ព្រះសីហនុ ៖ ព័ត៌មានបឋម មនុស្សចំនួន៣នាក់រួមនឹងរថយន្ត១គ្រឿង ត្រូវសមត្ថកិច្ចដេញតាមស្ទាក់និងចាប់ឃាត់ខ្លួនបានភ្លាមៗនៅចំណុចស្ពានអូរ១ ក្នុងភូមិសាស្ត្រសង្កាត់លេខ៤ មានចម្ងាយប្រមាណជិត១០០០ម៉ែត្រពីកន្លែងកើតហេតុ បន្ទាប់ពីពួកគេផ្ទុះអាវុធចំនួន៥គ្រាប់ហើយបើករត់គេចខ្លួន។ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះ បានកើតមានឡើងនៅម៉ោងប្រមាណ៧យប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅចំណុចមុខផ្សារលើ ស្ថិតនៅសង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។ ភ្លាមៗនេះ គេមិនទាន់ដឹងថា ករណីផ្ទុះអាវុធនេះ បង្កឡើងដោយសារមូលហេតុអ្វីនោះទេ។ សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះមិនដឹងថាមានមនុស្សរងរបួសឬក៏អត់នោះទេ។
ក្រោយបង្កហេតុមនុស្សចំនួន៣នាក់ត្រូវឃាត់ខ្លួន ក្នុងចំណោមនោះមានបុរសជនជាតិខ្មែរម្នាក់ជាខ្មាន់កាំភ្លើង និងជនជាតិចិនចំនួន២។ សមត្ថកិច្ចបានឲ្យដឹងថា ពេលនេះជនទាំង៣នាក់រួមនឹងរថយន្ត១គ្រឿង សមត្ថកិច្ចបានបញ្ជូនទៅស្នងការដ្ឋានខេត្តព្រះសីហនុដើម្បីធ្វើការសាកសួរបន្ត៕