រដ្ឋបាលខណ្ឌបឹងកេងកង នឹងសម្រេចបានជាស្ឋាពរគម្រោង កសាង ជួសជុល កែលម្អហេដ្ឋារចនាសម្ព័ន្ធ របស់ឆ្នាំ២០២៣ 

0
513

 ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥២ អណត្តិទី៣របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក ហួត លាភពិសិដ្ឋ អភិបាលរងខណ្ឌ តំណាងលោកសុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌបឹងកេងកងបានអះអាងថា គម្រោងកសាង ជួសជុល កែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋានរបស់ រដ្ឋបាលខណ្ឌបឹងកេងកងសម្រាប់ ឆ្នាំ២០២៣ នឹងសម្រេចបានរួចរាល់ ជាស្ថាពរ តាមផែនការដែលបានកំណត់។

លោក អភិបាលរងបានលើកឡើងថា ក្នុងចំណោម គម្រោងជួសជុល កែលម្អ ហេដ្ឋារចនាសម្ព័ន្ធ ចំនួន៧ មាន៥គម្រោង សម្រេច បានរួចរាល់១០០% ហើយ ក្នុងនោះមានការជួសជុលផ្លូវដោយអ៊ុតកៅស៊ូ(AC) ចំនួន៣ខ្សែ ប្រវែង៦០០ម៉ែត្រ នៅផ្លូវលេខ ២៨២ បណ្តោយ៣២៤ម៉ែត្រ ទទឹង៦ម៉ែត្រកន្លះ ក្នុងសង្កាត់បឹងកេងកងទី១។ ផ្លូវលេខ៣៨៤ បណ្ដោយ១៤១ម៉ែត្រ ទទឹង៨ម៉ែត្រកន្លះ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ និងផ្លូវលេខ៣៥០ មានបណ្តោយ១៣៥ម៉ែត្រ ទទឹង៦ម៉ែត្រ ក្នុងសង្កាត់ទួលស្វាយព្រៃទី១។ ដាក់លូម្ខាងផ្លូវ២៧៤ ប្រវែង៣៣១ម៉ែត្រ មុខកាត់១ម៉ែត្រ នៅសង្កាត់ទួស្វាយព្រៃ២ និងការស្ដារប្រព័ន្ធលូដោះទឹកសម្រេចបាន១០០%ដែរ មានចំនួន២៩ខ្សែ ប្រវែង២០ពាន់៩០៧ម៉ែត្រ ក្នុងសង្កាត់ បឹងកេងកងទី២,បឹងកេងកងទី៣,អូឡាំពិក,ទំនប់ទឹក,ទួលស្វាយព្រៃទី១,ទួលស្វាយព្រៃទី២។

ចំណែកគម្រោង មិនទាប់បានបញ្ចប់ កំពុងអនុវត្ត គឺការដាក់ប្រព័ន្ធលូដោះទឹក ២ខ្សែ នៅផ្លូវលេខ២៧៦ ប្រវែង៧១៤ ម៉ែត្រ មុខកាត់៦តឹក ក្នុងសង្កាត់អូឡាំពិក កំពុងដំណើរការសម្រេចបាន៨០%ហើយ និងដាក់លូម្ខាងផ្លូវលេខ១៥៧ ប្រវែង៦៤ម៉ែត្រ មុខកាត់៨តឹក ក្នុង សង្កាត់អូឡាំពិក បានដាក់គ្រឿងចក្រចាប់ផ្ដើមដំណើរការ នៅថ្ងៃនេះ តែម្ដង។ តាមរយៈការខិតខំប្រឹងប្រែង របស់រដ្ឋបាលខណ្ឌ លោក ហួតលាភពិសិដ្ឋ អះអាងថា នឹងសម្រេច រួចរាល់ ជាស្ថាពរ១០០% តាមផែនការដែលបានកំណត់។

លោក អភិបាលរងបានលើកឡើងថា ការងារជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធក៏ជាកិច្ចការដ៏សំខាន់១ដែរ ដែលអាជ្ញាធរត្រូវយកចិត្តទុកដាក់ ពិសេសបញ្ហាប្រព័ន្ធលូរំដោះទឹក  ព្រោះថាមិនថានៅទីក្រុងឬជនបទឬនៅប្រទេសណា ទេ ស្ថានភាពអាកាសធាតុ នាពេលបច្ចុប្បន្ន ឲ្យតែពេលមានភ្លៀងធ្លាក់ជាបន្ដបន្ទាប់នោះ នឹងធ្វើឲ្យមានការជនលិចជាមិនខាន។ តាមការសង្កេត នៅក្នុងខណ្ឌបឹងកេងង គឺមានតែនៅម្ដុំ វិទ្យាល័យ ជាស៊ីមបឹងកេងកង ប៉ុណ្ណោះ ដែលមានការជនលិចជ្រៅ និងយូរជាងគេ ប៉ុន្ដែបើស្ថានីយ៍ បូមទឹក បូមទាន់ពេលវេលានោះការជន់លិចយ៉ាងយូរកន្លះម៉ោងគឺស្រកវិញអស់ហើយ។

លោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង បានលើកសរសើរ រដ្ឋបាលខណ្ឌបឹងកេងកង ដែលបានយកចិត្តទុកដាក់ អនុវត្ត ការងារ កសាងជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន។ ទន្ទឹមគ្នានេះ លោកបានស្នើ ឲ្យយកចិត្តទុកដាក់ផងដែរ លើបញ្ហាសន្ដិសុខសណ្ដាប់ធ្នាប់ ព្រោះថារដូវកាន់បិណ្ឌ និងភ្ជុំបិណ្ឌបានមកដល់ហើយ ដូចនេះសូមបង្កើនការយាមល្បាត ការពារសន្ដិសុខក្នុងមូលដ្ឋាន និងដាក់កម្លាំងយាមកាមតាមទីអារាមនានាផងដែរ ដើម្បីរក្សាបាននូវសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ៕

Facebook Comments
Loading...