ប្រជាពលរដ្ឋ ភូមិស្នួលខ្ពស់ សង្កាត់កំបូល រាប់រយគ្រួសារ បន្តសំណូមពរ ដល់ក្រសួងសាធារណការ និងសាលារាជធានីភ្នំពេញ មេត្តាជួយសម្រួលធ្វើផ្លូវបត់ចូលភូមិដែលនៅតែមានការលំបាក

0
450

ភ្នំពេញ ៖ ប្រជាពលរដ្ឋ រស់នៅភូមិស្នួលខ្ពស់ សង្កាត់កំបូល ខណ្ឌកំបូល រាប់រយគ្រួសារ បន្តសំណូមពរ ដល់ក្រសួងសាធារណការ និងសាលារាជធានីភ្នំពេញ មេត្តាជួយ សម្រួល ធ្វើផ្លូវ ចូលភូមិ ត្រង់ចំណុចស្ពាន ឆ្លងផ្លូវល្បឿនលឿន អោយមានភាពងាយស្រួល ពីព្រោះផ្លូវចុះពីស្ពានចូលក្នុងភូមិ បច្ចុប្បន្ន មានភាពលំបាក ក្នុងការធ្វើដំណើរ ពេលបត់ចុះ និងពេលឡើងលើស្ពាន។

ប្រជាពលរដ្ឋ ក៏បានសំណូមពរ ដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជា ក្រសួងសាធារណការ ជាពិសេសសាលារាជធានីភ្នំពេញ សូមជួយ សម្រួល ផ្លូវមួយខ្សែនេះ អោយមានភាពងាយស្រួលក្នុងការធ្វើដំណើរ ធ្វើយ៉ាងសូមអោយបានទំហំ ត្រឹម១២ម៉ែត្រ ក៏បាន ព្រោះថាផ្លូវចាស់មានទំហំ១៥ម៉ែត្រ។

ប្រជាពលរដ្ឋ ក៏បានលើកឡើងពីផលលំបាក របស់អ្នកធ្វើដំណើរ ជាពិសេស ក្មេងតូចៗ ពេលជិះកង់ និងម៉ូតូ ទៅរៀន គឺពួកគាត់មានការព្រួយបារម្ភពីសុវត្ថិភាព ខណៈពេលដែលមានរថយន្ត ចុះពីស្ពាន មានល្បឿនលឿនៗ ខ្លាចក្រែងមាន គ្រោះថ្នាក់ជាយថាហេតុ។ ប្រសិនបើខែភ្លៀងវិញ ក្មេងសិស្សសាលាខ្លះ មិនបានធ្វើដំណើរទៅដល់សាលាទេ ព្រោះពេលខ្លះ ពួកគាត់បានរអិលដួល ប្រលាក់ សម្លៀកបំពាក់ ត្រឡប់មកផ្ទះវិញ។

ប្រជាពលរដ្ឋ បានអោយដឹងទៀតថា នេះជាការជួបជុំ សំណូមពរ លើកទី៣ហើយ ដើម្បីស្នើដល់ លោកអភិបាលសាលារាជធានីភ្នំពេញ និង លោករដ្ឋមន្រ្តី ក្រសួងសាធារណៈការនិង ដឹកជញ្ជូន មេត្តាជួយសម្រួលអោយបានឆាប់រហ័ស ព្រោះបងប្អូន ប្រជាពលរដ្ឋនៅតែបន្តរងគ្រោះ ដោយសារ បញ្ហាផ្លូវតូចចង្អៀត ព្រោះថា អាជ្ញាធរ មានដំណោះស្រាយត្រឹមតែ ដាក់បង្កាន់ដៃ និងបង្គោលភ្លើង តែប៉ុណ្ណោះ ចំណែកបញ្ហាផ្លូវ បត់ចុះចូលក្នុងភូមិ គឺនៅតែមានភាពលំបាកដដែល។

សូមបញ្ជាក់ផងដែរថា នាពេលកន្លងមក អភិបាលរងខណ្ឌកំបូល លោក ទ្រី ណារ៉េត ក៏បានចុះមកដល់ទីតាំង និងបានពន្យល់បងប្អូនប្រជាពលរដ្ឋថា ខាងអាជ្ញាធរ មូលដ្ឋានជាពិសេស លោកអភិបាលខណ្ឌ បានធ្វើលិខិតដាក់ជូន ទៅកាន់ស្ថាប័ន ពាក់រួលរាល់ហើយ និងក៏កំពុងរង់ចាំការឆ្លើយតប ពីថ្នាក់លើផងដែរ។ ក្នុងគម្រោងដែលអាជ្ញាធរ នឹងរៀបចំធ្វើ ដោយមានរៀប បង្កាន់ដៃស្ពាន បន្ថែម ដើម្បីអោយកាន់តែមានសុវត្ថិភាព ដល់បងបង្អូន ប្រជាពលរដ្ឋ និងមាន ដាក់អំពូលភ្លើង ហើយក៏មានគម្រោងក្នុងការធ្វើរង្វង់មូលផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ សូមសំណូពរ ដល់អាជ្ញាធរមូលដ្ឋាន មេត្តា ជួយពន្លឿន រៀបចំផ្លូវមួយខ្សែនេះ អោយបានឆាប់រហ័ស ដើម្បីជួយសម្រួលក្នុងការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ អោយកាន់តែមាន សុវត្ថិភាព៕

Facebook Comments
Loading...