណ្តាប់ធ្នាប់ របៀបរាបរយសាធារណៈឲ្យបានល្អប្រសើរ ជូនប្រជាពលរដ្ឋក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ដែលនិងចូលមកដល់នាពេលឆាប់ៗខាងមុខនេះ ពិសេសភ្ញៀវបរទេសដែលពួកគាត់មកកំសាន្តក្នុងរាជធានីភ្នំពេញរបស់យើង។

ក្នុងកិច្ចប្រជុំនេះផងដែរលោកសុខ សម្បត្តិ បាន​ធ្វើ​ការ​ណែនាំដល់គណៈបញ្ជាការឯក​ភាពរដ្ឋ​បាលសង្កាត់ទាំង៧ ត្រូវ​អនុវត្ត​ឲ្យ​បាន​ជោគជ័យ​នូវ​ ​គោល​នយោបាយ​ភូមិ​ សង្កាត់ មានសុវត្ថិ​ភាព និងបន្តប្រឹង​ប្រែងបំពេញតួនាទី ភារកិច្ច និងបេសកកម្ម ឲ្យកាន់​តែស​កម្ម​ថែមទៀត ក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាប នូវរាល់បទល្មើសផ្សេងៗក្នុងដែនសមត្ថកិច្ច សំ​ដៅ​កសាងបាននូវទំនុកចិត្ត និងការជឿជាក់ពីបងប្អូន​ប្រជា​ពលរដ្ឋប្រកបដោយប្រសិទ្ធភាពខ្ពស់។

លោកអភិបាលខណ្ឌ បានលើកឡើងទៀតថា ក្នុងឱកាសបុណ្យ ចូលឆ្នាំខ្មែរ មកដល់ បងប្អូនប្រជាពលរដ្ឋ នឹងត្រូវធ្វើដំណើរ ទៅកាន់ស្រុកកំណើត ឬទៅទីអារាមនានា ដើម្បីធ្វើបុណ្យទាន និងជួបជុំបងប្អូន ក្រុមគ្រួសារ។ ដូចនេះ អាជ្ញាធរ ត្រូវការយកចិត្តទុកដាក់ ថែរក្សាសន្ដិសុខសុវត្ថិភាព ក្នុងមូលដ្ឋាន ដោយចាត់ចែងកម្លាំង យាមកាម ប្រចាំការ កម្លាំងល្បាតនិងឈរជើងតាមគោលដៅ តាមទីប្រជុំជន ទីសប្បាយភាព នានា និងតាមវត្តអារាម ដើម្បីការពារសន្តិសុខ សុវត្ថិភាព ជូនពួកគាត់។ ជាមួយនេះសង្កាត់ ភូមិ ត្រូវណែនាំ ប្រជាពលរដ្ឋរៀបចំផ្ទះសម្បែង ដោតទង់ជាតិទង់ជា្វលា តាមគេហដ្ឋាន បោសច្រាស ឲ្យបានស្អាតបាតនិងតុបតែងភ្លើង ផ្កាភ្ញី ដើម្បីចូលរួមអបអរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិដ៍ធំមួយនេះ។

ជាងនេះទៅទៀតអាជ្ញាធរយើង ត្រូវផ្សព្វផ្សាយជូនប្រជាពលរដ្ឋ និងតាមផ្សារត្រូវមានបំពង់ពន្លត់អគ្គីភ័យ ដើម្បីបង្ការនិងទប់ស្កាត់ គ្រោះអគ្គីភ័យដែលនិងអាចកើតឡើងជាយថាហេតុ ដោយសាររដូវនេះជារដូវក្ដៅ ដូចនេះបើយើងខ្វះការប្រុងប្រយ័ត្ន គ្រោះអគ្គីភ័យ នឹងអាចកើតមានឡើងគ្រប់ពេលវេលា។

គួបញ្ជាក់ថា របៀបវារៈក្នុងកិច្ចប្រជុំពិនិត្យ និងអនុម័តនេះរួមមាន

១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៥៧ របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង  អាណត្តិទី៣។

២-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែមីនា និងទិសដៅការងារខែមេសា ឆ្នាំ២០២៤ របស់រដ្ឋបាលខណ្ឌបឹងកេងកង។

៣-ពិនិត្យ និងអនុម័តការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្រ្តីរាជការ បុគ្គលិក ប្រចាំខែមីនា ឆ្នាំ២០២៤ របស់រដ្ឋបាលខណ្ឌបឹងកេងកង។

៤-ពិនិត្យ និងអនុម័ត ប្រតិទិនស្តីពីការកសាងកម្មវិធីវិនិយោគ បីឆ្នាំរំកិល ឆ្នាំ២០២៥-២០២៧ របស់រដ្ឋបាលខណ្ឌបឹងកេងកង

៥-បញ្ហាផ្សេងៗ៕

 

Facebook Comments
Loading...