ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ បានកំណត់កាលបរិច្ឆេទដាក់ដំណើរការជាផ្លូវការហើយគឺនឹងចាប់ផ្ដើមបើកដំណើរការជាផ្លូវការនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២៣ នេះហើយ ។នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅថ្ងៃទី២៦ ខែកក្កដា ២០២៣ និង ចេញផ្សាយនៅថ្ងៃទី ២៧ កក្កដា ២០២៣។
យោងសេចក្ដីជូនដំណឹងដដែលនេះឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិថ្មីដែលមានទីតាំងស្ថិតនៅភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែកស្រុកសូត្រនិគម ខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចដាក់ឈ្មោះជាផ្លូវការថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងគ្រោងដាក់ឱ្យដំណើរចាប់ពីថ្ងៃទី១៦ ខែតុលា ២០២៣តទៅ ។
សេចក្ដីជូនដំណឹងថា គ្រប់ជើងហោះហើរអាជីវកម្មដឹកជញ្ជូនដឹកដំណើរ និងទំនិញតាមផ្លូវអាកាសដែលកំពុងប្រតិបត្តិការហោះហើរទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប បច្ចុប្បន្ន នឹងធ្វើការរៀបចំផ្ទេរទាំងស្រុង និងតែមួយលើកគត់ទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ចាប់ពីម៉ោង១២យប់ថ្ងៃទី១៦ តុលាឆ្នាំ ២០២៣ ។