ដីឡើងថ្លៃសូម្បីតែត្រពាំងបុរាណ ដែលជាអតីតទីក្រុងរណបអង្គរតាំងពីបុរាណ ក៏ត្រូវជនមិនស្គាល់មុខទៅរំលោភយកដីធ្វើជាកម្មសិទ្ធិដែរ

0
591

សៀមរាប ៖ ត្រពាំងបុរាណមួយឈ្មោះ ហែផ្កា ជាបុរាណដ្ឋាននឹង ជាអតីតទីក្រុងរណបអង្គរតាំងពីបុរាណមក ហើយត្រពាំងនេះ ត្រូវបានគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ត្រូវបានជនល្មើសលួចដាំបង្គោលរបងប៉ុនប៉ងរំលោភយក ស្របពេលអាជ្ញាធរសង្កាត់ជ្រាវ កំពុងពន្លឿនការកែប្រែត្រពាំងនេះឲ្យក្លាយជារមណីយដ្ឋានទេសចរណ៍ នេះបើយោងតាម ការបញ្ជាក់ពីលោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ។

លោកចៅសង្កាត់បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថាកាលពីយប់ថ្ងៃទី១៩ ចូលទី២០ធ្នូ ឆ្នាំ២០២១ មានជនមិនស្គាល់មុខ បានលបលួចដឹកបង្គោលថ្ម ទៅដាំក្នុងបរិវេណ ត្រពាំងបុរាណឈ្មោះ ហែផ្កា បំណងរំលោភយកដីធ្វើជាកម្មសិទ្ធិ។ត្រពាំងហែផ្កា ស្ថិតនៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវក្រុង សៀមរាប មានផ្ទៃដីប្រមាណជា៦ហិកតា និងមានមាត់ត្រពាំងទទឹង៥០ម៉ែត្រព័ទ្ធជុំវិញ។

លោកបន្តថាបន្ទាប់ពីមានសេចក្តីរាយការណ៍នេះ លោកបានសុំគោលការណ៍ពីរដ្ឋបាលក្រុងសៀមរាប និងអាជ្ញាធរជាតិអប្សរា ដើម្បីធ្វើការដកបង្គោលនេះយកមករក្សាទុក នឹងស្វែងរកជនល្មើស។

លោកចៅសង្កាត់ជ្រាវ បានឲ្យដឹងនៅក្នុងពេលលោកដឹកនាំកម្លាំងចម្រុះ ចុះទៅដកបង្គោលរបងនេះ នាព្រឹកថ្ងៃទី២០ ខែធ្នូនេះថា ត្រពាំងបុរាណ ឈ្មោះ ហែផ្កា នេះជាបុរាណដ្ឋានមួយ ជាអតីតទីក្រុងរណបអង្គរតាំងពីបុរាណមក ហើយត្រពាំងនេះ ត្រូវបានគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។ លោកបន្តថា តាំងពីដើមរៀងមក អាជ្ញាធរសង្កាត់មិនដែលបានបែងចែកដីត្រពាំងហែផ្កានេះ ឲ្យប្រជាពលរដ្ឋយកធ្វើជាកម្មសិទ្ធិនោះទេ គឺគ្រាន់តែឲ្យពួកគាត់អាស្រ័យផលប៉ុណ្ណោះ។

លោក ក្អោប រ៉ន អះអាងថា ត្រពាំងនេះជាត្រពាំងដូនតា ដូច្នេះទើបលោកមានបំណងចង់រក្សាវាទុក និងកែប្រែជារមណីយដ្ឋានទេសចរណ៍ ដែលអាចឲ្យប្រជាពលរដ្ឋស្វែងរកកម្រៃបានពីតំបន់នេះ។ ដូច្នេះលោកត្រូវតែការពារ។

បើតាមលោក ក្អោប រ៉ន ត្រពាំងបុរាណនេះនឹងត្រូវជីកស្តារជម្រៅបីម៉ែត្រ និងចាក់បំពេញមាត់ត្រពាំង ដើម្បីរៀបចំជារមណីដ្ឋានទេសចរណ៍ ដែលកិច្ចការនេះអាជ្ញាធរគ្រោងនឹងបញ្ចប់នៅចុងរដូវប្រាំងឆ្នាំ២០២២ខាងមុខនេះ៕

Facebook Comments
Loading...