បរទេស ៖ ការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Yonhap នៅថ្ងៃសុក្រ ទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ ថាបើយោងតាមមន្ត្រីជាន់ខ្ពស់របស់គណបក្សកាន់អំណាច លោកប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in ទំនងជាផ្តល់ការលើកលែងទោសដល់អតីតប្រធានាធិបតីលោកស្រី Park Geun-hye ដែលបច្ចុប្បន្នកំពុងជាប់ពន្ធនាគារ បន្ទាប់ពីត្រូវបានកាត់ទោសពីបទអំពើពុករលួយ។
លោកស្រី Park បានក្លាយជាមេដឹកនាំជាប់ឆ្នោតដោយប្រជាធិបតេយ្យដំបូងគេរបស់ប្រទេសកូរ៉េខាងត្បូងដែលត្រូវបានទម្លាក់ចេញពីតំណែងនៅឆ្នាំ២០១៧ នៅពេលតុលាការធម្មនុញ្ញបានរក្សាការបោះឆ្នោតរបស់សភាដើម្បីចោទប្រកាន់លោកស្រីជុំវិញរឿងអាស្រូវមួយឲ្យជាប់ពន្ធនាគាររួមទាំងប្រធានក្រុមហ៊ុនពីរនាក់ទៀតផងដែរ។
លោកស្រីត្រូវបានទម្លាក់ពីតំណែង បន្ទាប់ពីរកឃើញកំហុសពីបទសមគំនិតជាមួយអ្នកជំនិតម្នាក់ដើម្បីទទួលបានប្រាក់រាប់ពាន់លានដុល្លារពីក្រុមហ៊ុនធំៗឲ្យជួយគ្រួសាររបស់លោកស្រី និងផ្តល់ប្រាក់ដល់មូលនិធិមិនរកប្រាក់ចំណេញរបស់លោកស្រី។
ក្នុងខែមករា តុលាការកំពូលរបស់កូរ៉េខាងត្បូងបានរក្សាការសម្រេចចិត្តឲ្យជាប់ពន្ធធនាគារ២០ឆ្នាំសម្រាប់លោកស្រី Park លើការចោទប្រកាន់ពីបទអំពើពុករលួយដែលនាំឲ្យបញ្ឈប់តំណែងលោកស្រីតាមផ្លូវច្បាប់ និងជាលើកដំបូងដែលមានលទ្ធភាពលើកលែងទោស។
មន្ត្រីមិនបញ្ចេញឈ្មោះបានប្រាប់កាសែត Yonhap ថា ៖«ខ្ញុំយល់ថា អតីតប្រធានាធិបតី Park ត្រូវបានបញ្ចូលក្នុងបញ្ជីមនុស្សដែលនឹងត្រូវលើកលែងទោស»។
សមាជិកសភាគណបក្សប្រជាធិបតេយ្យកំពុងកាន់អំណាចធ្លាប់មានគំនិតលើកលែងទោសដល់លោកស្រី Park ម្តងហើយ និងអតីតប្រធានាធិបតីម្នាក់ទៀតគឺលោក Lee Myung-bak ក្នុងនាមឯកភាពជាតិ។ លោកស្រី Park អាយុ៦៩ឆ្នាំមានសុខភាពមិនល្អប្រសើរនៅក្នុងពន្ធធនាគារ រួមទាំងការវះកាត់ស្មាផងដែរ៕