រដ្ឋមន្ត្រីក្រសួងព័ត៌មាន ! ការបណ្តុះបណ្តាលផ្នែកសារព័ត៌មានការធ្លាក់ចុះ ដែលជាហេតុធ្វើឱ្យដើរបញ្ច្រាសនូវក្របខ័ណ្ឌគរុកោសល្យ និងក្រមសីលធម៌

0
265

ភ្នំពេញ ៖ ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ក្នុងរយៈកន្លងមកនេះ ការបណ្តុះបណ្តាលផ្នែកសារព័ត៌មានការធ្លាក់ចុះ ដែលជាហេតុធ្វើឱ្យមានការកើនឡើង នៃការផ្សាយព័ត៌មានតាមអនឡាញ យ៉ាងគំហុក ហើយបានដើរបញ្ច្រាសនូវក្របខ័ណ្ឌគរុកោសល្យ និងក្រមសីលធម៌។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កាលពីមុន គឺមុននឹងក្លាយជាអ្នកសារព័ត៌មាន ទាល់តែឆ្លងកាត់ការបណ្តុះបណ្តាលជំនាញសារព័ត៌មានសិន តែឥឡូវនេះអត់ទេ។ ដោយស្នើសុំអាជ្ញាប័ណ្ណសារព័ត៌មានសិន ទើបរៀនជំនាញជាក្រោយ។ ចំណុចនេះ ជាបញ្ហាគឺមិនចេះជំនាញកាសែតសោះ បែរជាសរសេព័ត៌មានឱ្យគេអាន ឬស្តាប់។

ឯកឧត្តមបន្តថា នេះជាចំណុចដែលដើរបញ្ច្រាសធ្វើឱ្យកំណើន ការផ្សាយព័ត៌មានតាមអនឡាញច្រើន រហូតដល់ពេលនេះ ប្រព័ន្ធផ្សព្វផ្សាយដែលទទួលចុះបញ្ជិកា នៅក្រសួងព័ត៌មាន ជាង២ពាន់ នៅក្នុងនោះគេហទំព័រ TV អនឡាញ ចំនួន៩៣៣ កាសែតបោះពុម្ភ ទូរទស្សន៍ចំនួន១៩កាណាល់ និងបណ្តាញផ្សាយ ផ្សេងៗទៀត រួមទាំងវិទ្យុជាច្រើនទៀត។

ឯកឧត្តមរដ្ឋមន្ត្រី បានរំលេចពីសន្តិសុខព័ត៌មានថា ក្រសួងបានផ្តោតសំខាន់៣ចំណុចគឺទី១. ការទទួលបានព័ត៌មានរបស់ប្រជពលរដ្ឋ ទី២.ព័ត៌មានដែលមានគុណភាព(គុណភាព អ្នកកាសែត) ទី៣. សុវត្ថិភាពសារព័ត៌មាន ដែលសំដៅលើព័ត៌មានដែលបង្កើតឡើង បញ្ចេញ ផ្សព្វផ្សាយ គឺជាព័ត៌មាន មានភាពត្រឹមត្រូវ ពិតប្រាកដ មិនពុល។ បើសិន ប្រជាពលរដ្ឋពុលដោយសារព័ត៌មាននោះនឹងពិបាក ដូច្នេះហើយក្នុងនាមជាក្រសួង ដែលអ្នកផ្សព្វផ្សាយរដ្ឋផង វិធានការច្បាប់ផង គឺចាំបាច់ត្រូវគ្រប់គ្រងសន្តិសុខព័ត៌មានឱ្យបានពេញលេញ។

ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថា សន្តិសុខព័ត៌មានផ្នែកមួយក្នុងការជួយពង្រឹងសន្តិសុខសម្រាប់ជាតិ សណ្តាប់ធ្នាប់ និងស្ថេរភាពសម្រាប់ប្រទេសផងដែរ។

ឯកឧត្តមបានបន្តថា នៅក្នុងឆ្នាំ២០២៤នេះក្រសួងនឹងពិនិត្យស្ថានភាពមន្ត្រីចំនួន៣ចំណុច គឺ១.មន្ត្រីដែលជាទ្រព្យ ២.មន្ត្រីបំណុល និង៣.មន្ត្រីជើងច្រើន។ ស្ថានភាពនេះយើង ត្រូវធ្វើការវិភាគឡើងវិញនូវមុខងារ និងធ្វើការបណ្តុះបណ្តាលតម្រង់ទិសមន្ត្រីទាំងនោះ ឱ្យទៅបំពេញការងារនៅតាមផ្នែកផ្សេងៗ ដោយមិនទុកនៅស្ងៀមនោះទេ៕

 

Facebook Comments
Loading...