ឥណ្ឌូណេស៊ី និងបង្កើនសមត្ថភាពនៃកម្តៅក្នុងផែនដីរបស់ខ្លួនឱ្យបានទ្វេដង ដើម្បីកាត់បន្ថយការពឹងផ្អែកទៅលើឥន្ធនៈហ្វូស៊ីល

0
9099

បរទេស ៖ នៅត្រឹមឆ្នាំ២០២៨ ក្រុមហ៊ុនថាមពលរដ្ឋរបស់ឥណ្ឌូណេស៊ី PT Pertamina បានកំណត់គោលដៅនៃការបង្កើនសមត្ថភាពនៃកម្តៅក្នុងផែនដីរបស់ខ្លួនឱ្យបានទ្វេដង ដែលអាចនឹងត្រូវចំណាយថវិកាអស់ប្រមាណ ៤ប៊ីលានដុល្លារអាម៉េរិក ខណៈដែលប្រទេសនេះកំពុងព្យាយាមកាត់បន្ថយការពឹងផ្អែកទៅលើឥន្ធនៈហ្វូស៊ីល។

នាយកប្រតិបត្តិក្រុមហ៊ុន Pertamina លោក Nicke Widyawati បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ក្រុមហ៊ុននេះគ្រោងនឹងបង្កើនសមត្ថភាពថាមពលកម្តៅក្នុងផែនដីឱ្យបានទ្វេដងពីប្រមាណ ៧០០មេហ្កាវ៉ាត់នាពេលបច្ចុប្បន្ននេះ ខណៈដែលលោកបានទៅទស្សនកិច្ចនៅមូលដ្ឋានថាមពលកម្តៅក្នុងផែនដី Lahendong របស់ខ្លួននៅក្នុងខេត្តស៊ូឡាវេស៊ីខាងជើងកាលពីដើមសប្តាហ៍នេះ។ ដើម្បីពន្លឿនដល់ការអភិវឌ្ឍ ខ្លួនគ្រោងនឹងបង្កើតឱ្យបានប្រមាណ ២១០មេហ្កាវ៉ាត់នៃសមត្ថភាពបន្ថែមគោលដៅរបស់ខ្លួន តាមរយៈការវិនិយោគនៅក្នុងរោងចក្រ Binary Organic Rankine Cycle (ORC) និងអាចអភិវឌ្ឍបានលឿនជាងមុន។

យោងតាមលោក Nicke បានឱ្យដឹងថា ក្រុមហ៊ុន Pertamina កំពុងដំណើរការសាកល្បងម៉ាស៊ីនភ្លើងគោលពីរដែលមានសមត្ថភាព ៥០០មេហ្កាវ៉ាត់ នៅមូលដ្ឋាន Lahendong របស់ខ្លួនដែលត្រូវបានបង្កើតឡើងក្នុងរយៈពេលមួយឆ្នាំ។ ម៉ាស៊ីនភ្លើងនេះនឹងត្រូវបានប្រើប្រាស់នៅមូលដ្ឋានផ្សេងៗទៀត។

រដ្ឋាភិបាលចង់ទាញយកធនធានកម្តៅក្នុងផែនដីរបស់ខ្លួនដែលមានសក្ដានុពលក្នុងការបង្កើតថាមពលលើសពី ២៨ជីហ្កាវ៉ាត់។ ទិន្នន័យពីក្រសួងថាមពលបានបង្ហាញថា ប្រទេសឥណ្ឌូណេស៊ីមានសមត្ថភាពឈានទៅដល់កម្លាំង ២,២៨ជីហ្កាវ៉ាត់ ដោយគិតត្រឹមឆ្នាំមុន។

ការអភិវឌ្ឍថាមពលកម្តៅក្នុងផែនដី គឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលក្នុងការបង្កើនសមាមាត្រនៃថាមពលកកើតឡើងវិញនៅក្នុងល្បាយថាមពលរបស់ប្រទេសឱ្យដល់ ២៣ភាគរយនៅត្រឹមឆ្នាំ២០២៥ ពីចំនួនប្រមាណ ១២ភាគរយនាពេលបច្ចុប្បន្ន។

ឥណ្ឌូណេស៊ីមានបំណងសម្រេចឱ្យបាននូវការបំភាយឧស្ម័នក្នុងកម្រិតសូន្យនៅត្រឹមឆ្នាំ២០៦០៕ ប្រភព VNA

Facebook Comments
Loading...