ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ ស្នើឲ្យរដ្ឋបាលខណ្ឌ បន្ដពង្រឹងការងារ ភូមិសង្កាត់មានសុវត្ថិភាព ឲ្យបានប្រសើរថែមទៀត ពិសេសបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខ

0
240

ភ្នំពេញ ៖ លើកឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៨ អណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ នាព្រឹកថ្ងៃទី២៩ ខែមីនា នេះ លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ បានស្នើឲ្យរដ្ឋបាលខណ្ឌ បន្ដពង្រឹងការងារ ភូមិសង្កាត់មានសុវត្ថិភាព ឲ្យបានកាន់តែល្អប្រសើរ ទាំងការ ការពារសន្ដិសុខមូលដ្ឋានជាក់ស្ដែង ទាំងការធ្វើវេទិកាសាធារណៈ។ ចំពោះការធ្វើវេទិកាសាធារណៈ តាមបណ្ដាសង្កាត់និមួយៗសូមធ្វើជាប្រចាំខែ  ដោយអញ្ជើញ តំណាងមកពីថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិព្រមទាំង អង្គភាពពាក់ព័ន្ធចូលរួម និងត្រូវធ្វើនៅតំបន់ដែលមានបញ្ហាប្រឈម ដើម្បីទទួលបានព៌តមានដោយផ្ទាល់ពីប្រជាពលរដ្ឋនៅទីនោះ ក្នុងបំណងរួមគ្នាដោះស្រាយ បញ្ហាទាំងឡាយឲ្យបាន ជូនប្រជាពលរដ្ឋ។

ឆ្លើយតបទៅនឹងសំណើរខាងលើ លោក ជា ខេមា អភិបាលនៃគណៈអភិបាល ខណ្ឌដូនពេញ បានលើកឡើងថា កន្លងមករដ្ឋបាលខណ្ឌ ដូនពេញបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើបញ្ហាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ បរិស្ថានអនាម័យ ក្នុងមូលដ្ឋាន។ កងកម្លាំងក្រោមឱវាទ ទាំងថ្នាក់ខណ្ឌ សង្កាត់ និងភូមិ បានយកចិត្តទុកដាក់ពង្រឹងការអនុវត្តគោលនយោបាយ ភូមិសង្កាត់មានសុវត្ថិភាពយ៉ាងខ្លាំងក្លាបំផុត លើការងារ ការពារសន្ដិសុខ សុវត្ថិភាព ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ ក្មេងទំនើង ពិសេសគឺក្មេងទំនើងវាយកាប់ចាក់គ្នាតាមដងផ្លូវ និងតាមសួនច្បារជាដើមដើម្បីថែរក្សាសន្ដិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ ជូនប្រជាពលរដ្ឋ។

លោកអភិបាលខណ្ឌ បានចាត់ទុកថា សន្ដិសុខមូលដ្ឋានគឺជាបញ្ហាសំខាន់ ដែលអាជ្ញាធរ ត្រូវយកចិត្តទុក ដាក់បំផុត ព្រោះ វាជាមូលដ្ឋានក្នុងការធានា ក្នុងការរស់នៅ ការប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋ។

លោក ជា ខេមា មានប្រសាសន៍បន្ថែមថា នៅតែជាង១០ថ្ងៃទៀតប៉ុណ្ណោះ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរនឹងចូលមកដល់ ពេលនោះសាលារាជធាភ្នំពេញ បានដាក់ឲ្យតាមខណ្ឌទាំង១៤ រៀបចំកម្មវិធីសង្ក្រាន្ដឆ្នាំថ្មីនៅក្នុងមូលដ្ឋានរបស់ខ្លួន សម្រាប់ខណ្ឌដូនពេញគឺរៀបចំសង្ក្រាន្ដនៅរមណីយដ្ឋានវត្តភ្នំ។ បើតាមការរំពឹងទុក ឆ្នាំនេះ នឹងមានភ្ញៀវទេសចរទាំង ជាតិនិង អន្ដរជាតិ ច្រើនជាងឆ្នាំ២០២៣។ ដើម្បីធានាបានសន្ដិសុខ សុវត្ថិភាពបានល្អនៅទីនោះ គណៈបញ្ជាការឯកភាពខណ្ឌត្រៀមដាក់ទីបញ្ជាការស្រាលចំនួន៥កន្លែង ខណៈឆ្នាំកន្លងទៅគឺដាក់តែ៣កន្លែងប៉ុណ្ណោះ។ ដូចនេះទាមទារឲ្យកងកម្លាំងរបស់យើង យកចិត្តទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់ ពិសេស ក្នុងរយៈពេល៥ថ្ងៃគឺចាប់ពីថ្ងៃទី១៣ ខែមេសា រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ អំឡុងពេលនេះកម្លាំងរបស់យើង គឺមិនអនុញ្ញាតិច្បាប់ឡើយ លើកលែងតែ មានជម្ងឺប៉ុណ្ណោះ។

ជាមួយនេះ លោក ជា ខេមា បានបញ្ជាក់ជូនដល់ រដ្ឋបាលសង្កាត់ទាំង១១ ពាក់ព័ន្ធទៅនឹងតម្លៃផ្ញើម៉ូតូ ដែលតែងតែមានបញ្ហានាពេលកន្លងមក សម្រាប់ឆ្នាំនេះ គឺមិនអនុញ្ញាតឲ្យយកតម្លៃហួសហេតុនោះឡើយ សូម​កុំឆ្លៀតឱកាស កន្ទេលធំបន្លំដេក។ សម្រាប់តម្លៃផ្ញើម៉ូតូនេះ សូមរង់ចាំកិច្ចប្រជុំរបស់សាលារាជធានីភ្នំពេញ សិន ក្រោយពីទទួលបានការកំណត់ពីសាលារាជធានីភ្នំពេញហើយ រដ្ឋបាលខណ្ឌនឹងធ្វើការផ្សព្វផ្សាយដល់សង្កាត់  ដើម្បីផ្សព្វផ្សាយបន្ដនិង អនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់៕

Facebook Comments
Loading...