កំពង់ស្ពឺ ៖ បុរសម្នាក់ គេស្គាល់ថាជាមន្រ្តីសុយោដី ប្រចាំស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បើករថយន្ដ ម៉ាក FORD ធ្វើដំណើរចេញពីទិសខាងកើតឆ្ពោះទៅទិសខាងលិច ផ្លូវស្របតាមបណ្ដោយស្ទឹងព្រែកត្នោត លុះមកដល់ចំណុចមុខសួនរូបសម្ដេចព្រះសង្ឃរាជ ជួន ណាត បានបត់ឡើងលើសួនច្បារ សាធារណៈ មុខទីស្នាក់ការខេត្ត ក្បែររង្វង់មូលវិមានឯករាជ្យកំពង់ស្ពឺ ដែលហេតុការនេះកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២៤។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា បុរសម្នាក់ដែលត្រូវបានមហាជនស្គាល់ឈ្មោះ ឡេង ដារ៉ា អាយុ៥២ឆ្នាំ មុខរបរជាមន្រ្តីសុយោដី ប្រចាំស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ មានទីលំនៅភូមិចំបក់ ឃុំវល្លិ៍សរ ស្រុកសំរោងទង បានបើករថយន្ដ ម៉ាកFORD RANGER XLT ពណ៌ស ពាក់ផ្លាកលេខកំពង់ស្ពឺ 2C.1972 ធ្វើដំណើរចេញពីទិសខាងកើតឆ្ពោះទៅទិសខាងលិច ផ្លូវស្របតាមបណ្ដោយស្ទឹងព្រែកត្នោត លុះមកដល់ចំណុចមុខសួនរូបសម្ដេចព្រះសង្ឃរាជជួនណាត បានបត់ឡើងលើសួនច្បារសាធារណៈមុខទីស្នាក់ការខេត្ត ក្បែររង្វង់មូលវិមានឯករាជ្យកំពង់ស្ពឺ។ ក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើបណ្ដាលឱ្យមនុស្សម្នាដែលកំពុងតែធ្វើដំណើរចេញចូល ហាត់ប្រាណរត់ជាន់ជាន់ជើងគ្នាដោយសារតែភ័យលោះព្រលឹង។ បន្ទាប់មកបុរសជាអ្នកបើកបររថយន្ដបានបើកទ្វាចេញមកដោយអាការៈស្រវឹងជោកជាំ ហើយស្រែកថាមិនអីទេទុកឲ្យខ្ញុំដោះស្រាយៗៗ។
ក្រោយសមត្ថកិច្ចជំនាញចរាចរណ៍តេស្ដ អ្នកបើកបររថយន្តបង្ក ជាមួយឧបករណ៍គឺមានជាតិស្រវឹង ១.៥៥ mg/L និងបានធ្វើការផាកពិន័យតាមនិតិវិធី រីឯការខូចខាតសម្ភារៈជំនាញបានប្រគល់ជូនរដ្ឋបាលខេត្ដដើម្បីដោះស្រាយលើសំណង៕