គណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកង បើកកិច្ចប្រជុំផ្តោតសំខាន់ក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ

0
263

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃច័ន្ទទី១១ ខែមេសា ឆ្នាំ២០២៣ រដ្ឋបាលខណ្ឌបឹងកេងកង បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ ផ្តោតសំខាន់ក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ របៀបរាបរយសាធារណៈឲ្យបានល្អប្រសើរ ជូនប្រជាពលរដ្ឋក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ដែលនិងចូលមកដល់នាប៉ុន្មានថ្ងៃខាងមុខនេះ ក្រោមអធិបតីភាព លោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង។

នៅក្នុងកិច្ចប្រជុំនេះលោកសុខ សម្បត្តិ បាន​ធ្វើ​ការ​ណែនាំដល់គណៈបញ្ជាការឯក​ភាពរដ្ឋ​បាលសង្កាត់ទាំង៧ ត្រូវ​អនុវត្ត​ឲ្យ​បាន​ជោគជ័យ​នូវ​ ​គោល​នយោបាយ​ភូមិ​ សង្កាត់ មានសុវត្ថិ​ភាព និងបន្តប្រឹង​ប្រែងបំពេញតួនាទី ភារកិច្ច និងបេសកកម្ម ឲ្យកាន់​តែស​កម្ម​ថែមទៀត ក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាប នូវរាល់បទល្មើសផ្សេងៗក្នុងដែនសមត្ថកិច្ច សំ​ដៅ​កសាងបាននូវទំនុកចិត្ត និងការជឿជាក់ពីបងប្អូន​ប្រជា​ពលរដ្ឋប្រកបដោយប្រសិទ្ធភាពខ្ពស់។

លោកអភិបាលខណ្ឌ បានលើកឡើងទៀតថា ក្នុងឱកាសបុណ្យ ចូលឆ្នាំខ្មែរ មកដល់ បងប្អូនប្រជាពលរដ្ឋ នឹងត្រូវធ្វើដំណើរ ទៅកាន់ស្រុកកំណើត ឬទៅទីអារាមនានា ដើម្បីធ្វើបុណ្យទាន និងជួបជុំបងប្អូន ក្រុមគ្រួសារ។ ដូចនេះ អាជ្ញាធរ ត្រូវការយកចិត្តទុកដាក់ ថែរក្សាសន្ដិសុខសុវត្ថិភាព ក្នុងមូលដ្ឋាន ដោយចាត់ចែងកម្លាំង យាមកាម ប្រចាំការ កម្លាំងល្បាតនិងឈរជើងតាមគោល តាមទីប្រជុំជន ទីសប្បាយភាព នានា និងតាមវត្តអារាម ដើម្បីការពារសន្តិសុខ សុវត្ថិភាព ជូនពួកគាត់។ ជាមួយនេះសង្កាត់ ភូមិ ត្រូវណែនាំ ប្រជាពលរដ្ឋរៀបចំផ្ទះសម្បែងទង់ជាតិទង់ជា្វលា តាមគេហដ្ឋាន បោសច្រាស ឲ្យបានស្អាតបាតនិងតុបតែងភ្លើង ផ្កាភ្ញី ដើម្បីចូលរួមអបអរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិដ៍ធំមួយនេះ។ ជាងនេះទៅទៀតត្រូវផ្សព្វផ្សាយជូនប្រជាពលរដ្ឋ និងតាមផ្សារត្រូវមានបំពង់ពន្លត់អគ្គីភ័យ ដើម្បីបង្ការនិងទប់ស្កាត់ គ្រោះអគ្គីភ័យដែលនិងអាចកើតឡើងជាយថាហេតុ ដោយសាររដូវនេះជារដូវក្ដៅ ដូចនេះបើយើងខ្វះការប្រុងប្រយ័ត្ន គ្រោះអគ្គីភ័យ នឹងអាចកើតមានឡើងគ្រប់ពេលវេលា។

លោកអភិបាលខណ្ឌ បានមានប្រសាសន៍បន្ថែមថា ក្នុងការរៀបចំ សណ្តាប់ធ្នាប់ សន្តិសុខក្នុងមូលដ្ឋាននេះ កម្លាំងរបស់យើង បានយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់ ដោយបានកំណត់គោលដៅកន្លែង ដែលអាចមានបញ្ហារួចហើយ ពិសេសដីឡូត៍ដែលទុកចោលទំនេរ បានផ្សព្វផ្សាយឲ្យម្ចាស់សំអាត កាប់ឆ្ការព្រៃឲ្យអស់ ព្រោះទីតាំងបែបនេះគឺជាការផ្ដល់ជំរកឲ្យក្មេងហិតកាវ និងសេពគ្រឿងញៀនជាដើម។

គួរបញ្ជាក់ថា នាព្រឹកថ្ងៃដដែលនោះដែរលោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង បានផ្តល់អង្ករ១តោន និងស្រាបៀរ១០កេសដល់កម្លាំងប៉ូលិស កម្លាំងកងរាជអាវុធហាត់ និងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌផងដែរ៕

Facebook Comments
Loading...