ភ្នំពេញ ៖ ប្រភពព័ត៌មានច្បាស់ការណ៍មួយបានទម្លាយថា ប្រធានសាខាគយ និងរដ្ឋាករ ខេត្តកំពង់ស្ពឺ លោក ឈួន ហៃ បាននិងកំពុងប្រើមនុស្សជំនិតរបស់ខ្លួន ដើរបិទសារព័ត៌មានធំៗក្នុងស្រុក ដើម្បីកុំផ្សព្វផ្សាយរឿងរបស់ខ្លួន ដែលបានពន្យអាយុចូលវត្តន៍ ជាពិសេសដើម្បីកុំឲ្យដឹងដល់ថ្នាក់ដឹកនាំ ដែលមានសម្តេចតេជោ ហ៊ុន សែនជាដើម។
ក្រុមមន្ត្រីមួយចំនួន នៃសាខាគយ និងរដ្ឋាករ ខេត្តកំពង់ស្ពឺ បានលើកឡើងថា បើសិនជាលោកឈួន ហៃ ត្រឹមត្រូវមែននោះ មិនគួរឲ្យកូនចៅដៃជើងរបស់ខ្លួនដើរបិទព័ត៌មានមិនឲ្យផ្សាយរឿងអាស្រូវរបស់ខ្លួននោះទេ។ ប្រភពបន្តថា ករណីនេះបើមានសារព័ត៌មានធំៗណាដែលបានចេញផ្សាយ មួយម៉ោងមិនទាន់ទេ កូនចៅលោក ឈួន ហៃ តេទាក់ទងខ្វែងដៃខ្វែងជើងអន្តរាគមន៍គ្រប់ចក្រដើម្បីកុំឲ្យផ្សព្វផ្សាយ។
ទាក់ទងករណីនេះ មានមន្ត្រី នៃសាខាគយ និងរដ្ឋាករ ខេត្តកំពង់ស្ពឺមួយចំនួន បានសម្តែងការមិនសប្បាយចិត្ត និងបានសំណូមពរដល់ក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុ មេត្តាពិនិត្យមើលករណីលោក ឈួន ហៃ នេះ ដែលមានការកែឆ្នាំកំណើត ពោលគឺពន្យាអាយុចូលនិវត្តន៍រយៈពេល៥ ឆ្នាំ ហើយករណីនេះ ក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច ក៏ដូចជាអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ហាក់ដូចជានៅសម្ងំស្ងៀមនៅឡើយ ឬមួយក៏មិនបានដឹងព័ត៌មាននេះ។
យោងតាមឯកសារនៅក្នុងតារាងបៀវត្សឆ្នាំ២០២១ លេខរៀង ១២៩៨ ឈ្មោះ ឈួន ហៃ ភេទ ប្រុស កើតនៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៦៣ ។ ចំណែកនៅក្នុងតារាងបៀវត្សឆ្នាំ២០២២ លេខរៀង១២៩៧ ឈ្មោះ ឈួន ហៃ ភេទ ប្រុស កើតនៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៦៨ ។ ដោយសារមានការកែឆ្នាំកំណើតនេះ គឺលោកឈួន ហៃ នៅបន្តការងារបាន ៥ឆ្នាំទៀត។
បើតាមថ្ងៃខែឆ្នាំកំណើតដែលប្រើប្រាស់ផ្លូវការនៅក្នុងតារាបៀវត្សបានបង្ហាញថា មកដល់ពេលនេះ លោក ឈួន ហៃ ត្រូវដល់អាយុចូលនិវត្តន៍ ប៉ុន្តែបែរជាអាចបន្តធ្វើជាប្រធានសាខាគយ និងរដ្ឋាករ ខេត្តកំពង់ស្ពឺ រយៈពេល៥ឆ្នាំបន្តទៀត។ ចំពោះមូលហេតុដែលលោក ឈួន ហៃ បន្តការងារបាន៥ឆ្នាំទៀត ដោយសារតែមានការប្រែប្រួលត្រង់ចំណុចថ្ងៃខែឆ្នាំកំណើត គឺពីឆ្នាំ១៩៦៣ មក ឆ្នាំ១៩៦៨។
ទាក់ទងនឹងការកែប្រែឆ្នាំកំណើត ដើម្បីពន្យាអាយុចូលនិវត្តន៍នេះ បានធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាក់មន្ត្រីបម្រើការនៅសាខាគយ និងរដ្ឋាករ ខេត្តកំពង់ស្ពឺ ។ ក្រុមមន្ត្រីទាំងនោះ បានសំណូមពរឲ្យក្រសួងស្ថាប័នពាក់ព័ន្ធ ពិនិត្យផ្ទៀងផ្ទាត់លើករណីលោក ឈួន ហៃ កែប្រែឆ្នាំកំណើតនេះ។
ករណីនេះលោក គុណ ញឹម អគ្គនាយកគយ និងរដ្ឋាករកម្ពុជា មិនទាន់អាចស្វែងរកការអត្ថាធិប្បាយបានទេ។ ក្នុងករណីនេះផងដែរគេហទំព័រយើងរងចាំការបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធរាល់ម៉ោងធ្វើការ៕