៤នាក់ប្រើដាវ-ពូថៅកា..ប់បង្កហិង្សាដោយចេតនា ត្រូវបង្ក្រាបឃាត់ខ្លួនដោយកម្លាំងនគរបាលរាជធានី-ខេត្ត-ខណ្ឌ

0
245

(ភ្នំពេញ)៖ ក្រុមជំនាញខាងវាយទាត់ធាក់ និងប្រើដាវ-ពូថៅកាប់បង្កជាហិង្សាដោយចេតនាទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួសជាទម្ងន់ និងស្ទើរស្លា..ប់បាត់បង់ជី..វិតចំនួន២ករណីមកហើយ និងមានបក្ខពួកចំនួន៤នាក់ ពេលនេះត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយសមត្ថកិច្ចខណ្ឌជ្រោយចង្វារ និងសមត្ថកិច្ចស្នងការដ្ឋានខេត្តកណ្ដាល តាមស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនបានហើយ និងដកហូតបានវត្ថុតាងពាក់ព័ន្ធសកម្មភាពមួយចំនួនផងដែរ។

តាមសេចក្ដីរាយការណ៌ ដែលបណ្ដាញសារព័ត៌មានអង្គភាព CSN-NEWS ទទួលបាននៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ បានបញ្ជាក់នៅក្នុងរបាយការណ៌របស់ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថាការតាមស្រាវជ្រាវឃាត់ខ្លួនក្រុមជនសង្ស័យចំនួន៤នាក់ ដែលជុំនាញខាងវាយទាត់ធាក់ និងកាប់បង្កជាហិង្សាដោយចេតនាទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួសជាទម្ងន់ និងស្ទើរស្លា..ប់បាត់បង់ជី..វិតចំនួន២ករណីមកហើយនេះ បានអនុវត្តឡើងយ៉ាងយកចិត្តទុកដាក់តាមការដឹកនាំបញ្ជាពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យ ក្រោមការសម្របសម្រួលដោយតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ស្ថិតនៅចំណុចមាត់ទន្លេ ផ្លូវទន្លេសាប ក្រុម៧ ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ នាវេលាម៉ោង១៩៖៣០នាទីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣។

របាយការណ៌របស់លោកវរសេនីយ៍ទោ ម៉ម សាវន នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានបញ្ជាក់ថា ក្រោយបង្ក្រាប និងឃាត់ខ្លួនសួរនាំជាបន្តបន្ទាប់ពីការិយាល័យជុំនាញ, ក្រុមជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ពួកគេពិតជាបានព្រួតគ្នាយកដាវចំនួន៣ដើម និងពូថៅកាប់ជនរងគ្រោះបណ្ដាលឲ្យត្រូវថ្ពាល់ខាងឆ្វេងរយះពីគុមត្រចៀកដល់ចុងរង្វះមាត់ និងកំភួនជើងស្ដាំដាច់រយះដល់ឆ្អឹង ហើយរងរបួសជាទម្ងន់ និងសន្លប់បាត់ស្មារតី ដែលបានប្រព្រឹត្តនៅចំណុចមាត់ទន្លេ ផ្លូវទន្លេសាប ក្រុម៧ ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ នាវេលាម៉ោងប្រហែល៣៖១៥នាទីរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។ ជនរងគ្រោះនៅក្នុងករណីនេះឈ្មោះ ផល ចាន់វីស ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន វីរៈប៊ុនថាំ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ (កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត)។

ក្រុមជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចទៀតថា ពួកគេ (ក្រុមជនសង្ស័យទាំង៤នាក់) ពិតជាបានព្រួតគ្នាធ្វើសកម្មភាពយកដាវចំនួន៤ដើម និងរណាចំនួន១ កាប់និងអាដៃជនរងគ្រោះបណ្តាលឲ្យរងរបួសដៃទាំងសង្ខាង និងក្បាល ហើយកាប់បំផ្លិចបំផ្លាញម៉ូតូចំនួន១គ្រឿងទៀត ម៉ាកហុងដាសេ១២៥ កាំបន្ទះពណ៌ខ្មៅ សេរីឆ្នាំ២០១៧ ពាក់ផ្លាកលេខភ្នំពេញ ១GE-៥៧៩០ (បែកក្បាលម៉ូតូនិងកុងទ័រ) ដែលបានប្រព្រឹត្តនៅចំណុចផ្លូវលេខ២១ កែងផ្លូវលេខ១១០ ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល នាវេលាម៉ោងប្រហែល៣៖៤០នាទីកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ ជនរងគ្រោះនៅក្នុងករណីនេះឈ្មោះ ភាព មករា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាំងក្រូច សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនរងគ្រោះម្នាក់ទៀតឈ្មោះ ជឹម បញ្ញា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ (ជនរងគ្រោះរងរបួសក្បាល)។

របាយការណ៌លោកវរសេនីយ៍ទោ ម៉ម សាវន បានបញ្ជាក់ទៀតថា ជនសង្ស័យទី១-ឈ្មោះ ហឿន ប៊ុនលាភ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិខ២ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ទី២-ឈ្មោះ ហ៊ុន វិសាល ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិស្វាយរលំ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ទី៣-ឈ្មោះ ធី ម៉ា ហៅឡា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ១ ភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ទី៤-ឈ្មោះ នូ សុបញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជាមួយការតាមស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនក្រុមជនសង្ស័យទាំង៤នាក់ (ក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស) គឺសមត្ថកិច្ចដកហូតបានវត្ថុតាងពាក់ព័ន្ធសកម្មភាពមួយចំនួនដូចជា៖ ដាវដែកវៀចផ្លែប្រវែង៥៩សង់ទីម៉ែត្រចំនួន១ដើម, អាវធំក្រណាត់ពណ៌ក្រឡាស និងខ្មៅចំនួន១, ស្រោមដាវធ្វើពីស្បែក ពណ៌សូកូឡាប្រវែងកន្លះម៉ែត្រ ជាមួយម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ស សេរីឆ្នាំ២០២២ ដែលមានលេខតួ និងលេខម៉ាស៊ីន ៥១៦០៩៨១ ពាក់ផ្លាកលេខកណ្តាល ១AP-៥៣០៧ ចំនួន១គ្រឿង និង១គ្រឿងទៀត ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ (ប្តូរអាវពណ៌ស) សេរីឆ្នាំ២០២២ ដែលមានលេខតួ និងលេខម៉ាស៊ីន ៦៣៣៣៧១៩ ពាក់ផ្លាក់លេខកំពង់ធំ ១S-៥៨២៧។

ក្រោយបង្ក្រាបឃាត់ខ្លួន និងដកហូតវត្ថុតាងពាក់ព័ន្ធសកម្មភាពហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ហើយនឹងចម្លើយសារភាពពីជនសង្ស័យ កម្លាំងសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនិតិវិធី៕

 

 

Facebook Comments
Loading...