ទំនិញគេចពន្ធជាច្រើនប្រភេទ ត្រូវបានឈ្មួញលួចដឹកឆ្លងដែនទៅប្រទេសវៀតណាមតាមច្រករបៀងនៃស្លាបច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្ល៍ គ្មានការទប់ស្កាត់

0
8108

ស្វាយរៀង ៖ តាមសេចក្តីរាយការណ៏បានឲ្យដឹងថា ទំនិញគេចពន្ធជាច្រើនប្រភេទ ត្រូវបានឈ្មួញលួចដឹកឆ្លងដែនទៅប្រទេសវៀតណាមតាមច្រករបៀងនៃស្លាបច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្ល៍ ស្ថិតនៅភូមិព្រៃវល្ល៍ ឃុំថ្មី ស្រុកកំពង់រោទ៌ យ៉ាងរលូន ខណះមន្ត្រីជំនាញ ហាក់មិនមានចំណាត់ការ បន្តិចសោះឡើយ សង្ស័យថា សមត្ថកិច្ចពាក់ព័ន្ធទទួលបានសំណែន ទើបគ្មានការបង្ក្រាបបែបនេះ។

បើតាមប្រភពពីមន្ត្រីច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្ល៍ម្នាក់ សុំមិនបញ្ចេញឈ្មោះ បានបង្ហើបឲ្យដឹងថា ករណីក្រុមឈ្មួញលួចដឹកទំនិញគេចពន្ធឆ្លងដែនទៅប្រទេសវៀតណាមខុសច្បាប់នេះ មានរយៈពេលជិត៣ខែមកហើយ គឺក្រុមឈ្មួញបានដឹកចេញនៅពេលយប់។ ហើយទំនិញគេចពន្ធទាំងនោះ រួមមាន ៖ គ្រឿងអេឡេចត្រូនិច (ម៉ាស៊ីនត្រជាក់ ទូទឹកកក), ស្រាដប, បារី, ស្ករ.ស និងមាននាំទំនិញពីប្រទេសវៀតណាមវិញ គឺដូចជា សត្វជ្រូករស់, សាច់សត្វ, គ្រឿងក្នុងសត្វ និងត្រីជាដើម។ ចំណែកកម្មករលើកទំនិញម្នាក់ ក៏បានឲ្យដឹងទៀតថា យប់ខ្លះក៏មានបង្កប់ឈើប្រណីតឆ្លងដែនទៅប្រទេសវៀតណាមដែរ។ ប្រភពបានបង្ហើបទៀតថា ពេលផ្ទេរទំនិញឆ្លងដែន គឺពួកគេឃើញមានមន្ត្រីមានសមត្ថកិច្ចជាច្រើនស្ថាប័ន បានទៅយកប្រាក់ក្បាលរថយន្តពីឈ្មួញ។

មន្ត្រីច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្ល៍ម្នាក់ បានឲ្យដឹងទៀតថា ច្រកដែលឈ្មួញលួចនាំទំនិញគេចពន្ធចេញចូលឆ្លងដែនដោយខុសច្បាប់នោះ គឺមាន២កន្លែង ដែលជាស្លាបនៃច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្ល៍គ្រប់គ្រង។ ជាច្រករបៀងដែលគ្មានច្បាប់អនុញ្ញាតិ គឺឈ្មួញបានលួចឃុបឃិតគ្នាជាមួយស្ថាប័នពាក់ពន្ធ័មួយចំនួនលួចបើកដោយខុសច្បាប់ ។ទី១- នៅត្រង់ចំណុចខាងត្បូងស្ពានអូតាដាវ ចម្ងាយ២០០ម៉ែត្រ បើគិតពីទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្ល៍ មានចម្ងាយប្រមាណ៤០០ម៉ែត្រ ស្ថិនៅក្នុងភូមិព្រៃវល្ល៍ ឃុំថ្មី ស្រុកកំពង់រោទ៌។ និងទី២- នៅចំណុច ប្រឡាយទាហាន ខាងលិចច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្ល៍ ចម្ងាយប្រមាណជាង១,០០០ម៉ែត្រ។

ទាក់ទិនករណីខាងលើនេះដែរ គេហទំព័រយើងមិនអាចរកការបំភ្លឺពីស្ថាបន័ពាក់ព័ន្ធបានទេ ហើយយើងរងចាំការបកស្រាយពីស្ថាប័នពាក់ព័ន្ធគ្រប់ម៉ោងធ្វើការ៕

Facebook Comments
Loading...