សៀមរាប ៖ ប្រសិនជារថយន្តដឹកខ្សាច់ ដឹកដី ឬថ្ម បើកទៅដល់លើផ្លូវជាតិ លើសទម្ងន់នោះ មន្ត្រីស្ថានីយថ្លឹងរថយន្តអាចចាប់ផាកពិន័យតាមផ្លូវច្បាប់ចុះ ក៏ប៉ុន្តែរថយន្តដឹកខ្សាច់ចត ក្នុងភូមិក៏ស្ថានីយ៍ថ្លឹងរថយន្តបាគង មិនលើកលែងដែរ ដាក់កំហិតទារប្រាក់ពួកគាត់រាប់រយដុល្លារក្នុងមួយខែៗ ជាថ្នូរនឹងការមិនចាប់បង្ក្រាបរថយន្តដឹកដី ដឹកខ្សាច់ ដឹកថ្ម ដែលចរាចរនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
អាជីវកររកស៊ីដឹកខ្សាច់ ដឹកដីបានដឹងថា មានមន្ត្រីនៅស្ថានីយថ្លឹងរថយន្តបាគង ដែលមានស្នាក់ការស្ថិតនៅស្រុកបាគង ខេត្តសៀមរាប ឈ្មោះ ខុន សារុន បានតម្រូវឲ្យអាជីវករ រកស៊ីដឹកដី ដឹកខ្សាច់ ដឹកថ្ម បង់ខែឲ្យខ្លួនរាប់រយដុល្លារក្នុងមួយខែៗ តាមរថយន្តតិច ឬច្រើនគ្រឿង បើមិនបង់ឲ្យគាត់នោះទេ ទោះបីរថយន្តទាំងនោះទៅដល់កន្លែងណា ក៏គាត់តាមចាប់បង្ក្រាបដែរ។ ករណីបែបនេះធ្វើឲ្យអាជីវកររកស៊ីមានការលំបាកយ៉ាងខ្លាំង។
ក្រុមអាជីវករទាំងនោះ បានឲ្យដឹងទៀតថា ប្រសិនជារថយន្តដឹកខ្សាច់ ដឹកដី ឬថ្មនោះ បើកទៅដល់លើផ្លូវជាតិ ហើយប្រសិនលើសទម្ងន់នោះ មន្ត្រីស្ថានីយថ្លឹងរថយន្តអាចចាប់ផាកពិន័យតាមផ្លូវច្បាប់ចុះ ក៏ប៉ុន្តែករណីនេះ រថយន្តដឹកខ្សាច់ចត ក្នុងភូមិក៏ស្ថានីយ៍ថ្លឹងរថយន្តបាគង មិនលើកលែងដែរ។
អាជីវករបានបន្ថែមថា ប្រសិនមន្ត្រីរូបនោះ មិនតម្រូវឲ្យពួកគាត់បង់លុយនោះទេ សូមឲ្យមន្ត្រីនោះ ស្បថឲ្យងាប់មួយទៅ ពួកគាត់ហ៊ានស្បថជាមួយ។ ចំណែករថយន្តដែលដឹកខ្សាច់ ដឹកដី ដឹកថ្ម ឆ្លងកាត់ស្ថានីយថ្លឹងរថយន្តបាគង ក៏តម្រូវឲ្យបង់លុយក្បាលឡាន ចាប់ពីមួយម៉ឺនរៀលឡើងទៅ ជាថ្នូរមិនបាច់ចូលថ្លឹង។
ជុំវិញការលើកឡើងនេះគេហទំព័រយើង មិនអាចទាក់ទងសុំការបំភ្លឺពីមន្ត្រីស្ថានីយថ្លឹងរថយន្តបាគង ឈ្មោះ ខុន សារុន បាននៅឡើយទេ ហើយយើងរងចាំការបកស្រាយនៅគ្រប់ម៉ោងធ្វើការ៕