បរទេស ៖ លោកស្រី Paetongtarn ដែលជាកូនស្រីរបស់លោក Thaksin បានលើកឡើងថា លោក Thaksin គ្រោងនឹងត្រលប់ទៅប្រទេសថៃវិញ នៅថ្ងៃទី ១០ ខែសីហា ប៉ុន្តែ ប៉ូលិសអន្តោប្រវេសន៍ថា មិនដឹងពីដំណឹងនេះទេ ហើយព្រមានថា នឹងអនុវត្តតាមច្បាប់។
លោកស្រី Paetongtarn Shinawatra កូនស្រីពៅរបស់អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃបានប្រកាសថា ឪពុករបស់លោកស្រីនឹងត្រលប់ទៅប្រទេសថៃវិញ នៅថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះ។
ក្នុងការបង្ហោះតាមហ្វេសប៊ុកជូនពរឪពុក ឱ្យមានសុភមង្គល ក្នុងថ្ងៃខួបកំណើត នៅថ្ងៃពុធ ទី២៦ ខែកក្កដា លោកស្រី Paetongtarn បាននិយាយថា លោក Thaksin នឹងអញ្ជើទៅដល់អាកាសយានដ្ឋានអន្តរជាតិ Don Muang នៅថ្ងៃទី ១០ ខែសីហា។
លោកស្រី Paetongtarn បានលើកឡើងថា «រៀងរាល់ថ្ងៃទី ២៦ ខែកក្កដា គឺជាថ្ងៃដ៏សំខាន់សម្រាប់កូន។ ប៉ុន្តែឆ្នាំនេះ កូនមិនជឿថា កូនសរសេរអ្វីបានទេ។ នៅថ្ងៃទី ១០ ខែសីហា ប៉ានឹងត្រលប់មកវិញ ហើយនឹងនៅព្រលានយន្តហោះ Don Muang »។ ប្រភពពី The Nation