លោក ហ៊ុន ម៉ានី សូមលំឱនកាយថ្វាយបង្គំចំពោះព្រះបរមវិញ្ញាណក្ខន្ធ ព្រះករុណា សម្តេចព្រះនរោត្តមសីហនុ “ព្រះបរមរតនកោដ្ឋ”

0
824

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជនកីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុក ផ្ទាល់ខ្លួន នាព្រឹកថ្ងៃសុក្រទី១៥ ខែតុលា ឆ្នាំ២០២១នេះ ដែលជាខួបឆ្នាំទី៩ របស់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានយាងចូលព្រះទិវង្គត ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត មហាទុក្ខសោក នៃប្រជាជាតិកម្ពុជាមិនអាចបំភ្លេចបាន។

នៅក្នុងសំណេរហ្វេសប៊ុករបស់លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា ទូលព្រះបង្គំសូមលំឱនកាយថ្វាយបង្គំចំពោះព្រះបរមវិញ្ញាណក្ខន្ធ ព្រះករុណាសម្តេចព្រះនរោត្តម សី​ហ​នុ “ព្រះបរមរតនកោដ្ឋ”សម្តេចឪ សម្តេចតា សម្តេចតាទួត សម្តេចតាលួតនៃប្រជារាស្រ្តខ្មែរនាឱកាសខួបទី៩ ព្រះវស្សានៃការយាងចូលព្រះទីវង្គត់របស់អង្គព្រះមហាវីរក្សត្រ។

យើងខ្ញុំជាកូនចៅ ចៅទួតនៅចងចាំមិនភ្លេច ព្រះរាជបូជនីយកិច្ចដ៏ថ្លៃថ្លាក្នុងការទាមទារឯករាជ្យជូនជាតិមាតុភូមិ និងព្រះរាជកិច្ចដឹកនាំរបស់សម្តេចឪ សម្តេចតា សម្តេចតាទួត ក្នុងពេលព្រះអង្គគង់ព្រះជន្មាយុ។ ជាពិសេស ក្នុងដំណាក់កាលចុងក្រោយនៃប្រវត្តិសាស្រ្តកម្ពុជា ព្រះអង្គបានបំពេញតួនាទីដ៏សំខាន់ក្នុងដំណើរការផ្សះផ្សារ បង្រួបបង្រួមជាតិ ក្រោមជំនួបប្រវត្តិសាស្រ្ត សីហនុ-ហ៊ុន សែន នៅ Fère-en-Tardenois ដែលបាននាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី និងបានបើកផ្លូវទៅដល់ការស្វែងរកសុខសន្តិភាពពេញបរិបូណ៌ជូនប្រទេសជាតិ ក្រោមនយោបាយ ឈ្នះ ឈ្នះ។

សូមព្រះបារមីនៃព្រះបរមវិញ្ញាណក្ខន្ធ សម្តេចឪ សម្តេចតា សម្តេចតាទួត សម្តេចតាលួត យាងបីបាច់ថែរក្សា ការពារទឹកដីព្រះរាជាណាចក្រកម្ពុជា ប្រជានុរាស្រ្តគ្រប់រូបទទួលបាននូវសុខសន្តិភាព សុភមង្គល វិបុលសុខ ជារៀងដរាបតទៅ៕

Facebook Comments
Loading...