ភ្នំពេញ ៖ បន្ទាប់ពីរោងចក្រដំឡើងរថយន្ត Ford នៅខេត្តពោធិ៍សាត់ សាងសង់រួចរាល់ និងត្រៀមបើកដំណើរការក្នុងសប្តាហ៍នេះ កម្ពុជាមានរោងចក្រដំឡើងរថយន្តថ្មីមួយទៀត ទទួលបានភ្លើងខៀវពីក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាលើការវិនិយោគ ដែលមានទីតាំងនៅខេត្តកំពង់ស្ពឺ។
គម្រោងសាងសង់រោងចក្រដំឡើងរថយន្តថ្មីនេះ ជាការបោះជំហានមួយទៀតរបស់កម្ពុជា ក្លាយជាទីតាំងសក្តានុពលលើការវិនិយោគលើផ្នែកឧស្សាហកម្មធុនធ្ងន់។ ហើយតម្លៃរថយន្ត ដែលដំឡើងនៅកម្ពុជាអាចនឹងមានភាពល្អប្រសើរជាងរថយន្តនាំចូល ប្រសិនបើមានការជួយសម្របសម្រួល និងជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាល។
បើតាមប្រភពពីក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា គម្រោងបង្កើតរោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុន GTV Motor ប្រើទុនវិនិយោគប្រមាណជាង 15.6 លានដុល្លារសហរដ្ឋអាមេរិក ដែលនឹងដំឡេីងរថយន្តម៉ាក Dongfeng, Soueast, និង FAW ហើយបង្កេីតការងារប្រមាណ ៧៣៥ កន្លែង៕