ភ្នំពេញ ៖ សារចែករំលែកចូលរួមមរណទុក្ខអ្នកសិល្បៈដែលជិតដិតនឹងក្រុមគ្រួសារលោក ហួរ ឡាវី និងកញ្ញា វី ឌីណែត ត្រូវបានធ្វើឡើង ក្រោយពីគេទទួលបានដំណឹងថាម្តាយបង្កើតរបស់នាងទទួលមរណភាពនៅម៉ោងប្រមាណ១២ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះបន្ទាប់ពីម្តាយនាងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់កាលពីប៉ុន្មានថ្ងៃមុនេះ។ ដំណឹងដ៏ក្រៀមក្រំនេះបានធ្វើឲ្យរំជួលចិត្តជាខ្លាំងដល់មហាជនដែលបានដឹងនិងបានថ្លែងសារសោកស្តាយ និងចូលរួមរំលែកទុក្ខក្នុងការបាត់បង់ភរិយា និងម្តាយជាទីស្រលាញ់នេះ។
គេចាំបានដែរថា ស្ថានភាពជំងឺធ្ងន់ធ្ងររបស់ម្តាយបង្កើតតារាចម្រៀង វី ឌីណែត គឺកើតមានឡើងក្រោយពីលេចសារជូនពររបស់ក្រុមសិល្បករ និងអ្នកគាំទ្រ ពិសេសការទម្លាយអំពីអារម្ភលំបាកចិត្តរបស់តារាចម្រៀងវីឌី ណែត ដែលកំពុងប្រឈមខណៈម្តាយឈឺធ្ងន់ ហើយប្អូនស្រីពៅក៏ត្រូវបានរកឃើញវិជ្ជមានជំងឺនេះកាលពីថ្ងៃទី១៧ ខែមីនាកន្លងទៅ។
គេចាំបានដែរថា វី ឌីណែត ដែលបាននិងកំពុងសម្រាកព្យាបាលជំងឺនៅ មន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីត-១៩ កម្រិតស្រាល ឬសណ្ឋាគារ The Great Duke អតីតអាំងទែរកុងទីណង់តាល់បន្ទាប់ពីត្រូវបានរកឃើញថានាងមានវិជ្ជមានជំងឺកូវីដ១៩កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ខណៈដែលម្តាយនាងក៏ត្រូវបានរកឃើញវិជ្ជមានជំងឺនេះនៅថ្ងៃបន្ទាប់។ ប្អូនស្រីពៅរបស់នាងក៏ត្រូវបានរកឃើញវិជ្ជមានជំងឺដ៏កាចសាហាវមួយនេះកាលពីថ្ងៃទី១៧ ខែមីនាកន្លងទៅផងដែរ ហើយពួកគេបានសម្រាកព្យាបាលជំងឺនៅទីតាំងផ្សេងៗពីគ្នា៕