សិស្សវិទ្យាល័យវត្តភ្នំ សន្ធរម៉ុក និងទឹកល្អក់ ៧នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ក្រោយធ្វើសកម្មភាពព្រួតគ្នាយកកាំបិតប៉ាំងតោ និងដាវសាំម៉ូរៃកាប់ជនរងគ្រោះបណ្តាលឲ្យរងរបួស និងខូចខាតម៉ូតូ៣ករណី

0
540

ភ្នំពេញ ៖ ជនសង្ស័យជាសិស្សវិទ្យាល័យវត្តភ្នំ សិស្សវិទ្យាល័យសន្ធរម៉ុក និងសិស្សវិទ្យាល័យទឹកល្អក់ដែលអាចហៅបាន ថាជាក្រុមក្មេងទំនើង ហើយតែងតែបង្កការអុកឡុក ដោយប្រើហិង្សា និងបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ (ព្រួតគ្នាយកកាំបិតប៉ាំងតោ និងដាវសាំម៉ូរៃកាប់លើជនរងគ្រោះបណ្តាលឲ្យរងរបួស និងកាប់ម៉ូតូជនរងគ្រោះបណ្តាលឲ្យរងការខូចខាត) ហើយត្រូវបានគេលួចថត និងដកស្រង់សកម្មភាពពីកាមេរ៉ាសុវត្ថិភាព ចំនួន៣ករណីមកហើយនោះ ពេលនេះត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តាមស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនបានជាបន្តបន្ទាប់ចំនួន៧នាក់ និងដកហូតបានមធ្យោបាយម៉ូតូជិះធ្វើសកម្មភាពចំនួន៣គ្រឿងផងដែរ ក្នុងការកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ជាធរមាន។

បើតាមលោក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានបញ្ជាក់ថា ការតាមស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន៧នាក់ ពាក់ព័ន្ធ (ព្រួតគ្នាយកកាំបិតប៉ាំងតោ និងដាវសាំម៉ូរៃកាប់លើជនរងគ្រោះបណ្តាលឲ្យរងរបួស និងកាប់លើម៉ូតូរបស់ជនរងគ្រោះបណ្តាលឲ្យរងការខូចខាត) គឺបានចាប់ផ្ដើមប្រតិបត្តិការឡើង នាវេលាម៉ោង១៦៖១០នាទីនាថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅចំណុចហាងកាហ្វេ អេសអិល តាមបណ្ដោយផ្លូវលេខ ១៣៨ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ស្ថិតនៅចំណុចសាលាឯកជនសុវណ្ណភូមិ តាមបណ្ដោយផ្លូវលេខ៤៧ និងស្ថិតនៅតាមបណ្ដោយផ្លូវបេតុងមួយកន្លែង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ក្រោយពីកម្លាំងការិយាល័យជុំនាញទទួលបានការដឹកនាំជម្រុញពីលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ ដែលស្ថិតក្រោមការដឹកនាំរបស់លោកឧត្តសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

លោកនាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ម៉ម សាវន បានបញ្ជាក់ទៀតថា ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៧នាក់ ហើយសួរនាំតាមជុំនាញអស់រយៈពេលប៉ុន្មានម៉ោងក្រោយមក ជនសង្ស័យបានឆ្លើយសារភាព ថានាវេលាម៉ោងប្រហែល២២៖

០០យប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ពួកគេបានព្រួតគ្នា ដោយយកកាំបិតប៉័ងតោ និងដាវសាំម៉ូរៃកាប់លើជនរងគ្រោះបណ្តាលឲ្យត្រូវកដៃរងរបួសជាទម្ងន់ និងកាប់ម៉ូតូរបស់ជនរងគ្រោះបណ្តាលឲ្យរងការខូចខាតចំនួន៣គ្រឿង ដែលបានប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ២៧ ផ្លូវលេខ៤១០ ក្រុម៣ ភូមិ១ សង្កាត់បឹងត្របែក ខណ្ឌចំការមន ដែលជាករណីទី១។ ជនរងគ្រោះក្នុងករណីទី១នេះ ឈ្មោះ ច្រិច សុខរីម ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ៣២ ផ្លូវលេខ៤៣២ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយរងរបួសដាច់រយៈសាច់កដៃឆ្វេង និងជើងរងរបួសជាទម្ងន់ និងខូចខាតសម្ភារម៉ូតូចំនួន៣គ្រឿង។

ក្រុមជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចទៀតថា ករណីទី២ ពួកគេបានព្រួតគ្នាយកដាវកាប់ម៉ូតូជនរងគ្រោះដែលមិនស្គាល់អត្តសញ្ញាណម្នាក់ទៀត បណ្ដាលឲ្យរងការខូចខាតម៉ូតូចំនួន១គ្រឿងទៀតផងដែរ ដែលបានប្រព្រឹត្តនៅចំណុចមុខឃ្លាំងលក់រថយន្តយីហោបូរិនផ្ទះលេខ១៣៨អឺ ផ្លូវលេខ៧០ ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ វេលាម៉ោងប្រហែល២០៖៣០នាទីយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣។ ឯករណីទី៣ ពួកគេបានព្រួតគ្នាយកដាវកាប់បណ្តាលឲ្យត្រូវម៉ូតូរងការខូចខាតម៉ូតូចំនួន១គ្រឿងបន្ថែមទៀត (ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ ១IV-៨៩៦២) ដែលបានប្រព្រឹត្តនៅចំណុចផ្ទះលេខ១៣២ ផ្លូវលេខ៥៣ ភូមិ៥ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ នាវេលាម៉ោងប្រហែល២០៖១០នាទីយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ ដែលមានជនរងគ្រោះឈ្មោះ ប៊ុន ណារឿង ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅផ្ទះលេខ១៣២ ផ្លូវលេខ៥៣ ភូមិ៥ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។

លោក ម៉ម សាវន បានឲ្យដឹងផងដែរថា ចំពោះជនសង្ស័យដែលសមត្ថកិច្ចជុំនាញតាមស្រាវជ្រាវបង្ក្រាបបានជាបន្តបន្ទាប់ទាំង៧នាក់ ក្នុងករណីព្រួតគ្នាដោយយកដាវកាប់ប្រើហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ហើយដកហូតបានទាំងមធ្យោបាយម៉ូតូជិះធ្វើសកម្មភាពចំនួន៣គ្រឿង ក្នុងការកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ជាធរមាន នាពេលនេះរួមមាន៖១-ឈ្មោះ ថៃ វីរៈយុទ្ធ ជនជាតិខ្មែរ មុខរបរសិស្សវិទ្យាល័យវត្តភ្នំ ថ្នាក់ទី១០អា១។ ២-ឈ្មោះ ព្រំ ណាង ជនជាតិខ្មែរ មុខរបរសិស្សវិទ្យាល័យវត្តភ្នំ ថ្នាក់ទី៨អា។ ៣-ឈ្មោះ ញ៉ូ មួនខេមរា ជនជាតិខ្មែរ មុខរបរសិស្សវិទ្យាល័យវត្តភ្នំ ថ្នាក់ទី១១ដេ។ ៤-ឈ្មោះ បាក់ បញ្ញាពេជ្រ ជនជាតិខ្មែរ មុខរបរសិស្សវិទ្យាល័យសន្ធរម៉ុក ថ្នាក់ទី១០ដេ១។ ៥-ឈ្មោះ សុទ្ធ ពិទីន ជនជាតិខ្មែរ មុខរបរសិស្សវិទ្យាល័យវត្តភ្នំ ថ្នាក់ទី៩បេ។ ៦-ឈ្មោះ គឹម សាន់នីត ជនជាតិខ្មែរ មុខរបរសិស្សវិទ្យាល័យវត្តភ្នំ។ ជនសង្ស័យជាសិស្សទាំង៦នាក់ភេទប្រុសខាងលើនេះ មានអាយុ១៧ឆ្នាំដូចៗគ្នា រស់នៅសង្កាត់ស្រះចក និងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ។ និងចុងក្រោយទី៧-ឈ្មោះ សាន់ សាកាន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សវិទ្យាល័យទឹកល្អក់ ថ្នាក់ទី៩អា២ មានទីលំនៅផ្ទះមិនចាំលេខ ផ្លូវបេតុង ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។

លោកនាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានអះអាងថា សម្រាប់វត្ថុតាងជាមធ្យោបាយជិះធ្វើសកម្មភាពរបស់ជនសង្ស័យ ដែលកម្លាំងសមត្ថកិច្ចជុំនាញចាប់ដកហូតបានរួមមាន៖ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ដែលមានលេខតួនិងលេខម៉ាស៊ីន ៩៦៤៧ ពាក់ផ្លាកលេខ ភ្នំពេញ ១IC-៩០៣៣ ចំនួន១គ្រឿង និងម៉ូតូម៉ាកស៊ុយហ្ស៊ុគីនិច ពណ៌ខៀវ ស៊េរីឆ្នាំ២០២១ ដែលមានលេខតួ៥៨១៤និងលេខម៉ាស៊ីន ៥៨០៥ ពាក់ផ្លាកលេខ ភ្នំពេញ ១JA-៥២២៨ ចំនួន១គ្រឿងទៀត ហើយនឺងម៉ូតូម៉ាកស៊ុយហ្ស៊ុគីនិច ពណ៌ក្រហម ស៊េរីឆ្នាំ២០២៣ ដែលមានលេខតួ ៨០៩២ និងលេខម៉ាស៊ីន ៨៤៦២ ពាក់ផ្លាកលេខភ្នំពេញ ១KB-០២៥៥ ចំនួន១គ្រឿងទៀត៕

Facebook Comments
Loading...