ក្រុមសម្ដែងឈ្មោះ គ្រូតឿ ហូបត្រីឆៅដែលមហាជនហៅថាពួកប្រែតនោះ ត្រូវបានសមត្ថកិច្ចបានហៅមកធ្វើការណែនាំ អប់រំ ហាមមិនឲ្យផលិតវីដេអូ បំពុលសង្គមទៀតឡើយ

0
320

ខេត្តកណ្តាល ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនសាធារណជនទៅនឹងគណនីហ្វេកប៊ុកឈ្មោះ Tran Ngoc Trang ដែលបានបង្ហោះវីដេអូសកម្មភាពក្រុមគ្រូតឿ បរិភោគត្រីអណ្តែងឆៅធ្វើឲ្យមតិមហាជនសំណូមពរឲ្យសមត្ថកិច្ចចាត់វិធានការណ៍លើកក្រុមនោះ។

ក្រោយពីទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឲ្យលោកអធិការនគរបាស្រុកខ្សាច់កណ្តាល ស្រាវជ្រាវករណីខាងលើជាបន្ទាន់។

ក្រោយពីធ្វើការស្រាវជ្រាវ នៅថ្ងៃសៅរ៍ ១០រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក  ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែ មករា ឆ្នាំ២០២៤ វេលាម៉ោង ១៦:០០នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារសួគ៌ នៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល បានហៅក្រុមសម្ដែង ឈ្មោះ គ្រូតឿ ចំនួន ០៦នាក់ ដែលក្រុមសម្ដែងនេះ បានថតវីដេអូ សម្ដែងបរិភោគ ត្រីឆៅ ចែកចាយវីដេអូនេះលើប្រព័ន្ធហ្វេសប៊ុកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារសួគ៌។ បន្ទាប់ពីសួរនាំកម្លាំងសមត្ថកិច្ចបានធ្វើការណែនាំ អប់រំ លើក្រុមសម្ដែងឈ្មោះ គ្រូតឿ ហាមដាច់ខាតមិនឲ្យផលិតវីដេអូបង្ហោះបរិភោគត្រីឆៅ និងវីដេអូផ្សេងៗដែលប៉ះពាល់ និងបំពុលសង្គមទៀតឡើយ។

ជាក់ស្តែង ក្រោយពីទទួលបានការណែនាំពីសមត្ថកិច្ចនគរបាល ក្រុមសម្ដែងគ្រូតឿ បានបង្ហោះវីដេអូធ្វើការសុំទោសជាសាធារណៈចំពោះការសម្ដែងរបស់ក្រុមខ្លួន ដែលធ្វើឲ្យប៉ះពាល់ដល់មតិសាធារណជនមិនពេញចិត្ត និងសន្យាកែតម្រូវនិងឈប់ផលិតវីដេអូទាំងនោះទៀតហើយ។

អាស្រ័យហេតុនេះសូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕

Facebook Comments
Loading...