សម្ដេចធិបតី ហ៊ុន ម៉ាណែត ដកតំណែង លោក ខេង យ័ន ពីអភិបាលក្រុងកែប ដែលបានធ្វើឲ្យប៉ះពាល់ ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ

0
324

ភ្នំពេញ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រើអភិក្រមទាំង៥ ដោយបានចុះហត្ថលេខា បញ្ចប់មុខតំណែង លោក ខេង យ័ន ពីអភិបាលក្រុងកែប ក្រោយអភិបាលក្រុងរូបនេះ បានប្រើប្រាស់អំណាចនៃតួនាទីរបស់ខ្លួន ប្រព្រឹត្តអំពើដែលនាំឲ្យប៉ះពាល់ ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋជាច្រើន។

ជាមួយអនុក្រឹត្របញ្ចប់មុខតំណែង សម្ដេចធិបតី ហ៊ុន ម៉ាណែត បានភ្ជាប់នូវសារដ៏មានអត្ថន័យថា៖ «អភិក្រមទាំង៥÷ ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និង វះកាត់ ។ ថ្ងៃនេះខ្ញុំមានការចាំបាច់ ត្រូវអនុវត្តអភិក្រមទី៥ គឺ “ការវះកាត់” តាមរយៈការចុះហត្ថលេខា ដើម្បីបញ្ចប់មុខតំណែង របស់អភិបាលក្រុងកែប ដែលបានប្រើប្រាស់អំណាចនៃតួនាទីរបស់ខ្លួន ប្រព្រឹត្តអំពើដែលនាំឲ្យប៉ះពាល់ ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋជាច្រើន។ ការសម្រេចចិត្តនេះ គឺផ្អែកទៅលើមូលដ្ឋានច្បាស់លាស់ នៃការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថាមន្ត្រីទាំងអស់ របស់រាជរដ្ឋាភិបាល ទាំងថ្នាក់ជាតិនិងក្រោមជាតិ នឹងប្រកាន់ខ្ជាប់នូវអភិក្រមទី១ រហូតដល់ទី៤ ឲ្យបានជាប់ជាប្រចាំ ជាពិសេសក្នុងការបម្រើប្រជាពលរដ្ឋ ឲ្យបានល្អ និងដើម្បីជៀសវាងការឈាន ទៅដល់ការអនុវត្តអភិក្រមទី៥។

សម្ដេចសង្កត់ធ្ងន់ថា «ទោះជាយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលនឹងបន្តប្រកាន់ជំហរ យ៉ាងម៉ឺងម៉ាត់ ក្នុងការវះកាត់(អភិក្រមទី៥) ចំពោះមន្ត្រីដែលប្រព្រឹត្តអំពើខុសឆ្គងនាំ អោយប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិនិងប្រជាជន»៕

Facebook Comments
Loading...