គណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ បង្កើនការយកចិត្តទុកដាក់ លើបញ្ហាសន្ដិសុខសុវត្ថិភាព ក្នុងមូលដ្ឋាន

0
549

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំនារសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២នេះ លោក សុខ សម្បត្តិ ប្រធានគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ បានណែនាំដល់កងកម្លាំងក្រោមឱវាទ ទាំងអស់ត្រូវយកចិត្តទុកដាក់ពង្រឹង ការការពារសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន បន្ថែមទៀត ដើម្បីទប់ស្កាត់ឲ្យបាននូវ បទល្មើសផ្សេងៗក្នុងគោលដៅ ថែរក្សាសន្ដិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋបានកាន់តែប្រសើរថែមទៀត។

លោកប្រធានគណៈបញ្ជាការឯកភាពខណ្ឌ បានលើកឡើងថា បញ្ហាសន្ដិសុខសុវត្ថិភាពក្នុងមូលដ្ឋានគឺជាបញ្ហាសំខាន់បំផុតដែលអាជ្ញាធរ ត្រូវយកចិត្តទុកដាក់ជាងគេ ព្រោះ បើក្នុងមូលដ្ឋានពុំធានាបាន សន្ដិសុខសុវត្ថិភាពពេញលេញទេ ការប្រកបអាជីវកម្ម របស់ប្រជាពលរដ្ឋ មិនអាចដំណើរការបាន ហើយការអភិវឌ្ឍន៍ក៏មិនអាច ទៅមុខរួចដែរ។ ដូចនេះយើងត្រូវតែប្រុងប្រយ័ត្ន ជាប់ជាប្រចាំ មិនអាចធ្វេសប្រហែសឡើយ ត្រូវតែមានកម្លាំងត្រៀម ក្នុងករណីមានបទល្មើសកើតឡើង ត្រូវរិះរកវិធានការ ទប់ស្កាត់និងបង្ក្រាបឲ្យបានទាន់ពេលវេលាដើម្បីផ្ដល់នូវភាពសុខសាន្ដ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។

លោកបន្ដថា យើងទាំងអស់គ្នាកុំប្រងើយកន្តើយឲ្យសោះចំពោះគ្រឿងញៀន ព្រោះថាថ្ងៃនេះកូនគេ ប្អូនគេ ក្មួយគេ ក្រែងថ្ងៃក្រោយអាចធ្លាក់មកលើកូនយើង ប្អូនយើង ក្មួយយើងវិញមិនខាន ដូចនេះទាំងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរទាំងអស់ត្រូវទប់ស្កាត់ និងផ្សព្វផ្សាយអំពីគ្រោះថ្នាក់នៃគ្រឿងញៀនដល់ប្រជាពលរដ្ឋគ្រប់រូបឲ្យបានដឹងទាំងអស់គ្នា។

លោកបញ្ជាក់ថា ទាំងប៉ូលិស និងកងរាជអាវុធហត្ថ ត្រូវបន្កើនការការពារឲ្យបានខ្លាំងជាងមុន ព្រោះថាក្នុងមូលដ្ឋានយើងត្រូវតែយើងជាអ្នកដឹងមុន មិនមែនគេមកចាប់ករណីគ្រឿងញៀនដល់មូលដ្ឋានយើងហើយបែរជាយើងមិនដឹងនោះទេ បើយើងដឹងមុនអាចកំណត់មុខសញ្ញាបានហើយយើងបង្ក្រាបតែម្តងទើបជាការល្អ។

លោកប្រធានគណៈបញ្ជាការឯកភាពខណ្ឌ មានប្រសាសន៍ទៀតថា បញ្ហាគ្រឿងញៀនហាក់កក្រើកមកវិញ មិនថាតែក្នុងមូលដ្ឋានយើងនោះទេ ក្នុងស្ថានភាពបែបនេះក្នុងនាមយើងជាអាជ្ញាធរត្រូវតែរួមសហការគ្នាទប់ស្កាត់សកម្មភាព ការសែមគ្រឿងញៀន ការចែកចាយគ្រឿងញៀនទាំងនោះឲ្យបាន ដោយមិនបណ្ដែតបណ្ដោយឲ្យក្រុមជនទាំងនោះបង្កនូវភាពអនាធិបតេយ្យ អសន្ដិសុខដល់សង្គមជាតិ និងភាពសុខសាន្ដរបស់ប្រជាពលរដ្ឋបានឡើយ៕

Facebook Comments
Loading...