ភ្នំពេញ ៖ ស្ត្រីជាអាជីវកលក់សាច់មាន់ម្នាក់ ដោតសាកថ្មីទូរស័ព្ទបណ្តើរចុចលេងបណ្តើរដោយសារខ្សែភ្លើងដាច់រលាត់ប៉ះជាមួយបង្គោលដែករោងតូបក៏ឆក់បណ្តាលឱ្យធ្លាក់ពីលើតូបមកដីរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ តែជាអកុសលជនរងគ្រោះបានស្លា..ប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ដែលហេតុការណ៍ នេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ នៅចំណុចមុខផ្សារព្រៃទា ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះម៉ាន់ ធីដា ភេទស្រីអាយុ៤០ឆ្នាំ មុខរបរលក់សាច់មាន់ ស្នាក់នៅជិតកន្លែងកើតហេតុ មានស្រុកកំណើតនៅសង្កាត់ដង្កោ ខណ្ឌដង្កោ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតជនរងគ្រោះអង្គុយលក់ដូចសព្វមួយដងនៅទីតាំងកន្លែងកើតហេតុលុះមកដល់វេលាកើតហេតុជនរងគ្រោះបានទាញព្រីដាក់ក្បែរខ្លួនដើម្បីសាកទូរស័ព្ទបណ្តើរចុចលេងបណ្តើរ តែដោយសារខ្សែភ្លើងដាច់រលាត់ក៏ប៉ះជាមួយបង្គោលរោងដែក ទើបឆក់ធ្លាក់ពីលើតូបរងរបួសធ្ងន់។ ភ្លាមនោះប្រជាពលរដ្ឋដែលនៅក្បែរបានជួយសង្គ្រោះបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗដែរ តែជាអកុសលជនរងគ្រោះបានស្លា..ប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យទើបដឹកសពមកទីតាំងកន្លែងកើតហេតុវិញនិងរាយការណ៍ទៅសមត្ថកិច្ចពិនិត្យជាក់ស្តែងរួចប្រគល់ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕