ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះ ជួយខណ្ឌព្រែកព្នៅ បានធ្វើការណែនាំដល់ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌ សង្កាត់ និងក្រុមការងារបក្សចុះ ជួយខណ្ឌព្រែកព្នៅត្រូវបន្តយកចិត្តទុកដាក់ថែរក្សា និងលើកទឹកចិត្តសមាជិកគណបក្សប្រជាជនកម្ពុជា ដោយត្រូវជួយទំនុកបំរុងទាំងសំភារៈនិងស្មារតី សំដៅធ្វើយ៉ាងណាអោយបក្សប្រជាជនកម្ពុជាទទួលបាននូវភាពជោគជ័យក្នុងការបោះឆ្នោតក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នៅពេលខាងមុខនេះ។
ការណែនាំបែបនេះរបស់ឯកឧត្ដមឃួង ស្រេងបានធ្វើឡើង នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២នេះ នៅក្នុងកិច្ចប្រជុំក្រុមការងារគណបក្សចុះជួយមូលដ្ឋានខណ្ឌព្រែកព្នៅប្រចាំខែមីនានិងទិសដៅខែមេសា ឆ្នាំ២០២២ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅ។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ក្នុងនាមប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅ សង្កាត់ទាំង៥ និងក្រុមការងារបក្សចុះ ជួយខណ្ឌព្រែកព្នៅ ទាំងអស់ ត្រូវយកចិត្តទុកដាក់ថែរក្សា លើកទឹកចិត្តសមាជិកគណបក្សប្រជាជនកម្ពុជាអោយបានល្អប្រសើរ ដោយត្រូវជួយទំនុកបំរុងទាំងសំភារៈនិងស្មារតីធ្វើយ៉ាងណាឲ្យការបោះឆ្នោតក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥នេះ យើងទទួលបាននូវភាពជោគជ័យ។
ឯកឧត្តមបន្តថា ក្នុងនាមសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាយើងត្រូវធ្វើចុះសួរសុខទុក្ខនិងចលនាប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន អោយបានជាប់ជាប្រចាំ ធ្វើយ៉ាងណាឲ្យពួកគាត់ស្រឡាញ់ពេញចិត្តជាមួយនឹងគណបក្សប្រជាជនកម្ពុជា ឈានទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។
បន្ថែមពីលើនេះទៀតនោះ ឯកឧត្តម ឃួង ស្រេង ក៏បានណែនាំអោយមន្ត្រីរបស់បក្ស ដែលចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវប្រាប់ពួកគាត់ពីគោលបំណងល្អៗរបស់បក្ស ហើយបើពួកគាត់មានជីវភាពខ្វះខាត ពួកគាត់អាចទៅរកនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជានៅតាមសង្កាត់ នោះគណបក្សសង្កាត់នឹងជួយពួកគាត់ ដោយមិនទុកឱ្យស្លាប់ដោយការអត់ឃ្លាននោះទេ។
ចំណែក លោក សុខ សម្បត្តិ ប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅ បានមានប្រសាសន៍លើកឡើងថា គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅ បានត្រៀមលក្ខណៈការងារឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥រួចរាល់ហើយ ហើយចំពោះការរៀបចំបេក្ខភាពក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥នេះ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅ ក៏បានរៀបចំបញ្ជីបេក្ខភាពក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ ទៅដាក់នៅគណៈកម្មការរៀបចំបោះឆ្នោតឃុំ សង្កាត់(CEC) បានរួចរាល់ជាស្ថារពរហើយដែរ ដោយពុំមានពាក្យបណ្តឹងតវ៉ានោះឡើយ៕