កំពង់ស្ពឺ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកសហការជាមួយកម្លាំងនគរបាលខេត្តស្រាវជ្រាវឃាត់ខ្លួនបានហើយ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ នៅចំណុចតាមផ្លូវប្រឡាយច្បារមន ស្ថិតនៅភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បន្ទាប់ពីជនសង្ស័យរូបនេះ បានធ្វើសកម្មភាពរំលោភសម្លាប់ទៅលើស្រ្តីចំណាស់ម្នាក់ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង២០ នឹង៣០នាទី នៅចំណុចខ្នងប្រឡាយភូមិវល្លិប្រេង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
មន្ត្រីនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថាមានប្រជាពលរដ្ឋម្នាក់ឈ្មោះ យឹម សាវ៉ាង ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិអណ្ដូងស្លា ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានប្រទះឃើញសពឈ្មោះ ចាន់ ធី ហៅពៅ ភេទស្រី អាយុ៦១ឆ្នាំ រស់នៅភូមិត្រពាំងជ្រៅ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដេកស្លាប់ និងបានរាយការណ៍មកសមត្ថកិច្ច។
មន្ត្រីដដែលបន្តថា ក្រោយពេលទទួលព័ត៌មានកម្លាំងបច្ចេកទេសស្រុក សហការ ជាមួយកម្លាំងការិយាល័យនគរបាលបច្ចេកទេសនិងវិទ្យាសាស្រ្តខេត្ត និងពេទ្យកោសល្យវិច័្ចយខេត្ត បានពិនិត្យទៅលើសាកសព សន្និដ្ឋានថាជាករណីឃាតកម្ម។
មន្ត្រីនគរបាលដដែលបញ្ជាក់ថា រហូតមកដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៦ នឹង០០នាទី កម្លាំងព្រហ្មទណ្ឌស្រុក សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ប៉ិច ថន ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិក្រាំងពោធិ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅចំណុចតាមផ្លូវប្រឡាយច្បារមន ស្ថិតនៅភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានសម្លាប់ទៅលើជនរងគ្រោះពិតប្រាកដមែន ដោយមូលហេតុជនសង្ស័យចាប់រំលោភសេពសន្ថវៈទៅលើជនរងគ្រោះ។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋានដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕