សម្ដេចធិបតី ហ៊ុន ! ការអប់រំមនុស្សមួយ មិនប្រាកដថា ពួកគាត់ចេញទៅការងារ ទាល់តែប្រាក់ខែខ្ពស់នោះទេ

0
286

ភ្នំពេញ ៖ នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ចំនួន ១ ៦៩១នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងថា ការអប់រំមនុស្សមួយ មិនប្រាកដថា ពួកគាត់ចេញទៅការងារ ទាល់តែប្រាក់ខែខ្ពស់នោះទេ អ្នកខ្លះទៅធ្វើការក្នុងអង្គការសង្គមស៊ីវិល មានជំនាញខ្លួនស្រលាញ់ ដោយមិនគិតប្រាក់បៀវត្ស។

សម្តេចធិបតីមានប្រសាសន៍ទៀតថា ការបណ្តុះបណ្តាលធនធានមនុស្ស ជាការបង្កើតនូវឧត្តមប្រយោជន៍ជាច្រើនសម្រាប់ជាតិ ហើយសម្ដេច បានថ្លែងអំណរគុណចំពោះ លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាល បានខិតខំប្រឹងប្រែងបណ្តុះបណ្តាលផ្នែកអប់រំផ្សេងៗ ដើម្បីធ្វើឲ្យសិស្ស និងកូនៗ ទទួលបានលទ្ធផលល្អលើការសិក្សារបស់ខ្លួន។

សម្ដេចបញ្ជាក់ថា «មានការបញ្ចេញមាតិមួយដែលលើកឡើងថា តើការអប់រំរបស់យើង គឺដើម្បីបានប្រាក់ខែខ្ពស់មែនទេ? ខំរៀនទាល់តែប្រាក់ខែខ្ពស់បានរៀន តើអប់រំដើម្បីនេះ តែមួយគត់ឬទេ? គិតណាស់ ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន គឺជាគោលដៅធំរបស់យើង ការបង្កើនសមត្ថភាពឲ្យក្មួយៗ ឲ្យយុវជន ឲ្យប្រជាពលរដ្ឋរបស់យើងអាចមានលទ្ធភាព ចាប់យកជំនាញទៅបង្កើនលទ្ធភាព និងអាចរកអាជីពបានល្អ បង្កើនចំណូល ឬមួយធ្វើការ ឬបង្កើនអាជីពខ្លួនឯង តាមសមត្ថភាពខ្លួនឯង ដើម្បីបង្កើនជីវភាពគ្រួសារ ប៉ុន្ដែវាមិនមែនជ្រុងតែមួយប៉ុណ្ណោះទេ»។សម្ដេចនាយករដ្ឋមន្ដ្រីបន្ដថា ការអប់រំ មានចតុស្តម្ភចំនួន៤ សំខាន់ៗ ដែលត្រូវអប់រំមនុស្សមួយឲ្យទៅជាប្រជាពលរដ្ឋល្អ, អប់រំដើម្បីចំណេះដឹង យល់អំពីស្ថានភាពជុំវិញខ្លួន រៀនដើម្បីចេះធ្វើ ដើម្បីរស់នៅក្នុងសង្គមប្រកបដោយសុខដុមរមនាជាដើម។

សម្ដេចគូសបញ្ជាក់ថា «ចឹងអប់រំមនុស្សមួយ មិនប្រាកដថា គាត់ត្រូវចេញទៅ ត្រូវធ្វើការងារដែលមានទាល់តែប្រាក់ខែខ្ពស់នោះទេ អ្នកខ្លះមិនចាំបាច់ផង អ្នកខ្លះធ្វើការក្នុងអង្គការសង្គមស៊ីវិល ចូលរួមក្នុងជំនាញរបស់គាត់ អ្វីដែលគាត់ស្រលាញ់ ចូលរួមកសាងសង្គម ដោយមិនគិតប្រាក់បៀវត្ស»៕

Facebook Comments
Loading...