ភ្នំពេញ ៖ អ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរ បានរិះគន់ការប្រកួតប្រជែងកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ នាថ្ងៃវគ្គផ្តាច់ព្រ័ត្រចុងក្រោយកាលពីល្ងាចថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅពហុកីឡដា្ឋនស្តាតចាស់ ថាធ្វើដូចលេងៗបន្ទាប់ពីកីឡាករគូទី៩ និងគូទី១០ ត្រូវបានគេមើលឃើញថា ហាក់ប្រកួតមិនអស់សមត្ថភាព ជាងនេះទៅទៀតអាជ្ញាកណ្តាលបានបញ្ឈប់កីឡាករទាំងមិនទាន់មានបញ្ហាអ្វីទាល់តែសោះនោះ។
ការប្រកួតចុងក្រោយក្លឹបកីឡាប្រដាល់គុនខ្មែរក្រសួងការពារជាតិដណ្តើមបានចំណាត់ថ្នាក់លេខ១ ដោយដណ្តើមបានមេដាយមាសច្រើនជាងគេ នៅក្នុងចំណោមក្លឹបសរុបចំនួន១៤ ដែលចូលរួម ហើយមានមតិជាច្រើនបានលើកឡើងថា ការប្រកួតថ្នាក់ជាតិនេះធ្វើដូចក្មេងលេងបាយឡុកបាយឡ គួរឲ្យខ្មាសបរទេសដែលចូលទស្សនាផ្ទាល់ណាស់ ជាងនេះទៅទៀតក៍មានការផ្សាយផ្ទាល់តាមទួរទស្សន៍ប៉ុស្តិ៍លេខ៥ផងដែរ ដែលគេអាចមើលឃើញទូទាំងប្រទេស និងក្រៅប្រទេសផងនោះ។
ការប្រកួតដែលមានការរិះគន់ពីអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរនេះ ក្រសួងអប់រំ យុវជន និងកីឡា ដែលបានផ្តល់ នូវកញ្ចប់ថវិកាគាំទ្រប្រចាំឆ្នាំដល់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ រាប់លានតែបែរជានាថ្ងៃវគ្គផ្តាច់ព្រ័ត្រចុងក្រោយការប្រកួតហាក់ធ្វើដូចលេងៗបន្ទាប់ពីកីឡាករគូទី៩ និងគូទី១០ ត្រូវបានគេមើលឃើញថា ហាក់ប្រកួតមិនអស់សមត្ថភាព ជាងនេះទៅទៀតអាជ្ញាកណ្តាលបានបញ្ឈប់កីឡាករទាំងមិនទាន់មានបញ្ហាអ្វីទាល់តែសោះនោះ។
គួរបញ្ជាក់ថា នៅក្នុងការរប្រកួតប្រដាល់គុនខ្មែរ ដែលដំណើររយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃ១៤-១៨ ខែកុម្ភៈ ឆ្នាំ២០២២ កីឡាករ ក្រសួងការពារជាតិឈ្នះមេដាយសរុប១១គ្រឿង ក្នុងនោះមេដាយមាស៨ ប្រាក់៣ ខណៈខេត្តស្វាយរៀងឈរ លេខ២ មេដាយមាស ២ និងសំរឹទ្ធិ៤ និងក្រសួងមហាផ្ទៃ មេដាយមាស១ ប្រាក់១ និងសំរឹទ្ធិ២។ ក្រៅពីនេះក្លឹប១០ផ្សេងៗទៀត ក៏ទទួលបានមេដាយតិចតួចដែរ លើកលែងតែខេត្តកណ្តាលមួយប៉ុណ្ណោះ ដែល មិនឈ្នះមេដាយសោះ៕
ជុំវិញការចុះផ្សាយព័ត៌មានខាងលើនេះ អង្គភាពសារព័ត៌មានយើង រង់ចាំការបំភ្លឺរៀងរាល់ម៉ោងធ្វើការ។