ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនលោក ខេង យ័ន អតីតអភិបាលក្រុងកែប ពីបទរំលោភអំណាច និងបទសម្អាតប្រាក់

0
361

ភ្នំពែញ ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក ទិត្យសុធី បូរ៉ាឆាត បានសម្រេចឃុំខ្លួន លោក ខេង យ័ន អតីតអភិបាលក្រុងកែប ពីបទរំលោភអំណាច និងបទសម្អាតប្រាក់ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤នេះ ។
តំណាងអយ្យការបានបេីកការស៊េីបសួរ លេីឈ្មោះ ខេង យ័ន អតីតអភិបាលក្រុងកែប រួចហេីយពីបទ រំលោភអំណាច និងបទសម្អាតប្រាក់ តាមមាត្រា ៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពេីពុករលួយ និងមាត្រា ៣ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ។
លោក ខេង យ័ន អតីតអភិបាលក្រុងកែប ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយធ្វើការឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ម៉ោងប្រមាណ ៤:៣០នាទីរសៀល។ ហើយបញ្ជូនសំណុំរឿងទៅកាន់តុលាការកាលពីនៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤។
សូមជម្រាបថា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញអនុក្រឹត្យបញ្ចប់តំណែងលោក ខេង យ័ន ពីអភិបាល នៃគណៈអភិបាលក្រុងកែប នៃខេត្តកែប។

Facebook Comments
Loading...