ក្រុមការងារបរិស្ឋានថ្នាក់ខណ្ឌ សង្កាត់ ភូមិ សហការណ៍ជាមួយក្រុមហ៊ុនប្រមូលសំរាម 800super ចុះសម្អាតបរិស្ឋាននៅក្នុងភូមិគ្រួស

0
456

ភ្នំពេញ ៖ ការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈដឹកនាំដោយលោកអនុប្រធាន ភោគ សុឃឿន សហការណ៍ជាមួយក្រុមហ៊ុនប្រមូលសំរាម 800super អាជ្ញាធរសង្កាត់ ភូមិ និងព្រះសង្ឃ ដើម្បីសម្អាតបរិស្ឋាន នៅបរិវេនទីបច្ឆាវត្តជេដ្ឋាឧត្តម និងណែនាំឲ្យប្រជាពលរដ្ឋតាមដងផ្លូវ ពិសេសជនជាតិវៀតណាមរស់នៅតាមទន្លេ អោយទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ ដោយមិនត្រូវបោះចោលក្នុងទន្លេដូចមុនទៀតឡើយ។

ក្នុងការចុះប្រមូលសម្រាម និងណែនាំដល់ប្រជាពលរដ្ឋនេះលោកភោគ សុឃឿន បានលើកឡើងថា ក្រុមការងារបរិស្ឋានបានចុះណែនាំដល់ជនជាតិវៀតណាមរស់នៅតាមដងទន្លេម្តងរួចមកហើយអំពីការទុកដាក់សម្រាម ដោយមិនត្រូវបោះចោលក្នុងទឹកដូចមុនទៀតឡើយ គឺត្រូវវេចខ្ចប់យកមកលើគោក ដែលយើងបានរៀបចំទីតាំងសម្រាប់ទុកដាក់ ដើម្បីក្រុមហ៊ុនសម្រាមមកប្រមូលយករួចហើយ។

លោកបន្តថា ដោយមានការឯកភាពពីក្រុមហ៊ុនប្រមូលសម្រាម យើងត្រូវបន្ថែមទីតាំងដែលត្រូវដាក់ធុងសម្រាម ក្នុងនោះមាន៣ទីតាំងទី១មុខវត្តជេដ្ឋាឧត្តម ដាក់ឌុងសម្រាម២ ទីតាំងទី២កន្លែងទីធ្លាបច្ឆាដាក់ធុងសម្រាម២ និងទីតាំងទី៣ដាក់ទីតាំងដែលជនជាតិវៀតណាមយកសម្រាមមកដាក់ ដាក់ធុងសម្រាម៣ធុង ដើម្បីឲ្យប្រជាពលរដ្ឋ និងព្រះសង្ឃទុកដាក់វេចខ្ចប់សំរាម បញ្ចេញសំរាមតាមកម្មវិធីរបស់ក្រុមហ៊ុនប្រមូលសំរាម 800super ដែលបានកំណត់។

ក្នុងឱកាសនោះផងដែរ ក្រុមការងារក៍បានផ្សព្វផ្សាយ ជូនដល់ប្រជាពល ដែលរស់នៅតំបន់នេះ ឲ្យចេះសំអាត អនាម័យបរិស្ថាន តាមលំនៅដ្ឋាន ធ្វើយ៉ាងណាឲ្យបរិស្ថាន នៅក្នុងមូលដ្ឋានរបស់យើង មានភាពល្អប្រសើរ ហើយក៍ដូចជាបានជួយលើកស្ទួយសម្រស់ភូមិ សង្កាត់របស់យើងទាំងអស់គ្នាផងដែរ៕

Facebook Comments
Loading...