លោក វ៉ាត់ ចំរើន អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ទូទាំងប្រទេសចូលរួមអបអរសាទរ និងចូលរួមដង្ហែទង់ស៊ីហ្គេម នៅល្ងាចថ្ងៃទី២៤ឧសភា

0
6004

ភ្នំពេញ ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិ ការជាតិអូឡាំពិកកម្ពុជា បានអំពាវនាវឱ្យបងប្អូនប្រជា ពលរដ្ឋ យុវជន នៅរាជធានីភ្នំពេញ ក៏ដូចជាទូទាំងប្រទេសចូលរួមអបអរសាទរ និងចូលរួមដង្ហែទង់ស៊ីហ្គេម នៅល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ដើម្បីប្រទេសកម្ពុជាយើងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ និងលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីជ័យ លាភីមេដាយមាស ប្រាក់ និងសំរឹទ្ធ ឱ្យបានច្រើនកុះករ។

ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា នៅល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ប្រតិភូដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំប្រកួតកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ហៅថា CAMSOC នឹងដង្ហែទង់ស៊ីហ្គេមពីប្រទេសវៀតណាមមកកម្ពុជា ដើម្បីទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២នាឆ្នាំ ២០២៣។

ក្នុងឱកាសនោះផងដែរអគ្គលេ ខាធិការបានអំពាវនាវឱ្យ យុវជន អ្នកស្នេហាវិស័យកីឡា ជាពិសេសប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ចូល រួមអបរអរសាទរ ក្នុងការដង្ហែទង់ស៊ីហ្គេមឱ្យបានច្រើន និងអបអរសាទនិងលើកទឹកចិត្តដល់កីឡាករ កីឡាការិនី ដែលទទួលបានមេដាយ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី ៣១ នៅប្រទេសវៀតណាម។

« ល្ងាចស្អែកទទួលទង់ស៊ីហ្គេម ទង់ជ័យសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ដែលត្រូវដង្ហែយកទៅធ្វើការរៀបចំធ្វើ ជាម្ចាស់ផ្ទះនៅកម្ពុជា។ សូមបញ្ជូនសារផងដែរ ដល់ប្រជា ពលរដ្ឋទាំងអស់នៅតាមដង ផ្លូវឬប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ក៏ដូចជាទូទាំងប្រទេស សូមចូលរួមអបអរ សាទរ នៅថ្ងៃទី២៤ នៅម៉ោង៥ល្ងាច គឺប្រតិភូ ដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC នឹងទៅដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ យើងនឹងធ្វើពិធីដង្ហែទង់ពីព្រលានយន្តហោះ ដែលបានមកដល់កម្ពុជាហាក់ដូចជាស៊ីហ្គេមបានមកដល់កម្ពុជា ដើម្បីធ្វើជាម្ចាស់ផ្ទះ យើងហែពីហ្នឹងដល់វិមានឯករាជ្យ ហែត្រឡប់ចូលទៅក្នុងទីស្នាក់ការគណៈ កម្មធិការជាតិអូឡាំពិក អ៊ីចឹងសូមត្រៀមអបអរសាទរទាំង អស់គ្នា ថាស៊ីហ្គេមមកដល់កម្ពុជាហើយ ទង់របស់ស៊ីហ្គេមបានដង្ហែមកដល់កម្ពុជាហើយ នៅថ្ងៃទី២៤ ខែឧសភា នៅរវាងម៉ោង៥ល្ងាច។ ខ្ញុំសូមផ្ញើសារនេះដល់ប្រជាពលរដ្ឋទាំងអស់ អ្នកស្នេហាវិស័យកីឡាទាំងអស់ ក៏ដូចជាយុវជនរបស់យើងទាំងអស់គ្នាជួយអបអរសាទរនិងលើក ទឹកចិត្តដល់កីឡាករ កីឡាការិនីជ័យលាភីរបស់យើងក្រោយពីចូលរួមកីឡាស៊ីហ្គេមនៅវៀតណាមផងដែរ »។

សូមបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ ២០២៣ នៅកម្ពុជា ត្រូវបានរាជរដ្ឋាភិបាល កំណត់យកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ គឺជាថ្ងៃរៀបចំពិធីបើកការប្រកួត ខណៈពិធីបិទនឹងធ្វើឡើងនៅ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ដដែល៕

Facebook Comments
Loading...