ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ កាលពីព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះ លោកសុខ សម្បត្តិ ប្រធានគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ បានលើកឡើងថា បញ្ហាសន្ដិសុខសុវត្ថិភាពក្នុងមូលដ្ឋាន គឺជាបញ្ហាសំខាន់បំផុត ដែលអាជ្ញាធរ ត្រូវយកចិត្តទុកដាក់ជាងគេ ព្រោះបើក្នុងមូលដ្ឋានពុំធានាបាន សន្ដិសុខសុវត្ថិភាពពេញលេញទេ ការប្រកបអាជីវកម្ម របស់ប្រជាពលរដ្ឋ មិនអាចដំណើរការបាន ហើយការអភិវឌ្ឍន៍ក៏មិនអាច ទៅមុខរួចដែរ។
លោកអភិបាលខណ្ឌព្រែកព្នៅបានមានប្រសាសន៍បន្ថែមថា ពេលវេលានៃការបោះឆ្នោតឃុំ សង្កាត់បានឈានចូលជិតមកដល់ហើយ ដូចនេះយើងជាអាជ្ញាធរត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតលើ ការងាររការពារសន្ដិសុខសុវត្ថិភាពក្នុងមូលដ្ឋានធ្វើយ៉ាងណារក្សាឲ្យបាននូវសុខសុវត្ថិភាព ជូនជាប្រជាពលរដ្ឋទូទៅទាំងមូល។ ក្នុងនោះផងដែរលោកបានណែនាំដល់កងកម្លាំង កងរាជធាវុធហត្ថ ក៏ដូចជាអធិការដ្ឋាននគរបាលខណ្ឌ ពិសេសគណៈបញ្ជាឯកភាព សង្កាត់ទាំង៥ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារយាមល្បាត ក្នុងមូលដ្ឋាន។ ថ្វីត្បិតតែមូលដ្ឋានយើងមានបទល្មើសកើតមានតិច តែយើងជាអាជ្ញាធរត្រូវតែប្រុងប្រយ័ត្នខ្ពស់ជាប់ជាប្រចាំ មិនអាចធ្វេសប្រហែសបានឡើយ ត្រូវតែមានកម្លាំងត្រៀម ក្នុងករណីមានបទល្មើសកើតឡើង ត្រូវរិះរកវិធានការ ទប់ស្កាត់និងបង្ក្រាបឲ្យបានទាន់ពេលវេលា ដើម្បីធានាបាននូវភាពសុខសាន្ដជូនប្រជាពលរដ្ឋ។
លោកប្រធានគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ បានដាក់បញ្ជាដល់អភិបាលរងខណ្ឌ ត្រូវត្រួតពិនិត្យវេនប្រចាំបញ្ជា មន្ត្រីសាលាខណ្ឌដែលបានបែងចែកហើយ ត្រូវមានវត្តមានមិនត្រូវអវត្តមានញឹកញ៉ាប់ពេកនោះទេ។ ត្រូវពង្រឹងការឆែកឆេអាវុធជាតិផ្ទុះ តាមវេននិង កម្លាំងដែលបានបែងចែកស្រាប់ ទៅតាមគោលដៅពិសេសនៅតំបន់ដែលស្មុគស្មាញ ដែលជនល្មើសអាចធ្វើការឆ្លងកាត់។
ជាចុងក្រោយលោកសុខ សម្បត្តិ បានផ្តាំផ្ញើរដល់សង្កាត់ទាំង៥ ធ្វើយ៉ាងណាត្រូវអនុវត្តឲ្យបានជោគជ័យនូវ គោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាព ត្រូវទទួលយកសូមណូមពររបស់ប្រជាពលរដ្ឋ ដែលមានបញ្ហាមកដោះស្រាយជូនពួកគាត់ឲ្យបានទាន់ពេលវេលា ហើយបើមានបញ្ហាសង្កាត់ដោះស្រាយមិនបានទេ ត្រូវរុញមកខណ្ឌហើយបើខណ្ឌដោះស្រាយមិនបានទៀត និងបញ្ជូនទៅក្រុងជាបន្តបន្ទាប់ទៀត សូមកុំមានបញ្ហាហើយដោះស្រាយមិនបានទុកចោលឲ្យសោះ៕