សមត្ថកិច្ចបញ្ជាក់ថា គ្រោងឆ្អឹកមនុស្សប្រុសស្រី២នាក់នៅខណ្ឌកំបូល មានម្នាក់ត្រូវគ្រាប់កាំភ្លើងចំក្បាល និងមានស្នាមវាយបែកប្រេះលលាដ៏ក្បាល

0
604

ភ្នំពេញ៖ យោងតាមនគរបាលខណ្ឌកំបូលបានឱ្យដឹងថា គ្រោងឆ្អឹងសាកសពបុរសម្នាក់ និងស្ត្រីម្នាក់ ដែលរកឃើញកប់ក្នុងរណ្ដៅ ២ផ្សេងគ្នា ស្ថិតនៅក្នុងព្រៃឫស្សី ក្នុងភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌកំបូល ក្រោយអ្នកភូមិដើរជីកទំពាំងប្រទះឃើញ លលាដ៏ក្បាល កាលពីល្ងាចថ្ងៃ២៧ ខែសីហា ឆ្នាំ២០២១។ ក្នុងករណីនេះ ត្រូវបាននគរបាល ការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងគ្រូពេទ្យជំនាញធ្វើកោសល្យវិច័យរួចរាល់ហើយ ដោយលទ្ធផលបានរកឃើញថា ជនរងគ្រោះទាំង ២នាក់បានស្លាប់ អស់រយៈពេលប្រមាណ៥ ទៅ៦ខែ កន្លងមកហើយ។

ចំណែកមូលហេតុនៃការស្លាប់ ដោយសារតែអំពើឃាតកម្ម ក្នុងនោះ ជនរងគ្រោះជាបុរស ត្រូវគ្រាប់កាំភ្លើងចំក្បាល និងមានស្នាមវាយបែកប្រេះលលាដ៏ក្បាលផងដែរ ដោយត្រូវ ឃាតកបាញ់ និងវាយសម្លាប់។ រីឯជនរងគ្រោះជាស្ត្រីត្រូវឃាតកវាយក្បាលសម្លាប់ ព្រោះមានស្នាមប្រេះលលាដ៏ក្បាល។ ក្រោយឃាតកសម្លាប់រួច បានយកសពទាំង២ ទៅកាន់ចំណុចខាងលើ រួចជីករណ្ដៅកប់ចម្ងាយប្រមាណ ៨ម៉ែត្រពីគ្នា ហើយរណ្ដៅជីក រាក់ៗ ត្រឹមតែកប់សពជិតប៉ុណ្ណោះមិនជ្រៅនោះទេ។ ប៉ុន្តែដោយសារតែពេលកប់រួចថ្មីៗមិនមានអ្នកឆ្លងកាត់ប្រទះឃើញ ទើបត្រូវបានស្មៅដុះពីលើជិតពីលើរណ្ដៅ។ ប្រសិនបើមិនមានអ្នកប្រទះឃើញលលាដ៏ក្បាលទេ ប្រហែលជាមិនអាចដឹងថា មានសាកសពកប់នៅទីនោះឡើយ។

ម្យ៉ាងទៀត លលាដ៏ក្បាលដែលអ្នកជីកទំពាំងប្រទះឃើញនោះ សង្ស័យឆ្កែកាយពាំចេញពីរណ្ដៅតាំងពីពេលដែលសពហើមរលួយម្ល៉េះ។ ក្រោយពីគាស់ចេញមក សាកសពមានសភាពរលេះរលួយអស់ហើយ នៅសល់តែគ្រោងឆ្អឹងប៉ុណ្ណោះ និងស្ទើរតែលែងធុំក្លិនស្អុយទៅហើយ។ រហូតមកដល់ពេលនេះមិនទាន់ស្គាល់អត្តសញ្ញាណ និងទីលំនៅសាកសពរបស់ជនរងគ្រោះទាំង២នៅឡើយទេ ហើយក៏ពុំដឹងថា ជនរងគ្រោះទាំង២នាក់ ជាប្ដីប្រពន្ធនឹងគ្នា ឬក៏ជាមិត្តភក្ដិនឹងគ្នានោះដែរ តែនេះជាអំពើឃាតកម្ម។

ទោះយ៉ាងនេះក៏ដោយ ក្រោយពីការធ្វើកោសល្យវិច័យរួចរាល់ នគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងគ្រូពេទ្យជំនាញបាននាំយកគ្រោងឆ្អឹងសពជនរងគ្រោះទាំង២នាក់ រួមទាំងសម្លៀកបំពាក់ទៅរក្សាទុកធ្វើការតាមជំនាញបន្តទៀត។ ដោយឡែកកម្លាំងនគរបាលខណ្ឌកំបូលក៏បាននិងកំពុងធ្វើការស្រាវជ្រាវជុំវិញករណីនេះបន្ត៕

Facebook Comments
Loading...