ផ្ទះស្តុបគ្រឿងអគ្គិសនីមួយកន្លែងឆ្លងចរន្តអគ្គិសនីឆេះផ្អើលសមត្ថកិច្ចចុះអន្តរាគមន៍ទាំងព្រឹក

0
612

ភ្នំពេញ ៖ ផ្ទះស្តុបគ្រឿងអគ្គីសនីមួយកន្លែងត្រូវអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ដែលមានទីតាំង នៅតាមបណ្ដោយផ្លូវ៤០៤ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចេញរថយន្តពន្លត់អគ្គីភ័យមកអន្តរាគមន៍ កាលពីវេលាម៉ោង ៦និង ៤០នាទីព្រឹក ថ្ងៃទី១៩ សីហា ឆ្នាំ២០២១។

បើតាមប្រភពព័ត៌មានពីកន្លែង កើតហេតុបានឲ្យដឹងថា ទីតាំងផ្ទះល្វែងកើតហេតុខាងលើជាកន្លែងស្តុបគ្រឿងអគ្គីសនីនៅជាន់ទី២ នៅពេលកើតហេតុ ស្រាប់តែឃើញមានហ៊ុយផ្សែងខ្មៅចេញពីជាន់ទី២ លាយជាមួយនិងអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ ទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋស្រែក ឆោឡោឡើង ទើបនាំគ្នាជួយ យកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ អស់ជាច្រើនបំពង់ តែមិនអាចគ្រប់គ្រងអណ្ដាតភ្លើងបានឡើយ ទើបរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានមានសមត្ថកិច្ចដើម្បីសុំជំនួយរថយន្ដពន្លត់អគ្គីភ័យចេញអន្តរាគមន៍ផងតែម្ដង។

ជាមួយគ្នានោះ មន្រ្តីជំនាញការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ក្នុងហេតុការណ៍នេះដែរ គឺកម្លាំងអន្តរាគមន៍មានពិបាកបន្តិចក្នុងការជួយបាញ់ពន្លត់ដោយសារតែក្នុងផ្ទះបានស្តុបគ្រឿងអគ្គីសនីច្រើនពេក។

ក្នុងហេតុការណ៍នេះមានបុរសម្នាក់បានរលាកខ្លួនបន្តិចបន្ទួចក្នុងការចូលទៅយកសម្ភារ:  ដោយមិនមានមនុស្សណាម្នាក់គ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ ហើយក៍មិនរាលដាលដល់ផ្ទះរបស់ប្រជាពលរដ្ឋជិតខាងនោះដែរ។ ចំពោះមូលហេតុ នៃការឆាប់ឆេះផ្ទះស្តុបគ្រឿងអគ្គីសនីខាងលើនេះ សមត្ថកិច្ចសន្និដ្ឋានថាបណ្ដាលមកពីឆ្លងចរន្តអគ្គីសនី៕

Facebook Comments
Loading...